អាជ្ញាធរស្រុកគិរីវង់បិទខ្ទប់ផ្សារទន្លាប់ ផ្សារកសិផលភូមិ១ផលិតផល១ និងភូមិចំនួនបួនទៀតដោយសារកូវីដ១៩វាយលុកខ្លាំង

0
1462

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ ដោយសារស្ថានភាពការរីករាលដាល ជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងខ្លាំងប៉ុន្មានថ្ងៃជាប់ៗគ្នា ដែលជាក្តីព្រួយបារម្ភដ៏ធំធេងអាជ្ញាធរ ស្រុកគិរីវង់ ក៍បានសម្រេចបិទផ្នែកខ្លះ ភូមិអណ្តូងកៀន ឃុំភ្នំដិន និង ផ្នែកខ្លះ ភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ គឺធ្វើឲ្យអ្នក ជំងឺកូវីដ១៩ មានការថយចុះបន្ដិច ប៉ុន្តែក៍បានកើនឡើងវិញ នៅទីតាំងផ្សេងៗទៀត។

កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ គណៈកម្មការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ១៩ ស្រុកគិរីវង់ បានកោះប្រជុំបន្ទាន់មួយ និងសម្រេចស្នើសុំទៅលោក អ៊ូច ភា អភិបាល ខេត្តតាកែវ ដើម្បីបិទខ្ទប់ភូមិមួយចំនួន និងផ្សារចំនួនពីរមានដូចជា ទីមួយ​បិទខ្ទប់ ផ្សារទន្លាប់។ ទីពីរបិទខ្ទប់ ផ្សារកសិផល ភូមិ១ផលិតផល១ នៅខាង ត្បូងផ្សារទន្លាប់សព្វថ្ងៃ។ ទីបីបិទខ្ទប់ផ្នែកខ្លះនៃ ភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ និងទីបួនបិទខ្ទប់ ភូមិផ្សារ ឃុំភ្នំ ដិន ស្រុកគិរីវង់។

យោងតាមរបាយការណ៍ អធិការដ្ឋាននគរបាល ស្រុកគិរីវង់ ខេត្តតាកែវ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យ ដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកមេរោគកូវីដ១៩ កាលពីថ្ងៃទី៧ ខែកក្កដា បានរកឃើញ «អ្នកវិជ្ជ មានកូវីដ១៩» ចំនួន៣០នាក់ ក្នុងនោះស្រី១៥នាក់បន្ថែមទៀត។ អ្នកឆ្លងនៅក្នុង ភូមិផ្សារ ឃុំភ្នំដិន មានចំនួន ៥នាក់។ នៅក្នុង ភូមិអណ្ដូងកៀន ឃុំភ្នំដិន មានចំនួន៦នាក់។ នៅក្នុង ភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ មានចំ នួន១១នាក់។ នៅក្នុង ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ មានចំនួន៧នាក់ និង ភូមិឈើទាលភ្លោះ ឃុំព្រៃអំពក មាន អ្នកឆ្លងម្នាក់។ អ្នកឆ្លងទាំងអស់មានអាយុចាប់ពី៥ឆ្នាំ ទៅដល់អាយុ៧៨ឆ្នាំ។

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ តាមប្រភពក្រៅផ្លូវការបានឱ្យដឹងថា មន្ត្រីប៉ូលិស គយ និងប្រជាពលរដ្ឋ រស់នៅ ប៉ុស្តិ៍ព្រំដែនអន្តរជាតិភ្នំដិន ក៍មានអ្នកឆ្លងយ៉ាងតិចចំនួន៩នាក់ដែរ។ នៅថ្ងៃនេះដែរចំនួនអ្នកឆ្លង កូវីដ ១៩ សរុបទូទាំង ខែត្រតាកែវ មាន៧២នាក់។

ទីប្រជុំជន ផ្សារទន្លាប់ ឃុំព្រះបាទជាន់ជុំ គឺស្ថិតនៅជាប់ព្រំដែនវៀតណាម។ អ្នកជំងឺកូវីដ១៩ ស្រុកគិរីវង់ បាន កើនឡើងច្រើនជិត៣០០នាក់ដែលកំពុងតែសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុក។ ករណីនេះបានផ្ទុះ ឆ្លងរីករាលដាលជិតមួយសប្ដាហ៍មកហើយ។

គួរបញ្ជាក់ថា ខេត្តតាកែវ មួយរយៈកន្លងមកគឺពុំបានបង្ហាញអំពីចំនួនអ្នកឆ្លង ជំងឺកូវីដ១៩ នោះទេ។ ស្រុកគិរីវង់ មានចំណាត់ថ្នាក់អ្នកឆ្លង ជំងឺកូវីដ១៩ ច្រើនមិនចាញ់ ស្រុកបាទី ស្រុកព្រៃកប្បាស នោះឡើយ។ ក្រៅពីនោះក៍ មាន រាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ក៍ពុំបានបង្ហាញលទ្ធនៃការឆ្លងយ៉ាងដូច្នោះដែរ៕