ដោយៈ អធិបតី
ភ្នំពេញៈ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទើបឡើងកាន់ តំណែងថ្មីបានបញ្ចេញថ្វីដៃដ៏ប្រពៃមួយហ៊ានកាត់សាច់ស្អុយចេញគឺ បានដកហូតមុខតំណែងចំពោះ វរសេនី យ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាននគរបាល ខែត្រកំពត «ឱ្យមកជាមន្ត្រី» វិញកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ នេះយោងតាមលិខិតលេខ៤៦៧៦ ប្រក ប្រកាសស្ដីពីការអនុវត្តវិន័យ មន្ត្រីនគរបាលជាតិ នៃប្រការ១ របស់ក្រសួងមហាផ្ទៃ។
បន្ទាប់ពី អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានសម្រេចដកហូតតួនាទី លោកអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្ដិ៍នគរបាលសំព្រោជ អធិការដ្ឋាននគរ បាល ស្រុកស្ទោង ខែត្រកំពង់ធំ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ មកពីអ្នកលេងបណ្ដេញសង្គមហ្វេស ប៊ុកជាច្រើន បាននាំគ្នាធ្វើការរិះគន់ និងទាមទារឱ្យដកហូតមុខតំណែងលោក ហេង ហាប់ នេះដែរពីព្រោះ គាត់ជាប់ចោទថា បានលួចអាយផេត របស់អ្នកដទៃនាពេលកន្លងមក។
កាលពីមួយខែមុន ក្រសួងមហាផ្ទៃ បានចេញ ប្រកាសស្ដីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ លេខ ៤១៦៤ ប្រក កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ក្រឡាហោម ស ខេង បានសម្រេច នៅក្នុងប្រការមួយថា « ត្រូវបានតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ អត្ដលេខ ៧៦២៩៥ ជាស្នងការរង នៃស្នងការដ្ឋាននគរបាល ខែត្រកំពត»។
នៅពេលថ្មីនេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចមួយទៀត លេខ៤៦៧៩ សសរ ស្ដីពីការបង្កើត គណៈ កម្មការសិក្សា និងកំណត់ចំនួន ស្នងការរងនគរបាលរាជធានី ខែត្រ ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ និង ចំនួន នាយរងប៉ុស្ដិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ព្រំដែនអន្តរជាតិ ចំណុះ អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច នៅក្នុងប្រការមួយ ដែលមានសមាសភាពថ្នាក់ដឹកនាំចំនួន១៦នាក់ដែលមាន ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិត១៥នាក់ទៀត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋទូទៅ ក៍ដូចជា អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាសំដែងការអបអរសាទរ ចំពោះចំណាត់ការថ្មីៗទាន់ហេតុការណ៍ ដែលជាស្នាដៃ នៃថ្នាក់ដឹកនាំបន្តវេនពោរពេញទៅដោយសមត្ថភាព កំពុងដើរលើវិថីដ៏ត្រឹមត្រូវ។ ការអនុវត្តន៍ច្បាប់ដោយគ្មានការយោគយល់នេះ ធ្វើឱ្យបុគ្គលមួយចំនួនតូចដែល បានពួនជ្រកក្រោមស្លាកក្រសួងស្ថាប័នរដ្ឋមួយចំនួនគឺមិនពេញចិត្តនោះទេ។ ក៍ប៉ុន្តែសំឡេងភាគច្រើនរបស់ ប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រយ៉ាងពេញទំហឹង៕