រកឃើញព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនៅប្រទេសស្រីលង្កា

0
740

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ នៅក្នុងអាខោហ្វេសប៊ុក ព្រះសាមណេរនាម ស៊ុន សុមេធោ ( Sumedho SK ) សរសេរអំពីការរក ឃើញ ព្រះបរមសារីរិកធាតុនៃ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនៅ ប្រទេសស្រីលង្កា ក្នុងព្រះចេតិយបុរាណ មួយឈ្មោះថា ទីឃវាបិ ដែលមាន កោដ្ឋថ្មធំមួយ នោះមានកោដ្ឋមាសចំនួន៤ ហើយក្នុងកោដ្ឋមាសទាំង៤នោះ ទៀតសោតក៍មាន កោដ្ឋមាសតូចៗចំនួន៦ និងកូនកោដ្ឋថ្មគ្រីស្តាល់មួយចំនួននៅក្នុងនោះទៀត។

នៅព្រះរាជាណាចក្រកម្ពុជា ក៍មានទីតម្កល់ ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ ដែរគឺនៅមុខស្ថានីយរថ ភ្លើងជាប់នឹង ផ្លូវព្រះមុនីវង្ស ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប៉ុន្តែក្រោយមកក៍ត្រូវបាន សម្ដេចតា ព្រះបរមរតនកោដ្ឋ នៃយើងទ្រង់យាង ព្រះបរមសារីរិកធាតុ ទៅតម្កល់លើភ្នំព្រះរាជទ្រព្យហៅថា ភ្នំឧដុង្គ ស្ថិតក្នុង ស្រុកពញាឮ ខេត្តកណ្ដាល រហូតដល់សព្វថ្ងៃនេះ។

ខាងក្រោមនេះជាសេចក្ដីដើមរបស់ ព្រះសាមណេរ សុមេធោៈ ព្រះទីឃវាបិចេតិយ៍ දීඝවාපි චෛත්‍යය។ដោយ ឃើញនៅប្រទេសស្រីលង្កាប៉ុន្មានថ្ងៃនេះល្បីផុសផុលយ៉ាងខ្លាំងអំពីរឿងដែលគេបានរកឃើញព្រះបរមសារីរិកធាតុ​ ក្នុងព្រះចេតិយទីឃវាបិនេះ ដូចនេះហើយ ថ្ងៃនេះ ខ្ញុំព្រះករុណាអាត្មាភាព សូមលើកយកអត្ថបទស្រាវជ្រាវ សង្ខេបអំពីទីតាំង, ការធ្វើកំណាយ និង​ប្រវត្តិ នៃព្រះចេតិយ ទីឃវាបិនេះ មកចែកជូន និងប្រគេនគុណម្ចាស់ និងញាតិញោមដូចតទៅ:

ទីតាំង ទីឃវាបិស្ដូប ឬ នខាចេតិយនេះ ស្ថិតនៅនាក្រុងឈ្មោះ អម្បារៈ ខេត្តភាគខាងកើត នៃប្រទេសស្រី លង្កា។ សព្វថ្ងៃ ព្រះចេតិយនេះ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងហើយក៍កំពុងត្រូវបានគេជួសជុលឡើង វិញជាបណ្ដើរៗផងដែរ។ ដោយសារតែតំបន់នេះ ភាគច្រើនសម្បូរណ៍ទៅដោយជនជាតិមូស្លីមរស់នៅ។ ដូច្នេះហើយទើបមានការយឺតយ៉ាវក្នុងការជួសជុលឡើងវិញ។​ បូជនីយដ្ឋាននេះមានចម្ងាយពី ទីក្រុងអម្បារៈ ១៩គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ៣២៣គីឡូម៉ែត្រ​ពី រដ្ឋធានីកូឡុំបូ ព្រមទាំងមានចម្ងាយ២០៥គីឡូម៉ែត្រ ពី ទីក្រុងឃេនឌី ផងដែរ។

ការធ្វើកំណាយថ្មីៈ នៅថ្ងៃទី១៨​ ខែវិច្ឆកា​ ឆ្នាំ២០២០​ នេះ​ពួកបុរាណវិទូ នៃប្រទេសស្រីលង្កា មួយក្រុម​បានធ្វើ កំណាយ​នូវ ព្រះចេតិយ បុរាណដ៏ចាស់ទ្រុឌទ្រោម​ដែលមានឈ្មោះថា​ ទីឃវាបិចេតិយ​ (දීඝවාපි චෛත්‍යය) នៅចំកន្លែងដែលធ្លាប់មានពពួកជនខឹលខួចប៉ុនប៉ងលួចគាស់កាលពីឆ្នាំមុនៗ។ បន្ទាប់ពីត្រូវបានធ្វើកំណាយ មួយផ្នែកនោះរួចហើយពួកអ្នកបុរាណវិទូទាំងនោះបានប្រទះឃើញ កោដ្ឋថ្ម មួយ។ ក្រោយពីបានបើក ព្រះកោដ្ឋថ្ម នោះហើយ​គេក៍ឃើញក្នុង កោដ្ឋថ្ម នោះមានកោដ្ឋមាសចំនួន៤ ហើយក្នុងកោដ្ឋមាសទាំង៤នោះ ទៀតសោត ក៍មាន កោដ្ឋមាសតូចៗចំនួន៦ និងកូនកោដ្ឋថ្មគ្រីស្តាល់មួយចំនួនក្នុងនោះទៀតផង។ នៅក្នុង ព្រះកោដ្ឋ តូចៗទាំងនោះត្រូវបានគេជឿថា មានតម្កល់ ព្រះបរមសារីរិកធាតុ មួយចំនួនផងដែរ។ (ចូរមើល ក្នុងវិឌេអូបន្ថែម)។

ព្រះបរមកោដ្ឋ ទាំងនេះគេបានយកទៅតម្កល់នៅសាលាឃុំនៃតំបន់នោះ ហើយនឹងត្រូវបញ្ចុះទៅក្នុង ព្រះចេតិយ នេះវិញក្រោយពីជួសជុល ព្រះចេតិយ នេះរួចជាស្ថាពរ។ អន្តរកាលចាប់ពីថ្ងៃដែលបានរកឃើញនេះរហូតដល់ ថ្ងៃដែលនឹងបញ្ចុះក្នុង ព្រះចេតិយ វិញថ្នាក់ដឹកនាំនៅតំបន់នោះ​ក៍បានរៀនចំ និងទុកពេលវេលាដល់ ប្រជាពុទ្ធ បរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ឲ្យមានឱកាសបានថ្វាយបង្គំគោរពបូជានូវ ព្រះបរមសារីរិកធាតុ ទាំងនេះ​ជារៀង រាល់ថ្ងៃទៀតផងដែរ។

ប្រវត្តិព្រះចេតិយៈ
បើយោងទៅតាមគម្ពីរទីបវង្សៈបានឲ្យដឹងថា “ក្រោយពីព្រះពុទ្ធបរមគ្រូ ទ្រង់បានសោយចង្ហាន់របស់មណិអក្ខិក នាគរាជនៅនគរកល្យាណីរួចហើយ ព្រះអង្គបានយាងទៅកាន់ឰដវេហា មួយអន្លើដោយព្រះអរហន្តប្រមាណ ៥០០ រូប ហោះសំដៅមកកាន់ទីស្ថានព្រះចេតិយទីឃវាបិនេះ ហើយបានចូលនិរោធសមាបត្តិនៅចំទីស្ថាន ព្រះចេតិយនេះ”។ ក្រោយមក ព្រះចេតិយនេះត្រូវបានគេកសាងនៅក្នុងសតវត្សរ៍ទី ០២ មុនគ្រិស្តសករាជ ដោយព្រះបាទសិទ្ធាតិស្ស ជាព្រះអនុជនៃព្រះបាទទុដ្ឋគាមណីអភ័យ។ ម្យ៉ាងទៀត ពុទ្ធសាសនិកជនជាតិ ស្រីលង្កាតាំងពីបុរាណមកមានជំនឿយ៉ាងមុតមាំថា “ក្នុងព្រះស្តូបនេះមានតម្កល់ព្រះនខាធាតុ (ក្រចក) នៃព្រះហស្តខាងឆ្វេងរបស់ព្រះពុទ្ធជាម្ចាស់” ដូច្នេះហើយ ទើបនៅក្នុង គម្ពីរភាសាសីហឡៈ បុរាណឈ្មោះ បូជាវលី បានឲ្យឈ្មោះ ព្រះចេតិយ នេះផ្សេងទៀតថា ទីឃនខាចេតិយ និង នខាចេតិយ ផងដែរ។

បើយោងទៅតាម គម្ពីរបបញ្ជសូទនី បានឲ្យដឹងថា “កាលព្រះថេរៈ ព្រះនាម មលិយទេវៈ សម្ដែងធម្មទេសនា អំពីធជគ្គសូត្រ ខណៈនោះ មាន ព្រះភិក្ខុ រហូតទៅដល់៦០ ព្រះអង្គបានសម្រេចជា ព្រះអរហន្ត ក្នុងទីស្ថានជិត ព្រះចេតិយ នេះទៀតផង”។

ម្យ៉ាងវិញទៀតបើតាមអដ្ឋកថា សារត្ថប្បកាសិនី បានរៀបរាប់យ៉ាងសង្ខេបអំពីអានុភាព និងភាពអស្ចារ្យ នៃព្រះ បរិត្តឈ្មោះ ធជគ្គបរិត្ត និងព្រះចេតិយ យ៉ាងនេះថា “បានឮថាកាលពួកជាងកំពុងលាបកំបោរស ក្នុងទីស្ថាន ព្រះចេតិយទីឃវាបិ នេះមានបុរសម្នាក់បានភ្លាត់ជើងធ្លាក់ពីវេទិកាជាន់ខាងលើចុះមកតាម ផ្ទៃព្រះចេតិយ។ រំពេចនោះ ពួកភិក្ខុដែលគង់នៅខាងក្រោមបានពោថា ចូរអ្នករំលឹកធជគ្គបរិត្ត។ បុរសនោះដោយភ័យតក់ស្លុត ចំពោះសេចក្តីស្លាប់ក៍បានពោលថា “ធជគ្គបរិត្តំ មំ រក្ខតុ” ” សូមធជគ្គបរិត្តរក្សាខ្ញុំផង”​ (ដោយអានុភាពនៃ ការរំលឹកនោះ) ខណៈនោះ​ស្រាប់តែមានឥដ្ឋចំនួន២ដុំក៍បានផុសចេញអំពីផ្ទៃនៃ ព្រះចេតិយ ធ្វើជាជណ្ដើរស ម្រាប់បុរសនោះជាន់។ បន្ទាប់មកពួកមនុស្សដែលនៅខាងលើក៍បានទម្លាក់ជណ្ដើរវល្លិឲ្យ។ កាលបុរសនោះ បានឡើងកាន់ជណ្ដើរវល្លិនោះ ហើយឥដ្ឋទាំង២ដុំនោះក៍ទៅកាន់កន្លែងដូចដើមវិញ”។

ឯកសារយោង “ទីបវង្សបាលីបាលី-សីហលៈ, មហាវង្សបាលីបាលី-សីហលៈ, បបញ្ចសូទនីបាលី-សីហលៈ, សារត្ថប្បកាសនីបាលី-សីហលៈ, បូជាវលី សីហលបុរាណ និង អត្ថបទកាសែត/ ទូរទស្សន៍ជាភាសា ស្រីលង្កា (សីហលៈ)” ។

អត្ថបទស្រាវជ្រាវដោយ សាមណេរ សុមេធោ អេង សុគង់។អត្ថបទស្រដៀងនេះលោកអ្នកក៍អាចរក បានក្នុង សៀវភៅ “ប្រវត្តិបូជនីយដ្ឋានតម្ពបណ្ណិទ្វីបត្រង់ទំព័រទី៩៨-១០០” រៀបរៀងដោយ គណៈកម្មការពុទ្ធមណ្ឌល អន្តរជាតិកម្ពុជា-ស្រីលង្កា ផងដែរ៕