រដ្ឋមន្ត្រីក្រសួងធនធានទឹកចុះពិនិត្យស្ថានភាពទឹកនិងបញ្ជាការងារអន្តរាគមន៍នៅទំនប់អាងទឹកត្រពាំងថ្ម

0
195

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយលោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការជា ប្រធានមុខព្រួញក្រុមមន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្ត បន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍នៅ ទំនប់អាងទឹកត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

អាងទឹកត្រពាំងថ្ម មានលទ្ធភាពស្តុកទឹកជាអតិបរមាចំនួន១៨០លានម៉ែត្រគូប តែនៅវេលាចាប់ពីម្សិលមិញគឺ ថ្ងៃទី២៣ ខែតុលា មកដល់ពាក់កណ្តាលអធ្រាត្រម៉ោងជាង៣យប់មិញទឹកទាំងអស់ដែលសរុបប្រមូលទាំង ស្រុងហូរចុះមកពី អូរកំបុត (ប្រទេសថៃ) និងមកពីប៉ែកខាងអាងទឹកស្ទឹង ខេត្តឧត្តរមានជ័យ ធ្វើឲ្យបរិមាណ ទឹកកើនឡើងរហូតដល់២២០លានម៉ែត្រគូប។

ទោះជាក្នុងស្ថានភាពយ៉ាងនេះក្តី អ្វីជាការព្រួយបារម្ភនោះគឺខ្យល់បក់ខ្លាំងបង្កជារលកវាយជើងទេរទំនប់បង្ខំឲ្យ មាន ការប្រុងប្រយ័ត្ន ដោយមានការសហការចូលរួមកម្លាំងពីអាជ្ញាធរថ្នាក់ស្រុក និងបងប្អូនប្រជាពលរដ្ឋនៅ មូលដ្ឋានយ៉ាងសស្រាក់សស្រាំ រួមទាំងគ្រឿងចក្ររៀបបាវដីដើម្បីការពាររលកវាយជើងទេរទំនប់ត្រង់ផ្នែក ខ្លះនៃទំនប់ដែលមានប្រវែងសរុបជាង២០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា រាល់ទ្វារទឹក និងច្រកចេញរបស់ ប្រព័ន្ធអាងទឹកត្រពាំងថ្ម បានបើកចំហរអស់រយ:ពេលជាង១ សប្តាហ៍មកហើយ តាមបទបញ្ជារបស់លោករដ្ឋមន្រ្តី។ ពីរថ្ងៃមកហើយដែលនៅប៉ែកខាងលើមិនមានភ្លៀង ធ្លាក់កម្លាំងទឹកក៍ចុះខ្សោយបន្តិចដែរ នៅក្នុងរយ:ដ៏ខ្លីនាពេលខាងមុខនឹងវិលមករកប្រក្រតីភាពឡើងវិញ៕