ស្ត្រីម្នាក់ជាអនុរដ្ឋលេខាធិការក្រសួងសាធារណការត្រូវប្រពន្ធដើមប្ដឹងពីបទ«ទ្វេពន្ធភាព»យកប្តីគេ

0
295

 

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាកោះហៅជាលើកទី២ ឱ្យចូលតុលាការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះចំពោះអ្នកស្រី តុង ផល្លី មានមុខងារជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាប់ពាក់ព័ន្ធករណីយកប្តីគេរហូតដល់មានកូន ស្រីម្នាក់នោះដើម្បីធ្វើការបំភ្លឺតាមពាក្យបណ្តឹងរបស់អ្នកស្រី អោ ចាន់នីដា ដែលប្តឹងចោទប្រកាន់ពីបទ «ទ្វេពន្ធភាព»។

នៅចន្លោះពេលដែលតុលាការកំពុងចាត់ការសំណុំរឿងនេះអ្នកស្រី អោ ចាន់នីដា បានសំណូមពរយ៉ាងទទូច សុំឱ្យថ្នាក់ដឹកនាំកំពូលៗជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមេត្តាជួយធ្វើអន្តរាគមន៍ ដោះស្រាយរកយុត្តិធម៌ឱ្យគាត់ផង។ ពីព្រោះជនសង្ស័យក្នុងសំណុំរឿងនេះជាបុគ្គលមានបុណ្យសក្តិ និងមាន អំណាចបានធ្វើការគាបសង្កត់ និងគំរាមកំហែងតាមគ្រប់រូបភាពបណ្តាលឲ្យដើមបណ្តឹងមានការតក់ស្លុត និង ភិតភ័យយ៉ាងខ្លាំង។

តាមប្រភពព័ត៌មាន ដែលទើបទទួលបាននៅព្រឹថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះគឺអ្នកស្រី អោ ចាន់នីដា មាន វ័យ៤៧ឆ្នាំមុខរបរគ្រូបង្រៀនមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៤ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងមក ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដែលមានកម្មវត្ថុ «សុំប្តឹង ពីឈ្មោះ រុន មាត្រា ភេទប្រុសអាយុ៥១ឆ្នាំ និងឈ្មោះ តុង ផល្លី ភេទស្រីអាយុ៣៨ឆ្នាំមានទីលំនៅផ្ទះលេខ១៧០ ផ្លូវលេខ១១០ ក្រុម៣ ភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និងអ្នកសមគំនិតពីបទ «ទ្វេពន្ធភាព» ។

នៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា «នាងខ្ញុំ និងឈ្មោះ រុន មាត្រា បានរៀប ការនឹងគ្នាជាប្រពន្ធប្ដីនៅក្នុង ឆ្នាំ១៩៩៦ ដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។

នៅក្នុងចំណងអាពាហ៍ពិពាហ៍នេះនាងខ្ញុំ និងឈ្មោះ រុន មាត្រា មានកូនចំនួន៣នាក់គឺកូនទី១.ឈ្មោះ មាត្រា វរលក្ខ័ណ ភេទស្រីអាយុ២៤ឆ្នាំ,កូនទី២.ឈ្មោះ មាត្រា ច័ន្ទឧត្តម ភេទប្រុសអាយុ២០ឆ្នាំ និងកូនទី៣.ឈ្មោះ មាត្រា ជុតិមន្ត ភេទប្រុសអាយុ១៥ឆ្នាំ។ ការរស់នៅជាមួយគ្នារយៈពេលចុងក្រោយនេះនាងខ្ញុំបានសង្កេត ឃើញថា ឈ្មោះ រុន មាត្រា ចេះតែបង្ករឿងហេតុដាក់ប្រពន្ធនិងកូនមិនចេះចប់មិនចេះហើយសោះ…។

ដោយមានការសង្ស័យនាងខ្ញុំក៍បានតាមដានពីសកម្មភាពប្ដីរបស់នាងខ្ញុំទើបដឹងថា ឈ្មោះ រុន មាត្រា និងឈ្មោះ តុង ផល្លី បានលួចស្រឡាញ់គ្នាជាច្រើនឆ្នាំមកហើយរហូតដល់មានកូនស្រីម្នាក់ឈ្មោះ មាត្រា ជននីនាថ ដែល សព្វថ្ងៃមានអាយុ២ឆ្នាំទៅហើយមិនតែប៉ុណ្ណោះពួកគេថែមទាំងបានចុះឈ្មោះក្នុងសៀវភៅស្នាក់នៅទទួលស្គាល់ជាប្តីប្រពន្ធ នឹងគ្នាដោយមានការឃុបឃិតសម្របសម្រួលពី នគរបាលប៉ុស្តិ៍ ឃុំពោធិបាន និងនគរបាល ស្រុក កោះធំ ខេត្តកណ្តាល ទាំងដែលចំណងអាពាហ៍ពិពាហ៍រវាងនាងខ្ញុំ និងឈ្មោះ រុន មាត្រា នៅមិនទាន់បានរំ លាយតាមផ្លូវច្បាប់នៅឡើយ។

ពាក្យបណ្តឹងនេះបានសំណូមពរ លោកព្រះរាជអាជ្ញា សូមមេត្តាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ រុន មាត្រា និងឈ្មោះ តុង ផល្លី ព្រមទាំងអ្នកសមគំនិតក្នុងអំពើខាងលើឲ្យបានធ្ងន់ធ្ងរទៅតាមច្បាប់ដោយ ក្ដីអនុគ្រោះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅអ្នកស្រី តុង ផល្លី បានដាក់ពាក្យមក សាលាដំបូង ខេត្តកណ្តាល ដើម្បីសុំលែងលះតាមការព្រមព្រៀងជាមួយឈ្មោះ រុន មាត្រា។

នៅក្នុងពាក្យសុំលេងលះនេះអ្នកស្រី តុង ផល្លី បានជម្រាបជូន ប្រធានសាលាដំបូង ខេត្តកណ្តាល ជ្រាបថា យើងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់នៅ ឆ្នាំ២០១០។ នៅពេលនេះយើងខ្ញុំបានអស់មនោសញ្ចេតនា ក្នុងការរស់នៅ ជាប្ដីប្រពន្ធនឹងគ្នា ទៀតហើយ។ យើងខ្ញុំបានព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រចិត្ត។ ដោយ ឡែកការបំពេញអាហារកិច្ចចំពោះកូនស្រីឈ្មោះ មាត្រា ជននីនាថ ជាបន្ទុកតែម្នាក់ឯងរបស់ម្តាយ (តុង ផល្លី)។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះដែរលោក រុន មាត្រា បានពឹងពាក់មេធាវីលោក អ៊ឹម បូរ៉ា ជាតំណាងដោយអាណត្តិ បានដាក់ពាក្យបណ្តឹងមក សាលាដំបូង រាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំឲ្យ តុលាការ ចេញដីកាសម្រេចដែលមានខ្លឹមសារសុំលែងលះពីអ្នកស្រី អោ ចាន់នីដា និងឈប់រួមរស់ជាប្តីប្រពន្ធ តទៅទៀត។

អង្គហេតុនៃការទាមទារនេះលោក រុន មាត្រា បានអះអាងថា លោករៀបអាពាហ៍ពិពាហ៍តាមប្រពៃណីទំនៀម ទម្លាប់ខ្មែរជាមួយអ្នកស្រី អោ ចាន់នីដា កាលពី ឆ្នាំ១៩៩៦ និង បានចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវតាម ផ្លូវច្បាប់នៅ ឆ្នាំ១៩៩៦ (សំបុត្រអាពាហ៍ពិពាហ៍ រក្សាទុកនៅចុងចម្លើយ)។ ក្នុងចំណងអាពាហ៍ពិពាហ៍នេះយើង ខ្ញុំបង្កើតបានកូនចំនួន៣នាក់ ដែលបច្ចុប្បន្នកូនទាំង៣នាក់កំពុងរស់នៅក្នុងបន្ទុក។

ចំពោះមូលហេតុ នៃការប្តឹងលែងលះនេះលោក រុន មាត្រា បានបញ្ជាក់ថា ដោយសារការរស់នៅមិនចុះសម្រុង នឹងគ្នាបណ្តាលឲ្យមានភាពរកាំរកូសឈានដល់មានការប្រេះឆាកាន់តែធ្ងន់ធ្ងររហូតដល់អស់មនោសញ្ចេតនា រៀងៗខ្លួន៕