សម្ដេចតេជោបកស្បែកមុខជនបោកប្រាស់ លី សាម៉េត ដែលត្រូវអស់លក្ខណ៍

0
231

ភ្នំពេញៈ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលាតត្រដាងការពិត ឬបកស្បែកមុខឈ្មោះ លី សាម៉េត ហៅ គ្រូមា ដែលបានដើរប្រោកប្រាស់ជនស្លូតត្រង់ក្នុងទឹកប្រាក់រាប់លានដុល្លារក្រោមរូបភាពយកឈ្មោះ សម្ដេច ទៅប្រើជាប្រយោជន៍ផ្ទាល់ខ្លួន។

សម្ដេចតេជោ បានបង្ហាញឈ្មោះជនរងគ្រោះយ៉ាងតិចចំនួនបីនាក់ដែរ ដែលបានចាញ់បោកលោក លី សាម៉េត ក្នុងចំនួនទឹកប្រាក់ចាប់ពីរាប់សែនដុល្លារឡើងទៅដល់លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ បានស្នើសុំ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ធ្វើការជាមួយ តុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលោក លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលោក លី សាម៉េត។ សម្ដេច ក៍បានស្នើសុំឱ្យសមត្ថកិច្ចឃ្លាំមើល លី សាម៉េត កុំឱ្យរត់គេចខ្លួនចេញពីសំណាញ់ច្បាប់ថែមទៀតផង។

មិនថាឡើយតែជនរងគ្រោះ ក្រុមគ្រួសារបងប្អូនសាច់ញាតិប៉ុណ្ណោះទេ ប្រជាពលរដ្ឋទូទៅបានអបអរសាទរ និងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ដែលបានកម្ចាត់ជនអាក្រក់ដើរបោកប្រាស់មនុស្សស្លូតត្រង់ ហើយបានផ្ដល់ភាពយុត្ដិធម៌ដល់ជនរងគ្រោះ។

ទាំងនេះជាសារនៃសេចក្ដីដើមទាំងស្រុងរបស់ សម្ដេចតេជោ បញ្ជាក់ថា « ដោយរឿងច្រើនពេកថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត (ហៅ គ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូត ថា យកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៍បានក្នុងពេលដែល លី សាម៉េត មិនដឹងថា ផ្ទះខ្ញុំបែរមុខទៅខាងណាផង។

ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថា យកមកឲ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៍ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅ ស្នងការនគរបាល ក្រុងភ្នំពេញ។

មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។

ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាល ស្រុកល្វាឯម ថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជា អភិបាល ក្រុងអរិយក្សត្រ។

ក្នុងមុខតំណែងជា រដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជា ប្រធានព្រឹទ្ធសភា អមដោយអំណាចជា ប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមាន ព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងស័ក្តិមន្ត្រីរាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើ សុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយ ពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។ ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំសូមស្នើៈ ១.រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ធ្វើការជាមួយ តុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។ ២.អ្នកចាញ់បោក លីសាម៉េត ទាំងអស់ដាក់ពាក្យប្តឹង ឬ ទាមទារសំណងទៅកាន់ មេធាវីសម្តេចតេជោ។ ៣.ឯកឧត្តម គី តិច រៀបចំ មេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅ តុលាការ ចាត់ការតាមច្បាប់។ ៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់»៕