ល្បិចបោកប្រាស់ប្រើរបស់លោក លឹម ងួន ត្រូវពលរដ្ឋរងគ្រោះដីធ្លីបកអាក្រាតនិងសុំណាត់ជួបតតាំងគ្នានៅស្រុកស្ទឹងហាវ

0
463

ដោយៈ បាយ៉ង់ថាមស៍
ព្រះសីហនុៈ ប្រជាពលរដ្ឋរងគ្រោះដីធ្លីស្ថិតនៅ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ បានលើ កឡើងថា លោក លឹម ងួនបានឱ្យពួកគាត់ផ្ដិតមេដៃលើក្រដាសសសុទ្ធហើយប្រើល្បិចបោកប្រាស់ថា នឹងធ្វើ លិខិតកាន់កាប់ដីធ្លីជូនដោយបញ្ជាក់ត្រឹមភូមិ-ឃុំឱ្យពួកគាត់តែផ្ទុយទៅវិញវាមិនមែនជាលិខិតកាន់កាប់នោះទេ គឺវាក្លាយជាលិខិតលក់ទិញពុំមានទទួលបានលុយសូម្បីតែមួយកាក់មួយសេន។

ប្រជាពលរដ្ឋទាំងអស់ដែលលោក លឹម ងួន បោកប្រើនោះត្រូវបានលោក លឹម ងួន ប្ដឹងចោទពីបទប្រើអំពើ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិតនាពេលថ្មីៗនេះទៅតុលាការ។ ដូច្នេះពលរដ្ឋស្នើសុំឱ្យលោក លឹម ងួន ចេញមុខមកតតាំងនឹងគ្នាទល់មុខនៅ ស្រុកស្ទឹងហាវ ដើម្បីស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយរក យុត្ដិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល លឹម ងួន។ រហូតមកដល់ថ្ងៃទី១៣ ខែសីហា
ឆ្នាំ២០២២ គេពុំឃើញស្រមោលលោក លឹម ងួន ហ៊ានចេញមុខមកតតាំងជាមួយប្រជាពលរដ្ឋដើម្បីបង្ហាញ ការពិតនោះឡើយ។ តើនរណាខូច នរណាត្រឹមត្រូវ ? សូមតាមដានស្ដាប់ការលើកឡើងរបស់អ្នកពាក់ព័ន្ធ ជាបន្តបន្ទាប់ដូចខាងក្រោម។

ដីរដ្ឋប្រមាណជាង១០០ហិកតាស្ថិតនៅ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ប្រជាពលរដ្ឋ ប្រមាណជាង២០គ្រួសារបានចូលទៅកាន់កាប់រស់នៅអាស្រ័យផលនៅក្នុងអំឡុង ឆ្នាំ២០០៥ ក្នុងមួយគ្រួសារ មានដីពីរហិកតា បីហិកតា ឬបួនហិកតា។ ដោយមើលឃើញទីតាំងនោះមានសក្ដានុពលលោក លឹម ងួន បាន ទៅទាក់ទងលួងលោមបោកបញ្ឆោតប្រជាពលរដ្ឋខាងលើថា ខ្លួននឹងធ្វើលិខិតកាន់កាប់ដីធ្លីបញ្ជាក់ត្រឹមភូមិឃុំ ជូនដោយតម្រូវឱ្យប្រជាពលរដ្ឋទាំងនោះយកអត្តសញ្ញាណប័ណ្ណ និងផ្ដិតមេដៃស្ដាំលើក្រដាសសសុទ្ធ។

ផ្ទុយទៅវិញលោក លឹម ងួន ពុំបានធ្វើលិខិតកាន់កាប់ដីធ្លីនោះទេគឺលោកបានក្លែងធ្វើជាលិខិតលក់ទិញដោយ ដាក់ឈ្មោះលោក លឹម ងួន ជាអ្នកទិញទាំងអស់ ប៉ុន្តែពលរដ្ឋទាំងអស់នោះមិនបានទទួលលុយអ្វីសោះឡើយ។ បែបបទនៃការធ្វើលិខិតលក់ទិញក្លែងក្លាយទាំងអស់នោះគឺមានទម្រង់តែមួយ អក្សរអ្នកសរសេរតែមួយ ហើយ នៅកន្លែងតែមួយគឺធ្វើនៅ ផ្ទះពេទ្យស្រស់។ ជាពិសេសក្នុងលិខិតលក់ទិញ (លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី) មាន ភាពមិនប្រក្រតីជាច្រើនដូចជា អ្នកលក់ខ្លះមកតាំងពី ខែត្រព្រៃវែង តាកែវ កំពត ជាដើម។ ទាំងនេះជាការរៀប រាប់ប្រាប់អ្នកសារព័ត៌មានយើងពីសំណាក់ប្រជាពលរដ្ឋរងគ្រោះដីធ្លី។

មេឃុំកែវផុស បច្ចុប្បន្នលោក ផេង ម៉ីន ពុំបានមានប្រសាសន៍ឆ្លើយតបបញ្ជាក់ពីបញ្ហាទំនាស់ដីធ្លីខាងលើនោះ អ្វីទេ នៅពេលអ្នកសារព័ត៌មានទាក់ទងគាត់តាម ប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បី សុំណាត់ជួបសម្ភាសន៍គាត់ផ្ទាល់។ តែក្រោយមកភ្នាក់ងារសារព័ត៌មានយើងទទួលបានលិខិតបំភ្លឺដើម្បីលាងខ្លួន របស់លោកមេឃុំកែវផុស លេខ០៤០/២២ ឃកផ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ទៅវិញ។

នៅក្នុងលិខិតបំភ្លឺលាងខ្លួនរបស់លោក មេឃុំកែវផុស ខាងលើបានសរសេរថា សេចក្ដីបំភ្លឺ !រដ្ឋបាល ឃុំកែវផុស សូមជម្រាបជូនលោក លឹម ងួន ឱ្យបានជ្រាបថា គំនូសបង្ហាញទីតាំងដីមានទំហំប្រមាណជាង ៤២៧.៣៣២ (សែសិបពីរម៉ឺនប្រាំពីរពាន់បីរយសាមសិបពីរ) ម៉ែត្រការ៉េស្ថិតនៅ ភូមិឫទ្ធី2 ឃុំកែវផុស ស្រុកស្ទឹងហាវ ខែត្រ ព្រះសីហនុ ដែលបានចុះហត្ថលេខានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយលោក ផេង ម៉ីន មេឃុំកែវផុស។ ដោយការចុះហត្ថលេខានេះលោក លឹម ងូន សន្យាចំពោះមុខលោកមេឃុំថា គ្រាន់តែទុកសម្រាប់មើលទេ។

លោក ផេង ម៉ីន ក៍បានបញ្ជាក់យ៉ាងច្បាស់ទៅលើលោក លឹម ងួន ទៀតថា ការចុះហត្ថលេខានេះមិនអាចយក ទៅប្រើប្រាស់អ្វីក្រៅពីនេះបានទេ ហើយលោក លឹម ងួន ក៍បានយល់ច្បាស់ និងស្របតាមការបញ្ជាក់របស់ លោកមេឃុំផងដែរ។ ប៉ុន្តែមួយរយៈក្រោយមកស្រាប់តែឃើញលោក លឹម ងួន យកគំនូសបង្ហាញទីតាំងនោះ ទៅប្ដឹងផ្ដល់អ្នកដទៃផ្ទុយពីការបញ្ជាក់របស់លោកមេឃុំទៅវិញ។ លោកមេឃុំក៍បានណែនាំលោក លឹម ងួន ជាច្រើនលើកច្រើនសារដែរ ប៉ុន្តែគាត់មិនព្រមស្ដាប់តាមការណែនាំនោះឡើយ។ អាស្រ័យដូចបានជម្រាប
ជូនខាងលើខ្ញុំសូមមោឃភាពលើគំនូសបង្ហាញដីនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

យោងតាម សេចក្ដីបំភ្លឺ របស់រដ្ឋបាល ឃុំកែវផុស និងឯកសារមួយចំនួនមានចំណុចគួរឱ្យសង្ស័យជាច្រើន។ តើនរណាជាអ្នកក្លែងឯកសារទាំងនោះ ?

ពាក់ព័ន្ធនឹងបញ្ហាចម្រោងចម្រាស់ខាងលើ អង្គភាពសារព័ត៌មានយើង ទទួលបានកំណត់ហេតុប្រជុំមួយចុះថ្ងៃ ទី៩ ខែមីនា ឆ្នាំ២០២២ របស់សាលា ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ បញ្ជាក់ថា លោក លឹម ងួន ពុំមានដីនៅ តំបន់ខាងលើនោះទៀតទេ។ ព្រោះលោកបានលក់ទៅឱ្យលោក នងឌី ណារ៉ា អតីតមេ ឃុំកែវផុស ហើយ។ តើ លោក លឹម ងួន បានដីពីណាទៅលក់ឱ្យមនុស្សជាច្រើននាក់រាប់មិនអស់ ? ហើយថែមទាំងប្ដឹងប្រជាពលរដ្ឋ រងគ្រោះដីធ្លីថា បានចូលទៅកាន់កាប់បំពានលើដីរបស់ខ្លួន ?

លោក លឹម ងួន អាយុ ៥៨ឆ្នាំ រស់នៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ មុខរបរជាអ្នកជួញដូររឿងដីធ្លីនៅខែត្រព្រះសីហនុ ទាក់ទងទៅនឹងការចោទប្រកាន់របស់អ្នកភូមិ (ប្រជាពលរដ្ឋ) ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មាន បានព្យាយាមទាក់ទង តាមទូរស័ព្ទ និងតាមប្រព័ន្ធ តេឡេក្រាម ដើម្បីសុំការបំភ្លឺអំពើរឿងខាងលើតែយើងពុំអាចទំនាក់ទំនងបានឡើយ។

ពលរដ្ឋរងគ្រោះដីធ្លីចំនួន៤នាក់ក្នុងចំណោមប្រជាពលរដ្ឋជាង២០គ្រួសាររស់នៅ ភូមិឃុំខាងលើបានឱ្យភ្នាក់ងារ សារព័ត៌មានយើងដឹងកាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នោះថា លោក លឹម ងួន មានល្បិចច្រើន ណាស់ និងកុំថាឡើយណាត់ជួបទល់មុខគ្នានៅ ស្រុកស្ទឹងហាវ ដើម្បីបកស្រាយការពិតនៅចំពោះមុខអាជ្ញាធរ មានសមត្ថកិច្ចសូម្បីតែទូរស័ព្ទក៍លោក លឹម ងួន លែងលើកទទួលដែរហើយ «កុំថាឡើយជួបប្រជាពលរដ្ឋ សូម្បីតែ តុលាការ ក៍លោក លឹម ងួន មិនទៅជួបផងដែរ»។

ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅតែទទូចស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចសូមមេត្តាជួយលៃលករកមធ្យោបាយឱ្យពួកគាត់បានជួបលោក លឹម ងួន នៅសាលា ស្រុកស្ទឹងហាវ ដើម្បីតតាំងគ្នាដោះស្រាយតាមសន្តិវិធី។

គួររំលឹកថា មិនមែនមានតែប្រជាពលរដ្ឋប៉ុណ្ណោះទេដែលត្រូវលោក លឹម ងួន បោកប្រាស់គឺសូម្បីតែមន្ត្រីរាជការ មួយចំនួន អ្នកសារព័ត៌មានខ្លះ និងអាជីវករដែលមានលុយមានកាក់ផ្សេងៗទៀតក៍ចាញ់បោកលោក លឹម ងួន ដែរតែពួកគាត់មិនហ៊ានឮមាត់ព្រោះខ្មាសគេ៕

លោក លឹម ងួន ដែលកំពុងតែជាប់ចោទលួចយកដីប្រជាពលរដ្ឋនៅ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ