ស្រ្តីម្នាក់ស្លាប់នៅស្រុកកំពង់សៀមសង្ស័យប្តីជាអ្នកសម្លាប់

0
523

ដោយ: កោះប៉ែន
កំពង់ចាម: ករណីស្ត្រីម្នាក់ស្លាប់ស្រ្តីវ័យ៣៧ឆ្នាំនៅក្បែរផ្លូវកៅស៊ូមួយខ្សែស្ថិតក្នុង ភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម គឺត្រូវបានសមត្ថកិច្ចនគរបាលសង្ស័យថា ស្នាដៃរបស់ប្តីដែលកំពុងរត់គេចខ្លួន។ ប៉ុន្តែនៅមិនទាន់ដឹងអំពីមូលហេតុនៃអំពើហិង្សាឈានដល់ការស្លាប់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ នេះនៅឡើយទេ។

តាមរបាយការណ៍មន្រ្តីរដ្ឋបាល ឃុំរអាង នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: បានឳ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ចាន់ ធូ អាយុ៣៧ឆ្នាំមានទីលំនៅ ភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។ ប៉ុន្តែជនរងគ្រោះម្នាក់នេះពុំមានផ្ទះសម្បែង ស្នាក់នៅពិតទេ គឺស្នាក់នៅបណ្តោះអាសន្នក្រោមផ្ទះអ្នកជិតខាង។

ប្រភពបន្តទៀតថា អ្នកស្លាប់ត្រូវបានគេប្រទះឃើញសពនៅក្នុងព្រៃក្បែរផ្លូវលំមួយពីមាត់ ទន្លេមេគង្គ មកផ្លូវ ក្រាលកៅស៊ូឆ្ពោះទៅកាន់ រមណីយដ្ឋានភ្នំហាន់ជ័យ ក្នុងភូមិឃុំខាងលើនៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: នេះ។ នគរបាលបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើកោសល្យវិច័យលើសពស្រ្តីឈ្មោះ ចាន់ ធូ គឺលទ្ធផល បានបង្ហាញថា លើខ្លួនប្រាណសពមាន ស្នាមជាំដោយការវាយដំ បណ្តាលឳ្យស្លាប់។

តាមសម្តីសាក្សីបាននិយាយថា ជនរងគ្រោះជាមនុស្សញៀនស្រា គឺក្នុងមួយថ្ងៃៗគាត់ទទួលទានស្រាពីពីរទៅបី ដងរហូតពេលខ្លះស្រវឹងស្រាដេកតាមដងផ្លូវក៍មាន។ ជាពិសេសប្តីប្រពន្ធមួយគូនេះឧស្សាហ៍ឈ្លោះប្រកែកនិង វាយតប់គ្នាទៅវិញទៅមក។

ប្រភពដដែលបានបន្តថា តាមចម្លើយបំភ្លឺសាក្សី និងការធ្វើកោសល្យវិច័យ លើសពជនរងគ្រោះនាំឳ្យប៉ូលិស មានការសន្និដ្ឋានថា ស្រ្តីឈ្មោះ ចាន់ ធូ ទំនងជាស្លាប់ដោយសារប្តីប្រើអំពីហិង្សាលើប្រពន្ធរបស់ខ្លួនរហូតស្លាប់ ហើយរត់គេចខ្លួនបាត់។ ប៉ុន្តែនៅពេលចាប់ខ្លួនប្តីដែលខាងសមត្ថកិច្ចនៅមិនទាន់បង្ហាញឈ្មោះនេះគឺនឹងដឹង ពីមូលហេតុនៃការសម្លាប់ជាក់ជាមិនខានឡើយ៕