លោកប៊ុតសារ៉េតនាយកអង្គភាពលទ្ធកម្មក្រុងភ្នំពេញកំពុងខំបិទបាំងរឿងអាស្រូវពុករលួយរបស់ខ្លួន

0
230

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ថ្មីៗនេះរឿងអាស្រូវពុករលួយពេញបន្ទុកលោក ប៊ុត សារ៉េត នាយកអង្គភាពលទ្ធកម្មនៃសាលារាជធានី ភ្នំពេញ ត្រូវបានមន្ត្រីរាជការ ក្នុងអង្គភាពនេះលាតត្រដាងដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងក៍ដូចជាស្ថាប័នពាក់ព័ន្ធ បានដឹងឮ ហើយចាត់វិធានការទប់ស្កាត់តាមផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ នេះបើតាមការបញ្ជា ក់ពីមន្ត្រីរាជការ នៃសាលារាជធានីភ្នំពេញប្រាប់ បាយ៉ង់ថែមស៍ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

ក្រោយពេលផ្ទុះរឿងអាស្រូវរបស់ខ្លួនត្រូវបើកកកាយជាបន្តបន្ទាប់ប្រភពខាងលើបានបញ្ជាក់ទៀតថា លោក ប៊ុត សារ៉េត នាយកអង្គភាពលទ្ធកម្មនៃ សាលារាជធានីភ្នំពេញធ្វើការបកស្រាយបំភ្លឺតាមបណ្តាញព័ត៌មានមួយចំនួន ដើម្បីបិទបាំងនូវរឿងអាស្រូវពុករលួយរបស់ខ្លួនទាំងខ្មៅងងឹត។ ក៍ប៉ុន្តែទោះជាយ៉ាងណាលោក ប៊ុត សារ៉េត នាយកអង្គភាពលទ្ធកម្មរូបនេះមិនអាចបិទបាំងអំពើពុករលួយរបស់ខ្លួនបានទេ បើទោះបីខិតខំយកឈ្មោះមន្ត្រី ធំៗក្នុង សាលារាជធានីភ្នំពេញ ធ្វើជាខ្នងបង្អែកក៍ដោយ។

មន្ត្រីរាជការក្នុង អង្គភាពលទ្ធកម្មភ្នំពេញ បានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយពេញបន្ទុកនេះជាបន្ទាន់។ ដោយហេតុថា ចាប់តាំងពី ជំនាន់លោក ប៉ា សុជាតិវង្ស ធ្វើជាអភិបាលរាជធានីភ្នំពេញរហូតដល់លោក ឃួង ស្រេង ធ្វើជាអភិបាលរាជធានី ភ្នំពេញ សព្វថ្ងៃនេះគឺលោក ប៊ុត សារ៉េត និងបក្ខពួកនៅតែប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ដោយគ្មាន ខ្លាចកោតក្រែងអ្វីទាំងអស់។ ជាងនេះទៅទៀតលោក ប៊ុត សារ៉េត តែងយកឈ្មោះលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ មកធ្វើជាយ័ន្តដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួន។

ប្រភពស្និទ្ធនឹងលោក ប៊ុត សារ៉េត នាយកអង្គភាពលទ្ធកម្មសាលារាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា គម្រោង អភិវឌ្ឍន៍នានាក្នុង រាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ប៊ុត សារ៉េត និងបក្ខពួកដែលល្បី ល្បាញខាងពុករលួយ កិបកេងប្រវ័ញ្ច​ថវិកាជាតិ តាមអំពើចិត្តជាច្រើនឆ្នាំមកហើយ។ ហេតុនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមិនគួរបណ្តែតបណ្តោយតទៅទៀតទេ។​ ព្រោះអំពើពុករលួយច្រើនបែបច្រើន យ៉ាងរបស់លោក ប៊ុត សារ៉េត នាយកអង្គភាពលទ្ធកម្ម គឺជារឿងដែលមិនអាចបិទបាំងបានឡើយបើទោះបី លោកខិតខំបំភ្លឺតាមបណ្តាញព័ត៌មានមួយចំនួនក៍ដោយ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្ដែតបណ្តោយឲ្យលោក ប៊ុត សារ៉េត នាយកអង្គភាពលទ្ធកម្ម សាលារាជធានីភ្នំពេញ សាងភាពល្បីល្បាញខាងពុករលួយតទៅទៀតឡើយ។

នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ប៊ុត សារ៉េត នាយកអង្គភាពលទ្ធកម្ម សាលារាជធានីភ្នំពេញ ក៍ដូចអ្នកនាំពាក្យ មិនអាចធ្វើការទំនាក់ទំនងបានទេ ជុំវិញការចោទប្រកាន់ខាងលើនេះ៕