ស្ទៀងអាហារពីរាជរដ្ឋាភិបាល៦.០០០ឈុតទៀតនឹងមកដល់សម្រាប់ចែកជូនប្រជាពលរដ្ឋទូទៅជាប់នៅតំបន់បិទខ្ទប់ក្រុងព្រះសីហនុ អ្នកមិនទាន់បានទទួលសូមទាក់ទងក្រុមការងារ

0
77

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ ស្បៀងអាហារ៣០.០០០(បីម៉ឺន)ឈុតពីរាជរដ្ឋាភិបាលត្រូវផ្ដល់ជូនប្រជាពលរដ្ឋទូទៅ ដែលរស់នៅ និង ជាប់ក្នុងតំបន់បិទខ្ទប់ នាភូមិសាស្រ្តក្រុងព្រះសីហនុ បានហុចដល់ដៃប្រជាពលរដ្ឋ ចំនួន២៦.២២៧(ពីរម៉ឺនប្រាំមួយពាន់ពីររយម្ភៃប្រាំពីរ)គ្រួសារហើយ នេះគិតត្រឹមជុំទី៥ ដែលបានចែក ជូនប្រជាពលរដ្ឋត្រឹមថ្ងៃទី០៥ ឧសភា ២០២១ ។  នេះយោងតាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់និងអ្នកនាំពាក្យរបស់សាលាខេត្តព្រះសីហនុលោកឃាងភារម្យ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ។

 

ស្បៀងអាហារដែលសាលាខេត្តព្រះសីហនុបានទទួលពីរាជរដ្ឋាភិបាលមក គឺចំនួន៣០.០០០(បីម៉ឺន)ឈុត ក្នុងគម្រោងនឹងទទួលបាន៦.០០០ឈុតទៀតឆាប់ៗខាងមុខនេះ ដែលក្នុងមួយឈុតមានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ និងទឹកបរិសុទ្ធមួយកេស ។

ក្រុងព្រះសីហនុ មាន៤សង្កាត់ ក្នុងសង្កាត់លេខ១ មាន៣ភូមិ សង្កាត់លេខ២ មាន៣ភូមិ សង្កាត់លេខ៣ មាន៣ភូមិ ដោយឡែកសង្កាត់លេខ៤ មាន៦ភូមិ សរុបមាន១៥ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅ អចិន្ត្រៃយ៍ក្នុងក្រុងនេះប្រមាណជាង៨០.០០០(ប្រាំបីម៉ឺន)នាក់ បូករួមជាមួយនឹងប្រជាពលរដ្ឋចំណាកស្រុក មកពីបណ្ដាខេត្តនានា ទាំងអស់មានប្រមាណជាង១០០.០០០(ដប់ម៉ឺន)នាក់ ដែលប្រហែលស្មើនឹង៥(ប្រាំ)ម៉ឺនគ្រួសារ ។

 

តាមគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តម្រូវឲ្យអាជ្ញាធរមូលដ្ឋានចែកស្បៀងអាហារទាំងនេះជូន ប្រជាពល រដ្ឋទូទៅ មិនប្រកាន់និន្នាការអ្វីទាំងអស់ ដែលសំដៅលើប្រជាពលរដ្ឋកំពុងជាប់នៅតំបន់បិទខ្ទប់ នាក្រុង ព្រះសីហនុ មិនថាប្រជាពលរដ្ឋដែលមានទីលំនៅអចិន្ត្រៃយ៍ឬចំណាកស្រុកពីបណ្ដា ខេត្តនានាមកស្នាក់ អាស្រ័យធ្វើការងារក្នុងក្រុងព្រះសីហនុនោះឡើយ ។

អ្នកនាំពាក្យសាលាខែត្រព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍តាមតេឡេក្រាមថា ស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សរុបបូកយោង ៣០.០០០ឈុត និងបានចុះចែកជូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក សរុបបូកយោង ចំនួន២៦.២២៧គ្រួសារ ។ ហើយបាននឹងកំពុងចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ព្រោះសាលាខែត្រនឹងទទួលបាន៦.០០០(ប្រាំមួយពាន់)ឈុតថែមទៀតនាពេលឆាប់ៗខាងមុខ លោក ភារម្យ បានបញ្ជាក់ ។

 

គួរបញ្ជាក់ថា បើទោះជាមានបញ្ហាខ្វះចន្លោះបន្តិចបន្ទួចយ៉ាងណាក៏ដោយ ក្រុមការងារចុះចែក ស្បៀងអាហារនិមួយៗតាមភូមិសង្កាត់ ខិតខំដុតដៃដុតជើង ទាំងថ្ងៃយប់ ពេលខ្លះដាច់បាយទឹកក៏មានដែរ ដោយមិនគិតពីការហឿយហត់ឡើយ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលស្បៀង អាហារខាងលើ សូមទាក់ទងនឹងក្រុមការងារ ឬអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដោយសំដែងការពិតជៀស វាងបន្លំទទួលយកពីរបីដង ៕ សាមុត