រំលោភយកដីឧទ្យានជាតិបទុមសាគរបានជាច្រើនហិកតារួចធ្វើរបងហ៊ុមព័ទ្ធជាកម្មសិទ្ធិបុគ្គល

0
148

កោះកុងៈ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតថា លោក ខៀវ សុកាន បានរំលោភ យកដីឧទ្យានជាតិបទុមសាគរ បានជាច្រើនហិកតាកាលពី១០ឆ្នាំមុនរួចបានធ្វើរបងហ៊ុមព័ទ្ធយកជាកម្មសិទ្ធិឯក ជនដោយមិនមានទោសទណ្ឌអ្វីសោះឡើយគឺវាផ្ទុយពីពលរដ្ឋក្រក្រីដោយគ្រាន់តែស៊ីឈ្នួលកាប់ឆ្កាព្រៃឱ្យគេក៏ជាប់ គុកយ៉ាងតិច៥ឆ្នាំដែរ។

ការ្យនេះបានធ្វើឱ្យកក្រើកដល់សាលា ស្រុកបទុមសាគរ​ ចេញលិខិតបង្គាប់ឱ្យលោក ខេង សំខាន់ អភិបាលរង ស្រុកបទុមសាគរ ខែត្រកោះកុង និងកាលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅលោក ចៅហ្វាយស្រុករងបទុមសាគរ ក៏បានដុតដៃដុតជើង ដឹកនាំក្រុមការងារស្រុកចុះពិនិត្យទីតាំងដែលលោក ខៀវ សុកាន បានរំលោភបំពានយកដីរដ្ឋ។ លទ្ធផលសង្កេតឃើញថា លោក ខៀវ សុកាន បានដាំជាដំណាំអាស្រ័យផលបាត់ទៅហើយ។ នេះ យោងការឱ្យដឹងពីលោក អភិបាលរង ស្រុកបទុមសាគរ តាមប្រព័ន្ធតេឡេក្រាម។

អភិបាលរង ស្រុកបទុមសាគរ លោក ខេង សំខាន់ បញ្ជាក់បន្ថែមថា ករណីខាងលើហ្នឹងមានការដាំដុះអាស្រ័យផលទៅហើយ និងតាមការផ្ទៀងផ្ទាត់ទីតាំងខាងលើគឺវាស្ថិតក្នុង អនុក្រឹត្យលេខ៣០ អនក្រ,បក។

តាមប្រភពព័ត៌មានពីមន្ត្រីក្នុងសាលា ស្រុកបទុមសាគរ សុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ អង្គភាពសារព័ត៌មានយើងថា ដីលោក ខៀវ សុកាន អាជ្ញាធរបានចុចនិយាមការឃ្លុំដីទុកឱ្យលោក ខៀវ សុកាន រួចស្រេចចំនួនប្រមាណ ២៣ហិកតាត្រូវគ្នាជាប្រព័ន្ធយ៉ាងរលូន។

លោក ខៀវ សុកាន អាយុ៤០ប្លាយ បច្ចុប្បន្នរស់នៅ ភូមិចម្ការលើ ឃុំថ្មស ស្រុកបទុមសាគរ ខែត្រកោះកុង។ លោកជាអតីតអ្នករកស៊ីបទល្មើសនេសាទគឺព័ទ្ធសមុទ្រធ្វើស៊ុមគ្រែងនៅ ឃុំថ្មស ស្រុកបទុមសាគរ ខែត្រកោះកុង ពុំអាច សុំការបញ្ជាក់បានទេតាមប្រព័ន្ធតេឡេក្រាម និងតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនការចេញផ្សាយ។

ប្រជាពលរដ្ឋក្រក្រីមានក្ដីសង្ឃឹមជឿជាក់ថា មន្ទីរបរិស្ថាន ខែត្រកោះកុង និងលោកជំទាវ អភិបាល ខែត្រកោះកុង នឹងដាក់ការស៊ើបអង្កេតឱ្យស៊ីជម្រៅចំពោះករណីរំលោភបំពានយកដីរដ្ឋដែលជាសម្បត្តិសាធារណៈ និងស្នើសុំឱ្យ អង្គភាពប្រឆាំងអំពើពុករលួយ សិក្សាស្រាវជ្រាវស៊ើបអង្កេតលើលោក ខៀវ សុកាន រួមជាមួយបក្ខពួកគូកនដែលបានគប់គិតគ្នាបើកដៃឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ៕