តាកែវៈ អាជីវករប្រមាណជាង១០០០នាក់ដែលលក់ដូរនៅក្នុង ផ្សារធំតាកែវ ផ្ទុះការតវ៉ាទ្រង់ទ្រាយធំជាថ្មីដោយ បាននាំគ្នាដើរហែក្បួនទៅប្រមូលផ្ដុំនៅខាងមុខសាលា ខែត្រតាកែវ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ មានការទាមទារសុំឱ្យអាជ្ញាធរលុបចោលនូវគម្រោងសាងសង់ផ្សារថ្មីដោយសារពួកគាត់ពុំមានលទ្ធភាពទិញតូប ថ្មី។
អាជីវករម្នាក់ឈ្មោះ ផូ ស៊ីណាត ភេទស្រីប្រាប់ឱ្យដឹងនៅវេលាខាងលើថាក្រុមអាជីវករប្រមាណជាង១០០០នាក់ នាំគ្នាកាន់បដារូបថតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើរហែក្បួនចេញពី ផ្សារធំតាកែវ ឆ្ពោះទៅកាន់សាលា ខែត្រតាកែវ ដើម្បីស្នើសុំដល់អភិបាលខែត្រលោក អ៊ូច ភា ឱ្យជួយរកដោះ ស្រាយដោយលុបចោលនូវគម្រោងសាងសង់ផ្សារថ្មី។
អាជីវកររូបនេះបន្តទៀតថា នាពេលកន្លងមកមានឈ្មួញកណ្ដាលស្នើសុំរុះរើ ផ្សារធំតាកែវ ដើម្បីសាងសង់ថ្មី សម្រាប់លក់ជូនពួកគាត់ក្នុងតម្លៃខ្ពស់ និងអាជីវករផ្សេងទៀត ក៍ប៉ុន្តែត្រូវបានជំទាស់ដោយក្រុមអាជីវករលក់ ដូរនៅទីនោះ។ ការដែលអាជីវករស្នើឱ្យលុបចោលគម្រោងនោះដោយសារផ្សារនេះនៅថ្មី ហើយអាជីវករភាគ ច្រើនពុំមានលទ្ធភាពទិញតូបមកវិញក្រោយពីផ្សារនេះសាងសង់ថ្មីរួចរាល់។
អ្នកស្រីបន្ថែមទៀតថា គេចង់រុះរើផ្សារហ្នឹង ហើយធ្វើថ្មីលក់ឱ្យពួកខ្ញុំវិញ និងអាជីវករផ្សេងទៀត។ ពួកខ្ញុំយល់ ទាំងអស់គ្នាយល់ថា ការធ្វើបែបនេះមិនល្អសម្រាប់ពួកខ្ញុំទេ។ ពីព្រោះពួកខ្ញុំលក់ដូរនៅទីនេះ៩៩ភាគរយគឺជំ ពាក់លុយធនាគារម្នាក់ៗច្រើនណាស់។ បើគាត់ធ្វើអឹចឹង ដូចសម្លាប់ពួកខ្ញុំទាំងរស់តែម្ដង។
ចំណែកអាជីវករម្នាក់ទៀតបានលើកឡើងថា នៅក្នុង ឆ្នាំ២០២១ នេះក្រុមអាជីវករដែលលក់ដូរនៅក្នុង ផ្សារធំ ខែត្រតាកែវ បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ក្រោយពីទទួលបានព័ត៌មានថា ផ្សារមួយនេះនឹងត្រូវអភិវឌ្ឍថ្មី។ ក៍ប៉ុន្តែ ការតវ៉ារហូតមកដល់ពេលនេះពុំទាន់មានដំណោះស្រាយជូនក្រុមជីវករនៅឡើយទេ។
នៅពេលដែលប្រជាពលរដ្ឋកំពុងតែប្រមូលផ្ដុំតវ៉ានោះលោក អ៊ូច ភា អភិបាល ខែត្រតាកែវ បានចេញមកជួប ប្រជាពលរដ្ឋរបស់ខ្លួនដោយបានសន្យាថា នឹងពាំនាំយកសំណើរបស់ប្រជាពលរដ្ឋទៅកាន់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេច ជូន។
ចំពោះ នាយករដ្ឋបាលសាលាខែត្រវិញលោក មាស អ៊ុយ ធ្លាប់បានលើកឡើងកាលពី ខែតុលា ឆ្នាំ២០២១ នោះថា អាជ្ញាធរខែត្រចង់អភិវឌ្ឍ ផ្សារធំតាកែវ ដោយសារតែផ្សារមួយនេះចាស់ធ្លុះធ្លាយ និងលិចទឹកជាដើម ដែលអាជ្ញាធរខែត្រត្រូវតែធ្វើការអភិវឌ្ឍន៍ថ្មី៕