សួនច្បារសាធារណៈមុខអតីតមហោស្រពកណ្ដាលក្រុងព្រះសីហនុត្រូវគេទុកចោលនិងក្លាយជាចំណតរថយន្តឈ្នួល

0
161

ដោយៈ បាយ៉ង់
ព្រះសីហនុៈ ពិតជាគួរឱ្យអនិច្ចាណាស់ សួនច្បារសាធារណៈ នៅមុខអតីត មហោស្រពកណ្ដាល ក្រុងព្រះសីហនុ ត្រូវគេទុកចោលដុះស្មៅ ព្រៃជុំជិត និងបានប្រែក្លាយទៅជា ចំណតរថយន្តឈ្នួល នេះបើយោងតាមទិដ្ឋភាពជាក់ស្ដែងដែលក្រុមការងារ « បាយ៉ង់ថាមស៍ » ចុះផ្ដិតយករូបភាពកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

កាលពីអាណ្ណត្តិដឹកនាំដោយ អភិបាល ខែត្រព្រះសីហនុ ឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន លោកគូស វាសព្រាងយកទីតាំងប្រាំកន្លែងក្នុង ក្រុងព្រះសីហនុ ដើម្បីអភិវឌ្ឍជា សួនច្បារសាធារណៈ សម្រាប់ក្រុងទេសចរណ៍មួយនេះ។ ទីតាំងប្រាំកន្លែងដែលរដ្ឋបាលខែត្រដឹកនាំដោយ ឯកឧត្តម យន្ត មីន នាពេលនោះក៏មាន សួនច្បារ មុខអតីត មហោស្រព ខាងលើនេះដែរ។ ប៉ុន្តែជាអកុសលបន្ទាប់ពី ឯកឧត្តម យន្ត មីន បានលាឈប់ពី អភិបាល ខែត្រព្រះសីហនុ កាលពី ខែកក្កដា ឆ្នាំ២០១៨ មកអ្វីៗដែលជាពង្រាងដើម្បីអភិវឌ្ឍជា សួនច្បារសម្រាប់សាធារណ ជន ត្រូវបានគាំងរហូតមកដល់បច្ចុប្បន្ន។

តាមប្រព័ន្ធទូរស័ព្ទកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោក នុត លី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រះសីហនុ បានឱ្យ « បាយ៉ង់ថាមស៍ » ដឹងថា ចណតរថយន្តឈ្នួលនៅនឹងសួនច្បារមុខ មហោស្រពចាស់ ស្ថិតក្នុង សង្កាត់លេខ២ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ វាជាចំណតបណ្ដោះអាសន្នទេ។ នាពេលខាងមុខនឹងប្ដូរចំណតថ្មីដែលសាលាខែត្របានរៀបចំនៅ ឃ្លាំងលើ សង្កាត់លេខ១។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុនដែលយកភាស៊ីសព្វថ្ងៃជា ក្រុមហ៊ុនឯកជនមួយ មកពី ភ្នំពេញ ដែលម្ចាស់ឈ្មោះ ប៉េង យៀនដេញថ្លៃយកភាស៊ីបាន។

ពាក់ព័ន្ធនឹងករណីខាងលើលោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ បានឱ្យ « បាយ៉ង់ថាមស៍ » ដឹងកាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ថា ទីតាំងខាងលើវាជាសួនច្បារ និងសព្វថ្ងៃជា ចំណតរថយន្តក្រុងបណ្ដោះអាសន្ន។ លោកបន្ថែមថា កាលពីអាណត្តិដឹកនាំ ខែត្រព្រះសីហនុ ចាស់ធ្លាប់បានគ្រោងអភិវឌ្ឍទីតាំងខាងលើសាងសង់ជាផ្សារ « សេហ្វហ្វូដ» (Safe Food) ប៉ុន្តែអាណត្តិដឹកនាំ ខែត្រព្រះសីហនុ បច្ចុប្បន្នពុំទាន់មានគម្រោងថា នឹងធ្វើជាកន្លែងអ្វីនៅឡើយទេ…។

លោក ឃាង ភារម្យ បានលើកឡើងទៀតថា ចំណតរថយន្តក្រុងសព្វថ្ងៃនៅកន្លែងសួនច្បារហ្នឹងវាមិននៅឋិតថេរជារៀងរហូតនោះទេ។ ព្រោះសាលាខែត្រគ្រោងនឹងរៀបចំចំណតរថយន្តថ្មីនៅកន្លែងមួយផ្សេងតែត្រូវរង់ចាំការសម្រេចរបស់ថ្នាក់ដឹកនាំ។

ក្រុមអ្នកបើករថយន្តស៊ីឈ្នួលដឹកអ៊ីវ៉ាន់តាមផ្ទះ និងអ៊ីវ៉ាន់ផ្សេងៗបានលើកឡើងជាចំហថា កាលពីចៅ សង្កាត់លេខ២ ចាស់ លោកតែងតែដឹកនាំកម្លាំងសម្អាត សួនច្បារសាធារណៈ ខាងលើជាញឹកញាប់។ ក៏ប៉ុន្តែ ចៅសង្កាត់លេខ២ បច្ចុប្បន្ននេះបាន ត្រឹមតែដើរមើលក្នុងសំលៀកបំពាក់ហ៊ឺហារតែប៉ុណ្ណោះគឺពុំយកចិត្តទុកដាក់ អភិរក្ស ថែរក្សា សម្អាតអនាម័យអ្វីនោះទេ។

គួររំឭកថា សួនច្បារសាធារណៈ ដែលគេទុកចោលឱ្យដុះស្មៅ និងព្រៃខាងលើកាលពីអាណត្តិដឹកនាំដោយ ឯកឧត្តម យន្ត មីន លោកបានគ្រោងអភិវឌ្ឍជា សួនច្បារ សម្រាប់សាធារណជនដដែល។ ដូច្នេះពលរដ្ឋរស់នៅ ក្រុងព្រះសីហនុ សូមសង្ឃឹមថាអាណត្តិថ្មីដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខែត្រព្រះសីហនុ នឹងរក្សាទីតាំងខាងលើនេះទុកជា សួនច្បារសាធារណៈដូចដើម និងអភិវឌ្ឍវាឱ្យមានសោភ័ណភាពល្អស្អាតស័ក្តិសមជាក្រុងទេសចរ៕