លោក កែវ សុខឃាង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ ព្រមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម ត្រូវបានដកបញ្ឈរជើង

0
230

ដោយៈ អធិបតី
ភ្នំពេញៈ តាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា លោក កែវ សុខឃាង អតីតមេគយចល័តទូទាំងប្រទេស បច្ចុប្បន្នជា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម អតីតមេគយចល័តតំបន់៣ ឈរជើងនៅផ្លូវជាតិលេខ៤ស្រែអំបិល ត្រូវបានដកបញ្ឈរជើងឲ្យមកបង្ហាញខ្លួន នៅនាយកដ្ឋានបុគ្គលិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារៀងរាល់ថ្ងៃធ្វើការ។ ប្រភពខ្លះទៀតបង្ហើបថា ករណីនេះ ដោយសារតែពួកគាត់ជាប់ការសង្ស័យពាក់ព័ន្ធនឹងការផ្តល់ព័ត៌មានឲ្យទៅក្រុមប្រឆាំងក្រៅប្រទេសវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា និងមេគយកម្ពុជារបស់ខ្លួន។

បើតាមផេកផ្លូវការរបស់លោក ផែង វណ្ណៈ នៅព្រលប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានសរសេរសារបង្ហោះជាបន្តបន្ទាប់ថា តាមប្រភពពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហើបឱ្យដឹងថា លោក កែវ សុខឃាង អគ្គនាយ ករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមទាំងប្អូនប្រុសឈ្មោះ កែវ អង្កាម មន្រ្តីគយ ដែលត្រូវបានដកបញ្ឈរជើងទាំងពីរនាក់បងប្អូនពីបទសង្ស័យពាក់ព័ន្ធរឿងពុករលួយ។ លោកសរសេរទៀតថា បើដកតំ ណែងហើយគួរតែស្រាវជ្រាវស៊ើបអង្កេតរឹបអូសទ្រព្យសម្បត្តិថែមទៀតទើបល្អ ដើម្បីជាការព្រមានមន្រ្តីផ្សេង
ៗកុំឱ្យប្រព្រឹត្តអំពើពុករលួយ។

ប្រភពដដែលបានបន្ថែមថា លោក កែវ សុខឃាង (អតីតមេគយចល័តទូទាំងប្រទេស) និងប្អូនប្រុសឈ្មោះ កែវ អង្កាម (អតីតមេគយចល័តតំបន់៣ ឈរជើងផ្លូវបំបែកស្រែអំបិល) ត្រូវថ្នាក់លើរបស់ខ្លួនឱ្យទៅបង្ហាញខ្លួននៅ នាយកដ្ឋានបុគ្គលិក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀងរាល់ថ្ងៃធ្វើការ។

ប្រភពពីលោក ផែង វណ្ណៈ បានបង្ហោះសារនៅលើ គេហទំព័រផែងវណ្ណៈញូវ បន្តទៀតថា និយាយដើមមន្ត្រីលោ ភលន់ ! មន្ត្រីលោភលន់មានមហិច្ឆតាខ្ពស់ណាស់ មានតួនាទីធំហើយ មានលុយច្រើនហើយ នៅតែចិញ្ចឹមចិត្តចង់បានតួនាទីធំលើសតួនាទីដែលខ្លួនកំពុងមានទៅទៀត…។ ដើម្បីអនុវត្តន៍ផែនការលោភលន់របស់ខ្លួនពេលខ្លះខ្ចីដៃអ្នកកាសែតឱ្យជួយវាយប្រហារមេរបស់ខ្លួន ដើម្បីខ្លួនមានឱកាសយកតំណែងមេរបស់ខ្លួន ថែមទៀតផង។

លោកបញ្ជាក់ថា មន្ត្រីលោភលន់ប្រភេទនេះ ពេលខ្លះហ៊ានផ្ដល់ព័ត៌មានឱ្យពួកប្រឆាំងវាយប្រហារមកលើ រាជរដ្ឋាភិបាល ក៍មានដែរ( ខ្ចីដៃសត្រូវវាយប្រហារមកលើថ្នាក់ដឹកនាំ )។ មន្ត្រីលោភលន់ប្រភេទនេះ មិនគួរទុកទេបើចាប់ភស្តុតាងបានគួរតែដេញចោលហើយរឹបអូសទ្រព្យសម្បត្តិថែមទៀតបានត្រឹមត្រូវ។ ត្រឹមតែអាហារ ៣ពេលម្ដេចក៍លោភលន់ខ្លាំងម្ល៉េះ !

ដោយឡែកប្រភពក្រៅផ្លូវការបានឲ្យដឹងថា ការដកតំណែងរបស់លោក កែវ សុខឃាង និងប្អូនប្រុស កែវ អង្កាម បានធ្វើឡើងក្រោយពីមន្ត្រីជំនាញរកឃើញ និងសង្ស័យថា អ្នកទាំងពីរនាក់ព្រោះតែចង់បានតំណែងធំនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលួចផ្តល់ព័ត៌មាន ឲ្យបណ្តាញព័ត៌មានប្រឆាំងនៅក្រៅប្រទេសបើកការវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចង់បានតំណែង។

មន្ត្រីគយម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ «បាយ៉ង់ថាមស៍» នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថា ពិតជាមានការដកបញ្ឈរជើងមន្ត្រីគយទាំងពីរនាក់បងប្អូនខាងលើមែន គឺរឿងនិយាយបរិហារកេរ្ដិ៍លោកបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រឿងនេះកើតមានឡើងរយៈពេលពីរបីថ្ងៃមកហើយ។

ជុំវិញបញ្ហាខាងលើនេះ អង្គភាពយើងមិនអាចស្វែងរកសុំការបកស្រាយពីលោក កែវ សុខឃាង និងលោក កែវ អង្កាម ទាំងពីរនាក់បងប្អូនបាននៅឡើយទេ ដោយសារគ្មានប្រភពទំនាក់ទំនង។ អង្គភាពយើងរង់ចាំធ្វើការបកស្រាយជានិច្ច។ ចំណែកនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សែ សុឃន អគ្គនាយករង គយ និងរដ្ឋាករកម្ពុជានិងជាអ្នកនាំពាក្យគយ គេមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដែលជុំវិញករណីខាង លើនេះ៕