នៅក្នុងសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា នៃប្រការ១ បានបញ្ជាក់ថា « ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្ដរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាល ស្រុកល្វាឯម នៃខែត្រកណ្ដាល ដោយសារសាម៉ីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិលនៃ ព្រះរាជាណាចក្រកម្ពុជា»។
ពិតជាមិនធម្មតាលោក កន សុខកាយ មានតួនាទីត្រឹមជា អភិបាល ស្រុកល្វាឯម សោះមានលុយ៣០ម៉ឺនដុល្លារ ដើម្បីយកសូកប៉ាន់ដើម្បីបានតំណែងជា អភិបាល ក្រុងអរិយក្សត្រ។ សេចក្ដីលោភរបស់គាត់នៅពេលនេះត្រូវបានគេចាត់ទុកថាប្រាក់ក៍បង់ថង់ក៍ដាច គឺមានអ្វីទៀតចាញ់បោកគេហើយ ត្រូវអស់តំណែង កិត្តិយសក៍ស្រុតចុះយ៉ាងត្រដាបថែមទៀត។
យោងតាម ផេកហ្វេសប៊ុក ផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ ថា « ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាល ស្រុកល្វាឯម ថា លី សាម៉េត បានយកប្រាក់ពីគាត់៣០ម៉ឺនដុល្លារដើម្បីរត់ការឲ្យបានតំណែងជា អភិបាល ក្រុងអរិយក្សត្រ»។
គួរបញ្ជាក់ថា បើយោងតាម ច្បាប់ប្រឆាំងអំពើពុករលួយ អ្នកទទួលសំណូក និងអ្នកសូក គឺមានទោសស្មើគ្នា។ ដូច្នេះរឿងនេះវាស្ថិតនៅលើការពិចារណារបស់ថ្នាក់ដឹកនាំជាតិ ដែលលោកជាអ្នកសម្រេចដើម្បីអារកាត់សាច់ស្អុយនេះ៕