សូម្បីតែដីសាលាបុណ្យភូមិរួមក៏រំលោភយក ប្រជាពលរដ្ឋ១៥២គ្រួសារផ្ទុះកំហិង្សផ្ដុំគ្នាស្នើសុំអាជ្ញាធរខេត្តកំពង់ស្ពឺជួយដោះស្រាយយកមកវិញ

0
325

ដោយ៖សុខ សុភ័ណ្ឌ

ខែត្រកំពង់ស្ពឺ៖ប្រជាពលរដ្ឋ១៥២គ្រួសារបានបង្ខំចិត្តបិទផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៨៧ និង ៨៨ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងស្នើសុំដោយជម្រុញឲ្យអាជ្ញាធរខេត្តកំពង់ស្ពឺជួយដោះស្រាយយកដីសាលាបុណ្យភូមិរួម ស្ថិតនៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មកដាក់ជាសម្បត្តិរួមវិញ ខណៈមនុស្សបីនាក់នាំគ្នារំលោភយកធ្វើជាកម្មសិទ្ធិឯកជន ។

លោក ថៃ ឃី អាយុ ៥៦ឆ្នាំ តំណាងប្រជាពលរដ្ឋទាំង១៥២គ្រួសារ បានរៀបរាប់ឱ្យដឹងថា ដីសាលាបុណ្យរួមភូមិនេះ បានធ្វើរោងបុណ្យតាំងពីអំឡុងឆ្នាំ២០០៦មកម្លេះ ។ ដោយការសាងសង់រោងដែសម្រាប់ទុកឱ្យប្រជាពលរដ្ឋក្នុងភូមិធ្វើនេះ មានការជួយជ្រោមជ្រែងឧបត្ថមពីអង្គការ«អិល»បូករួមជាមួយនឹងការរ៉ៃអង្គាសពីប្រជាពលរដ្ឋផងនោះ ទើបបានកើតចេញជារោងបុណ្យរួមនៅទីតាំងខាងលើ ។

 

លោក ថៃ ឃី បន្តថា រហូតមកដល់ដើមឆ្នាំ២០២១នេះ ស្រាប់តែមានឈ្មោះ ជា វុធដា ភេទស្រី អាយុ ៥៨ឆ្នាំ ឈ្មោះ សាន ចាន់រដ្ឋតនា ព្រមជាមួយប្រពន្ឋឈ្មោះ ស៊ុយ ណៃ បានធ្វើកន្លែងជួសជុលរថយន្តបិទពីមុខសាលាបុណ្យភូមិរួម ក្នុងបំណងយកទីតាំងខាងលើធ្វើកម្មសិទ្ឋផ្ទាល់ខ្លួនរបស់ពួកគាត់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ។

 

លោក ថៃ ឃី បញ្ជាក់បន្ថែមថា នៅពេលដែលអ្នករំលោភបំពានទាំង៣នោះ បានសាងសង់កន្លែងជួសជុលរថយន្តចំពីមុខសាលាបុណ្យភូមិរួម ប្រជាពលរដ្ឋទាំង១៥២គ្រួសារ បានទៅដាក់ពាក្យបណ្តឹងនៅភូមិឃុំ ។ ប៉ុន្តែទោះបីជាមេភូមិ មេឃុំ បានហាមឃាត់មិនឲ្យសាងសង់កន្លែងជួសជុលរថយន្តខាងលើយ៉ាងណា ក៏ពួកគាត់ទាំងបីនាក់នៅតែបន្តធ្វើ ។

 

ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកថ្ពង លោក គាវ លាងគា ធ្លាប់បានចេញលិខិតបង្គាប់ឲ្យលោកស្រី ជា វុធដា លោក សាន ចាន់រដ្ឋតនា និង លោកស្រី ស៊ុយ ណៃ រុះរើសំណង់ចេញពីដីចំណីផ្លូវជាតិលេខ៤៤ មុខសាលាបុណ្យមភូមិរួម បីដងរួចមកហើយ បន្ទាប់ពីអាជ្ញាធរភូមិឃុំហាមឃាត់មិនស្ដាប់ និងក្រោយពេលប្រជាពលរដ្ឋ បានដាក់ពាក្យប្ដឹងទៅសាលាស្រុកថ្ពង ។

 

គួរបញ្ជាក់ថា ដោយជនលោភលន់ទាំងបីនាក់មិនញញើតនឹងសាលាស្រុកថ្ពង មិនព្រមរុះរើសំណង់ចេញ ទើបធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ារហូតដល់បិទផ្លូវ ដើម្បីជម្រុញឲ្យអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ឋជួយអន្តរាគមន៍ដោះស្រាយយកដីសាលាបុណ្យភូមិរួមនោះយកមកប្រើប្រាស់ជាប្រយោជន៍រួមវិញ ។ ហើយក្នុងនោះប្រជាពលរដ្ឋ១៥២គ្រួសារសំណូមពរ៤ចំណុច៖ ១.ស្នើរុះរើរោងដែកដែលធ្វើពីមុខរោងសាលាបុណ្យភូមិចេញ ។ ២.សូមអាជ្ញាធរមានសមត្ថកិច្ចជួយពន្លឿនការដោះស្រាយជូនពូកគាត់ ។ ៣.សុំកំណត់ទីតាំងរោងសាលាបុណ្យរួមចាស់ដែលមានដីប៉ុន្មានយកត្រឹមហ្នឹងវិញ ។ និងទី៤.សូមសមត្ថកិច្ចជំនាញចេញប័ណ្ណកម្មសិទ្ឋិស្របច្បាប់ឲ្យប្រជាពលរដ្ឋ ដើម្បីទុកជាសម្បត្តិរួមភូមិ ៕