អាជីវកប្តឹងប្រធាននិងអនុប្រធាននាយកដ្ឋានប៉ូលិសសេដ្ឋកិច្ចទៅខុទ្ទកាល័យសម្តេចតេជោសុំជួយរកយុត្តិធម៌

0
721

ដោយៈ គោកធ្លក
ភ្នំពេញៈ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានដាក់លិខិតសុំ អន្តរាគមន៍ទៅ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ឲ្យសម្តេចជួយរកយុត្តិធម៌ពាក់ព័ន្ធករណីមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង   មហាផ្ទៃ ចុះអនុវត្តច្បាប់ខុសនីតិវិធីក្លាយទៅជាការយាយីដល់អាជីវករដែលរកស៊ីត្រឹមត្រូវស្របច្បាប់។

យោងតាមលិខិតសុំអន្តរាគមន៍ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ របស់សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី ហ៊ីម សុភ័ក្រ្ក មុខរបរពាណិជ្ជករលក់គ្រឿងសម្អាង បានដាក់ពាក្យស្នើសុំ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ដើម្បីឲ្យជួយអន្តរាគមន៍ទៅ ស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងចាត់វិធានការ ចំពោះលោកឧត្តមសេនីយ៍        ឯក ចាន់ វ៉ាន់ធឿន ប្រធាននិងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងមានគ្នាជិត២០នាក់ចុះអនុវត្តសាលក្រម             ព្រហ្មទណ្ឌស្ថាពរលេខ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសំណុំរឿងទណ្ឌលេខ៥៣៤០  ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកសម្ភារតុលាការសម្រេចរឹបអូសតាមអំណាចសាលក្រមស្ថាពរ ដែលសមត្ថកិច្ចបានផ្ញើទុកនូវនឹងលោក អ៊ុច សម្បត្តិ ពីក្នុងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្រ្ក អាស យដ្ឋានស្ថិតនៅផ្ទះលេខ៥ ផ្លូវធំភ្លោះ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគ្មាន ការជូនដំណឹងជាផ្លូវការណាមួយដល់ម្ចាស់ផ្ទះនិងមិនមានការចូលរួមពីមន្ត្រីនៃសាលាដំបូង រាជធានី        ភ្នំពេញ និងមន្ត្រីអាជ្ញាសាលា នៃសាលាដំបូង រាជធានីភ្នំពេញ នោះទេ។

លិខិតដដែលនេះបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ កន្លងទៅលោកឧត្ដមសេនីយ៍ទោ ឡុង      ស្រេង បានដឹកនាំកម្លាំងចុះអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ  ឆ្នាំ២០១៨ របស់សាលាដំបូង រាជធានីភ្នំពេញ នៅទីតាំងផ្ទះលេខ១ ផ្លូវQ៦ បុរីប៉េងហួត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្ដងរួចហើយ។ នៅក្នុងការអនុវត្តនោះលោកឧត្ដមសេនីយ៍ទោ ឡុង ស្រេង បានសម្រេចផ្ញើសម្ភារដែលតុលាការរឹបអូសក្រោយការអនុវត្តផ្ញើនៅនឹងឈ្មោះ អ៊ុច សម្បត្តិ ដើម្បីជួយ រក្សាទុកជាបណ្ដោះអាសន្នក្រោមហេតុផលថា សមត្ថកិច្ចពុំទាន់មានកន្លែងទុកសម្ភារទាំងនោះដូចមាន ក្នុងកំណត់ហេតុអនុវត្តចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ (ពុំបានកំណត់ទីតាំងរក្សាទុក)។ ក្រោយមកលោក      អ៊ុច សម្បត្តិ បានយកសម្ភារដែលតុលាការរឹបអូសខាងលើទៅផ្ញើបន្តនៅនឹងផ្ទះរបស់លោកស្រី ហ៊ីម សុភ័ក្ដ្រ ជាបណ្ដោះអាសន្នដើម្បីរង់ចាំលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង មកទទួលយកទៅរក្សាទុកនៅទីតាំង របស់សមត្ថកិច្ច។

ស្រាប់តែនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ជាប្រធាន និង លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងរបស់ខ្លួនចូលរុះរើសនិងដឹកសម្ភារទាំងនោះចេញពីក្នុងផ្ទះរបស់        លោកស្រី ហ៊ីម សុភ័ក្ដ្រ ដោយពុំបានជូនដំណឹងដល់លោក អ៊ុច សម្បត្តិ និងភាគីម្ចាស់ផ្ទះឈ្មោះ               ហ៊ីម សុភ័ក្រ្ក ឲ្យត្រឹមត្រូវតាមច្បាប់ជាមុនឡើយ។ លើសពីនេះទៅទៀតលោកឧត្តមសេនីយ៍ឯក                 ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ព្រមទាំងបក្ខពួកបានគំរាមវាយខ្នោះនិង       ចាប់លោក អ៊ុច សម្បត្តិ និងម្ចាស់ផ្ទះឈ្មោះ ហ៊ីម សុភ័ក្រ្ក ដាក់គុកជាច្រើនលើកច្រើនសាទៀតផង។

សូមរំលឹកថា ទីតាំងនៃការអនុវត្តសាលក្រមព្រហ្មទណ្ឌលេខ៣៥៩៦ “ឃ១” ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ           ២០១៨ របស់សាលាដំបូង រាជធានីភ្នំពេញ នៅចំណុចផ្ទះលេខ១ ផ្លូវQ៦ បុរីប៉េងហួត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកទីតាំងផ្ទះដែលមានលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និង
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ដឹកនាំកម្លាំងចុះទៅរុះរើនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មានអាសយដ្ឋាន ស្ថិតនៅផ្ទះលេខ៥ ផ្លូវធំភ្លោះ សង្កាត់ទទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺជាកម្មសិទ្ធិរបស់លោក    ស្រី ហ៊ីម សុភ័ក្រ្ក ជាទីតាំងផ្ញើបណ្ដោះអាសន្ន(ខុសទីតាំងនិងខុសខណ្ឌ)។ ដូច្នេះនៅមុនពេលចុះទៅ    រុះរើនិងដឹកជញ្ជូនសម្ភារ ដែលតុលាការរឹបអូសលោក ចាន់ វ៉ាន់ធឿន និងលោក ឡុង ស្រេង គួរតែជូន ដំណឹងដល់ភាគីទទួលបញ្ញើ និងភាគីម្ចាស់ផ្ទះឲ្យបានដឹងជាមុនតាមនីតិវិធី។

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ចាត់ទុកទង្វើរបស់ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ព្រមទាំងបក្ខពួក គឺជាសកម្មភាពរំលោភ លំនៅដ្ឋាន របស់ ពលរដ្ឋដោយខុសច្បាប់។ ម្យ៉ាងវិញទៀតសកម្មភាពរបស់លោកឧត្តមសេនីយ៍ទាំងពីរ និងព្រមទាំង បក្ខពួកហាក់រំលោភអំណាចស្ថាប័នតុលាការដែលជាម្ចាស់ករណីក្នុងសំណុំរឿងអនុវត្តដែលមានសាល ក្រមស្ថាពររួចហើយ។

សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាងចាត់ទុកទង្វើរបស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន និង លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ព្រមទាំងបក្ខពួកជាការប្រាស់ចាកពីគោលនយោបាយរបស់  រាជរដ្ឋាភិបាល និងជាពិសេស ក្រសួងមហាផ្ទៃដែលតែងតែគាំពារអាជីករក្នុងវិស័យ សហគ្រាស ធនតូចនិងមធ្យមដែលមានពាណិជ្ជករជាពលរដ្ឋខ្មែរ។

អំពើធ្វើទុក្ខបុកម្នេញលើ អាជីវកម្មធនតូចនិងធម្យមរបស់កម្លាំងសមត្ថកិច្ចបែបនេះត្រូវមហាជនទូទៅ និងមជ្ឈដ្ឋានអ្នកវិនិយោគចាត់ទុកថា ជាអំពើកៀបស៊ីស្រស់ៗក្រោមលេសអនុវត្តច្បាប់ទាំងដឹងថា សហគ្រាសទាំងអស់នោះបានព្យាយាមគោរពតាមច្បាប់រដ្ឋរួចហើយក្តី។ ការគំរាមកំហែងយាយី និង       បំភិតបំភ័យវិស័យសហគ្រាសធនតូចនិងមធ្យមដែលមានពលរដ្ឋខ្មែរជាម្ចាស់ពីសំណាក់កងកម្លាំង សមត្ថកិច្ចបែបនេះគឺប្រៀបបាននឹងការកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ចរបស់ជាតិមួយផ្នែកធំ។

ទង្វើនេះក៍ជាការបន្លាចអាជីវករដទៃទៀតឲ្យខ្លាចរអានិងបាត់បង់ជំនឿចិត្តលើការអនុវត្តច្បាប់ប្រកប ដោយតម្លាភាពរបស់រាជ រដ្ឋាភិបាលកម្ពុជា ព្រោះតែកិច្ចខិតខំប្រឹងប្រែង និងការលើកទឹកចិត្តរបស់ រាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃ ចំពោះអ្នកវិនិយោគ ត្រូវបានបំផ្លាញចោលដោយក្រុមមន្ត្រីខិល       ខូចមួយក្តាប់តូចនេះ។ ប្រជាពលរដ្ឋនិងអ្នកវិនិយោគសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល ក៍ដូចជា ក្រសួងមហាផ្ទៃ នឹងមិនបណ្តែតបណ្តោយឲ្យក្រុមជនមួយក្តាប់តូចនេះបន្តសកម្មភាពបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល តាំងពីយូរណាស់មកហើយនោះទេ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជូនបណ្តឹងអន្តរាគមន៍របស់ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ជូនទៅ លោកនាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បី ពិនិត្យនិងដាក់ជូន សម្តេចក្រឡាហោម ស ខេង។

មហាជននិងមជ្ឈដ្ឋានអ្នកវិនិយោគកំពុងតែរង់ចាំមើលចំណាត់ការ នៃការអនុវត្តអភិក្រមទី៥ របស់ រាជរដ្ឋាភិបាល ដើម្បីសបញ្ជាក់ពីការយកចិត្តទុកដាក់និងការពារសិទ្ធិពាណិជ្ជករខ្មែរ ដែលកំពុង រកស៊ីស្របច្បាប់នៅ ព្រះរាជាណាចក្រកម្ពុជា៕