ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ កាលពីព្រលប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានវីដេអូកាមេរ៉ាសុវត្ថិភាពមួយបានបង្ហាញក្រុមជន សង្ស័យពីរនាក់ជាជនជាតិចិនធ្វើសកម្មភាពប្លន់សម្លាប់ជនជាតិចិនដូចគ្នាពីរនាក់នៅក្នុង បន្ទប់ខុនដូយីហោ LH Residence ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិពីជនរងគ្រោះ។
អំពើឃាតកម្មនេះកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅត្រង់ចំណុច បន្ទប់លេខ A១០០៣ ជាន់ទី១០ នៃខុនដូយីហោ LH Residence តាមបណ្តោយផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែកមរា ឆ្នាំ២០២១ នេះថា ជនរងគ្រោះទី១មានឈ្មោះ CAO RUIXIN ជនជាតិចិនភេទស្រីអាយុ២១ឆ្នាំមុខរបរនៅផ្ទះជាមិត្តស្រីជនរងគ្រោះទី២ឈ្មោះ XIO BO ជនជាតិចិនភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ ប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅ ខុនដូកើតហេតុខាងលើ។
ចំពោះករណីសាហាវព្រៃផ្សៃយង់ឃ្នងនេះសមត្ថកិច្ចសង្ស័យថា ជាឃាតកម្មប្លន់យកលុយពីជនរងគ្រោះដោយ សារជនសង្ស័យប្រុសចំនួនពីរនាក់ដែលម្នាក់ប្រើកាំភ្លើងខ្លីភ្ជង់បុរសជនរងគ្រោះ និងជនសង្ស័យម្នាក់ទៀតយក កាំបិតភ្ជង់ស្រ្តីរងគ្រោះនោះដែរ។ ជនសង្ស័យបានជួលបន្ទប់ស្នាក់នៅក្នុង ខុនដូយីហោ LH RESIDENCE នៅ ជាន់ទី៩ដែលបានរៀបចំផែនការយ៉ាងម៉ត់ចត់ជាទីបំផុត។
កម្លាំងជំនាញសមត្ថកិច្ចបានត្រួតពិនិត្យដោយមាន ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យ បានបញ្ជាក់ថា ករណីឃាតកម្មដោយប្រុសរងគ្រោះត្រូវបានជនសង្ស័យប្រើខ្សែគោចងរឹតកបណ្ដាលឲ្យស្លាប់ រួចអូសសពចូលក្នុងបន្ទប់ទឹក។ ចំណែកជនរងគ្រោះស្រ្តីវិញត្រូវជនសង្ស័យប្រើវិធីយកក្រណាត់ដាក់ចូលមាត់ រួចយកស្កុតបិទ មាត់ ច្រមុះ ភ្នែក ជិតធ្វើឲ្យដាច់ខ្យល់ស្លាប់។ ដោយខ្លាចជនរងគ្រោះរើបម្រាស់ជនសង្ស័យ ក៍យកខ្សែគោរុំជើងទាំងសងខាងកុំឲ្យដើរ ឬលោតបានរួចជនសង្ស័យចាក់សោទ្វារហើយចេញទៅបាត់។
សពជនរងគ្រោះទាំងពីរនាក់ត្រូវសមត្ថកិច្ចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិមកទទួល យកទៅស្រុកកំណើតវិញ។ កម្លាំងសមត្ថកិច្ចកំពុង តែដុតដៃជើងតាមចាប់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពប្លន់ សម្លាប់ជនរងគ្រោះយកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់៕