សំណង់រឹងមាំសង់ថ្មីគ្មានច្បាប់អនុញ្ញាតបានរីកព្រោងព្រាតលើផ្ទៃសមុទ្រអាជ្ញាធរមូលដ្ឋានមិនដឹងមែនឬធ្វើមិនដឹង ?

0
121

ដោយៈ បាយ៉ង់ថាមស៍
ព្រះសីហនុៈ យោងតាមសេចក្ដីរាយការណ៍ពីប្រជានេសាទ និងការចុះផ្ដិតរូបភាពផ្ទាល់របស់ ក្រុមអ្នកសារព័ត៌ មានកាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានឱ្យឃើញថា សំណង់រឹងមាំជាផែថ្ម និងផ្ទះថ្មសង់គ្មានច្បាប់ អនុញ្ញាតលើផ្ទៃសមុទ្រនៅតំបន់ទំនប់រលកស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងឬ ខែត្រព្រះសីហនុ រីកដុះដាល ថ្មីៗយ៉ាងច្រើនបើទោះបីជាអាជ្ញាធរ ក្រុងព្រះសីហនុ ហាមឃាត់មិនឱ្យមានការសាងសង់សំណង់ថ្មីលើផ្ទៃសមុទ្រ យ៉ាងណាក៍ដោយ។

រាជរដ្ឋាភិបាល កំពុងតែឈឺក្បាលក្នុងការដោះស្រាយបញ្ហា សំណង់រឹងមាំ នៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ ដ៏សែនស្មុគស្មាញ។ ប៉ុន្តែ អាជ្ញាធរមូលដ្ឋាន ហាក់មិនខ្វល់ មិនអើពើនៅការរីករាលដាល នៃសំណង់ថ្មីៗដូច ផ្សិតនោះឡើយ។ សំនួរគ្មានចម្លើយមួយលើកឡើងថា តើបញ្ហានេះវាបណ្ដាលមកពី អាជ្ញាធរមូលដ្ឋាន មន្រ្តី ថ្នាក់ក្រុង និង ខែត្រព្រះសីហនុ អសមត្ថភាពក្នុងការគ្រប់គ្រងទប់ស្កាត់ ឬមួយព្រោះតែទទួលសំណូក ហើយ បិទភ្នែកដេកមិនក្រោក ? បើនៅតែមានការបណ្ដែតបណ្ដោយបែបនេះ តើប្រមុខ រាជរដ្ឋាភិបាល សង្ឃឹមលើអ្នក
ណាជាភ្នែកជាច្រមុះបានទៅ ?

លោក អៀម សារិន អភិបាលរង ក្រុងព្រះសីហនុ មានប្រសាសន៍ឱ្យដឹងតាម ប្រព័ន្ធតេឡេក្រាម កាលពី រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ថា សំណង់ទាំងអស់នោះនៅតំបន់ខាងលើសុទ្ធតែពុំមានច្បាប់ឡើយ។ ព្រោះដីនៅតំបន់នោះពុំមានប្លង់រឹងទេ ប៉ុន្តែកន្លងមកបងប្អូនប្រជាពលរដ្ឋយើងចេះតែលួចសាងសង់សំណង់។

រីឯចៅ សង្កាត់លេខ១ ក្រុងព្រះសីហនុ លោក ឈិត សូផាត កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ គេពុំអាច សុំការបំភ្លឺបានទេជុំវិញករណីខាងលើនោះ។

លោក អេង វុទ្ធី មានប្រសាសន៍តាម ប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នោះថា «ចំពោះ សំណង់នៅខាងតំបន់ទំនប់រលកនេះពុំមានច្បាប់សាងសង់អ្វីទេ ហើយសំណង់ទាំងនោះក៍ពុំមានបានសុំច្បាប់ ពីអាជ្ញាធរមូលដ្ឋានផងដែរ»។

លោក វុទ្ធី បានបន្តទៀតថា «សំណង់ទាំងអស់នោះបើតាមខ្ញុំដឹងប្រជាពលរដ្ឋធ្វើតគ្នាឃើញមួយធ្វើ បានក៍ចេះ តែលួចធ្វើដែរអីចឹងទៅ »។

គួរបញ្ជាក់ថា ក្នុងចំណោមសំណង់ថ្មីៗដែលសាងសង់លើផ្ទៃទឹកសមុទ្រទាំងនោះគេឃើញមានតែសំណង់ផ្ទះ ឈើលើទឹករបស់លោក គឹម ហៀង មួយកន្លែងទើបសាងសង់រួចរាល់បានសម្រេចជាស្ថាពរបើទោះបីជាមាន ការប្ដឹងទាស់ពីសំណាក់ប្រជានេសាទយ៉ាងណាក៍ដោយគឺពុំមានការរាំងស្ទះពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬ មន្រ្តីណាឡើយ៕