អ្នកនាំពាក្យសាលាខែត្រព្រះសីហនុ ឆ្លើយតបនឹង បាយ៉ង់ថែមស៍ អំពីអ្នកបំពាននឹងសេចក្ដីជូនដំណឹងរបស់សាលាខែត្រព្រះសីហនុ

    0
    393

    ដោយ តិល សាមុត

    ខែត្រព្រះសីហនុ៖ អ្នកនាំពាក្យរបស់សាលាខែត្រព្រះសីហនុ លោក ឃាង ភីរម្យ បានអោយអង្គភាពសារពត៌មាន បាយ៉ង់ថែមស៍ www.bayongtimes.com ដឹងថា នៅព្រឹកថ្ងៃទី០២ កក្កដា ២០២០ សាលាខែត្រព្រះសីហនុ នឹងកោះប្រជុំជាបន្ទាន់ ទាក់ទងនឹងរឿងលោកស្រី ឡឹក លក្ខិណា ជាមួយនឹងស្វាមី លោក គិត ប៊ុន ដែលមិនគោរពតាមសេចក្ដីជូនដំណឹងរបស់សាលាខែត្រព្រះសីហនុ តម្រូវអោយរុះរើសំណង់ចេញ ពីទីតាំងដែលពួកគាត់បានសាងសង់នៅលើដីខុសច្បាប់ តាំងពីខែកុម្ភៈ ២០២០ តែរហូតមកដល់ថ្ងៃទី០១ កក្កដា ២០២០ ដែលសំណង់ខុសច្បាស់នោះ នៅតែឈរដដែល ថែមទាំងធ្វើរបងបិទផ្លូវសាធារណៈទៀតផង ។

     

    ទាក់ទងនឹងរឿងដ៏សែនចម្លែកខាងលើ លោកស្រី ឡឹក លក្ខិណា និង ស្វាមី លោក គិត ប៊ុន បានយកប័ណ្ណកម្មសិទ្ធិ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននីរាករណ៍ចោលតាំងពីឆ្នាំ១៩៩៧ មកអះអាងថាខ្លួនមានដីនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ ដោយមកបំពានលើដី ដែលរដ្ឋបាលខែត្រព្រះសីហនុ បានបែងចែកជូនប្រជាពលរដ្ឋក្រក្រី ព្រមទាំងសង់ជាសំណង់ ទាំងព្រហើន នឹងច្បាប់ ជាពិសេសហ៊ានបិទផ្លូវសាធារណៈ ដែលរដ្ឋបាលខែត្រព្រះសីហនុ បានគូសវាសបែងចែកស្រាប់ ទៀតផង ។ នេះជាទង្វើធ្វើអោយ រដ្ឋបាលខែត្រព្រះសីហនុឈឺក្បាល និងអាចជាគំរូដ៏អាក្រក់ចំពោះអ្នក ដែលធ្លាប់មានដីនៅតំបន់នោះ យកគំរូតាមយ៉ាងអនាធិបតេយ្យ ។

     

    សូមរង់ចាំមើល ថាតើសាលាខែត្រព្រះសីហនុ នឹងមានចំណាត់ការយ៉ាងណាចំពោះលោកស្រី ឡឹក លក្ខិណា ជាមួយនឹងស្វាមី លោក គិត ប៊ុន តាមផ្លូវច្បាប់ ឬតាមវិធានការរដ្ឋបាលរបស់សាលាខែត្រព្រះសីហនុ នៅថ្ងៃទី០២ កក្កដា ២០២០ ៕