មានអ្នករត់ការសម្របសម្រួលរឿងគយចាប់សាច់គោបង្កកមកពីឥណ្ឌានាំចូលកម្ពុជា

0
335

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ សាច់គោបង្កកមកពី ប្រទេសឥណ្ឌា ត្រូវឈ្មួញឃុបឃិតគ្នាជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនលួចនាំចូល កម្ពុជាតាម ច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ប៉ុន្តែករណីនេះត្រូវ កម្លាំងគយរាជធានីភ្នំពេញ ចាប់បានកាល ពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុង ខណ្ឌឫស្សីកែវ។ ព័ត៌មាននេះគេនៅមិនទាន់បង្ហាញអំពីលទ្ធផល នៃការបង្ក្រាបសាច់គោបង្កកនាំចូលពីឥណ្ឌាមកកម្ពុជាឡើយ។

យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះថា សាច់គោបង្កកមកពី ប្រទេសឥណ្ឌា ដឹកតាមរថយន្តរបស់ ក្រុមហ៊ុនខារ៉ាមីត (ដឹកតាមរថយន្តរបស់ យាយញាប់) និងកំពុងតែមានអ្នករត់ការសម្រប សម្រួលបិទរឿងនេះដើម្បីកុំឲ្យដឹងដល់ថ្នាក់លើជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ បន្ទាប់ ពីមានករណីនេះកើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ទីចាត់ការគយភ្នំពេញ បើកកិច្ចប្រជុំមួយ ពាក់ព័ន្ធរឿងនាំសាច់គោបង្កកពីឥណ្ឌាចូលមកកម្ពុជា។

លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនអាចសុំការអត្ថាធិប្បាយបានទេពាក់ ព័ន្ធករណីឈ្មួញនាំសាច់គោពីប្រទេសឥណ្ឌាចូលមកកម្ពុជាដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

កន្លងទៅថ្មីៗនេះ រដ្ឋាភិបាល តាមរយៈ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានចេញសេចក្តីប្រកាសកាលពី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ឩ្យផ្អាកការនាំចូលសាច់គោ និងទំនិញបង្កកទុកបានយូរមកពី ប្រទេសឥណ្ឌា។ បំរាមនេះធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា ប្រភេទសាច់បង្កក និងទំនិញបង្កក គឺមានហានិភ័យក្នុងការចម្លង ជំងឺកូវីដ១៩ បំឡែងថ្មីពីឥណ្ឌា ចូលមកកម្ពុជា នៅគ្រាដែលប្រទេសឥណ្ឌាកំពុងតែផ្ទុះការរីករាលដាលនៃ ជំងឺ កូវីដ១៩ ថ្មីយ៉ាងធ្ងន់ធ្ងរបំផុតរយៈពេលចុងក្រោយនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា សុំការសម្រេចលើវិធានផ្អាកការនាំចូលសាច់បង្កកពី ឥណ្ឌា ស្របពេលដែលប្រទេសនេះ កំពុងប្រឈមខ្លាំងនឹងការឆ្លងរាលដាលនៃ វីរុសកូវីដ១៩ បំប្លែងថ្មី។ លិខិតផ្ញើជូនទៅ សម្ដេចតេជោ នាយករដ្ឋ មន្ត្រី កាលពីនៅថ្ងៃទី៣០ ខែមេសា លោករដ្ឋមន្ត្រី បានស្នើសុំគោលការណ៍សម្រេចលើការ ឃាត់ទុកទំនិញ ដែលនាំចូលប្រទេសកម្ពុជា និងផ្អាកនាំចូលជាបណ្ដោះអាសន្ន នូវការនាំចូល សាច់បង្កក និងមុខទំនិញបង្កក ដែលនាំចូលមកពី ប្រទេសឥណ្ឌា។

លោករដ្ឋមន្ត្រីក៍បានស្នើសុំគោលការណ៍សម្រេចពី សម្ដេចតេជោ ហ៊ុន សែន ជុំវិញការបង្កើត គណៈកម្មការចំ ពោះកិច្ចមួយ សម្រាប់ស្រាវជ្រាវ និងត្រួតពិនិត្យមេរោគកូវីដ១៩ ជាពិសេស វីរុសកូរីដ១៩ លើសាច់ និងមុខទំ និញបង្កក ដែលមានហានិភ័យខ្ពស់ ទាំងនេះរួមទាំងស្នើសុំកិច្ចសហការពី រដ្ឋាភិបាលឥណ្ឌា ក្នុងការស្រាវជ្រាវ រកប្រភព និងបញ្ជាក់ពីការពាក់ព័ន្ធ នៃអ្នកបម្រើការផលិតវេចខ្ចប់បង្កក និងដឹកជញ្ជូននូវផលិតផលនេះជាមួយ នឹងអ្នកពាក់ព័ន្ធដែលកំពុងឆ្លងជំងឺកូដ១៩ ប្រភេទថ្មីនៅ ឥណ្ឌា។

ក្នុងករណីត្រូវបានរកឃើញថា ផលិតផលនេះមានជាប់ពាក់ព័ន្ធ ឬមានផ្ទុកនូវ វីរុសកូវីដ១៩ ក្រុមការងារ នឹងអនុ វត្តតាមវិធានច្បាប់ រួមទាំងការកម្ទេចផលិតផលសាច់បង្កក និងមុខទំនិញបង្កក នាំចូលពី ឥណ្ឌា នេះហាមឃាត់ ការនាំចូល និងស្រាវជ្រាវរកផលិតផល ដែលបានចែកចាយ ហើយដើម្បីកម្ទេចចោលដោយធ្វើការពន្យល់ទៅ ភាគីឥណ្ឌាដើម្បីចៀសវាងការភាន់ច្រឡំវិធានការដែលបានចាត់ និងវិធានការតបត ផ្នែកពាណិជ្ជកម្មនិងការ ទូត។

រហូតមកដល់បច្ចុប្បន្ននេះ គឺមិនទាន់មានការបញ្ជាក់ណាមួយ ឬឯកសារវិទ្យាសាស្ត្រ (Scientific Study) ណាមួយពីស្ថាប័នអន្តរជាតិ ជាពិសេសពី អង្គការសុខភាពពិភពលោក (World Health Organization) ថា មានការចម្លង វីរុសកូវីដ១៩ តាមរយៈសម្បកវេចខ្ចប់ ឬសាច់ស្រស់ នៅឡើយទេជាពិសេស អង្គការស្បៀង
និងកសិកម្មសហប្រជាជាតិ (FAO) និងរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (US FDA) ធ្លាប់បានបញ្ជាក់ ថា គ្មានទិន្នន័យណាបានបង្ហាញថា ការឆ្លង កូវីដ១៩ បណ្តាលមកពីសម្បកវេចខ្ចប់ និងសាច់បង្កក នោះទេ។ ប៉ុន្តែ រដ្ឋាភិបាល នៃប្រទេសមួយចំនួនរួមទាំងប្រទេសចិន ផងដែរធ្លាប់បានចាត់វិធានការបង្ការហានិភ័យតាម រយៈការហាមឃាត់ និងដុតកម្ទេចផលិតផល ដែលមាន ហានិភ័យ នេះផងដែរ។

ដោយឡែកចំពោះការត្រួតពិនិត្យ និងធ្វើតេស្តត្រួតពិនិត្យរក វីរុសកូវីដ១៩ លើសាច់បង្កក និងមុខទំនិញដែល មានហានិភ័យខ្ពស់ គឺជាវិធានការបង្ការហានិភ័យដោយមូលហេតុថា ការផ្អាកជាបណ្តោះអាសន្ន ដោយឈរលើ មូលដ្ឋានការពារសុខភាពសាធារណៈ។

ក្រសួងពាណិជ្ជកម្ម បានស្នើសុំគោលការណ៍ពី សម្ដេចតេជោបែបនេះបន្ទាប់ពីកម្ពុជាបានសម្រេចហាមឃាត់ អ្នកដំណើរទាំងអស់ធ្វើដំណើរមកពី ឬឆ្លងកាត់ពី ឥណ្ឌា មិនឲ្យចូល កម្ពុជា ជាបណ្ដោះអាសន្នសិន ដោយ សារតែការ ឆ្លងរីករាលដាល នៃមេរោគកូវីដ១៩ ទម្រង់ថ្មី B1617 កំពុងតែផ្ទុះឡើងខ្លាំងនៅឥណ្ឌា៕