ពលរដ្ឋ១៣៧គ្រួសារមានការភ័យខ្លាចបន្ទាប់ពីបុរសម្នាក់បើករថយន្តស្លាកលេខន.បទៅគំរាមកំហែងពីរឿងដីរួមភូមិទំហំ៥៤ហិកតា

0
238

ដោយៈ ច្បារមន
កំពង់ស្ពឺៈ ប្រជាពលរដ្ឋប្រមាណ១៣៧គ្រួសាររស់នៅ ភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មាន ការព្រួយបារម្ភភ័យខ្លាចអំណាចបុរសម្នាក់ដែលបានបើករថយន្តពាក់ស្លាកលេខនគរបាលមកគំរាមកំហែងក្នុង រឿងទំនាស់ដីរួមភូមិដែលមានទំហំ៥៤ហិកតាបានលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗ។

លោក ជា សាវឿន និងលោក នូ មីន តំណាងប្រជាពលរដ្ឋចំនួន១៣៧គ្រួសាររស់នៅភូមិឃុំខាងលើបានប្រាប់ ក្រុមអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះថា សព្វថ្ងៃពួកគាត់មានការព្រួយបារម្ភបន្ទាប់ ពីលោក ប៉ាក់ ចាន់ផល បានបើករថយន្តហ្វ័តរែងជឺ ពាក់ស្លាកលេខនគរបាល ២.៤១៤៥ មកជេរប្រមាថ និងគំ រាមកំហែងពលរដ្ឋរឿងដីទំនាស់នៅត្រង់ចំណុច «ដីរួមភូមិ» ដែលមានទំហំ៥៤ហិកតាត្រូវលោក ប៉ាក ចាន់ផល បានលួចឈួសឆាយ និងលួចធ្វើប័ណ្ឌកម្មសិទ្ធិកាលពី ឆ្នាំ២០២០។

តំណាងពលរដ្ឋបន្តទៀតថា ក្រុមប្រជាពលរដ្ឋទាំង១៣៧គ្រួសារធ្លាប់បានប្តឹងរឿងទំនាស់ដីធ្លីខាងលើនេះតាំង ពីអំឡុង ឆ្នាំ២០១០ និង ឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន។ នៅក្នុង ឆ្នាំ២០២០ ក៍ស្រាប់តែលោក ប៉ាក់ ចាន់ផល មានប័ណ្ឌកម្មសិទ្ធិទាំងកំពុងដីមានទំនាស់រឿងចម្រូងចម្រាស់។ ពលរដ្ឋបានដាក់ពាក្យប្តឹងទៅក្រសួង រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ហើយខាង ក្រសួងរៀបចំដែនដីបាន ជម្រាបជូនលោកអធិបាលខេត្ត។ ទាក់ទងរឿងខាងលើលោក ប្រធានមន្ទីររៀបចំដែនដី ខេត្តកំពង់ស្ពឺ ក៍បាន ជួយទប់ស្កាត់ការគប់គិតពីសំណាក់អាជ្ញាធរ ភូមិដូនអាត់ ឃុំស្គុះ និងឈ្មួញលួចធ្វើប័ណ្ណកម្មសិទ្ធិលើ ដីរួមភូមិ សម្រាប់ទុកចែកកូនចៅអាស្រ័យផលចិញ្ចឹមជីវិត។

ប្រជាពលរដ្ឋទាំង១៣៧គ្រួសារសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកសន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេតា្តជួយពិនិត្យមើលករណីរថយន្តខាង លើដែលពាក់ស្លាកលេខនគរបាល យកមកធ្វើជាមធ្យោបាយជេរប្រមាថពួកគាត់កាលពីពេលថ្មីៗនេះនៅត្រង់ ចំណុច ដីរួមភូមិ របស់ពួកគាត់។

ក្រោយការលើកឡើងរបស់ប្រជាពលរដ្ឋ គេមិនអាចសុំការបកស្រាយពីលោក ប៉ាក់ ចាន់ផល បានទេពីព្រោះ មិនមានលេខទូរស័ព្ទទំនាក់ទំនង។ ចំណែកលោក ញ៉ែម សៅ ស្នងការរងនគរបាលខែត្រ ទទួលផែនសន្តិ សុខផ្ទៃក្នុង បានឱ្យដឹងថា រថយន្តពាក់ស្លាកន.ប ដែលលោក ប៉ាក់ ចាន់ផល បើកបរខាងលើទៅជេរប្រមាថ
ពលរដ្ឋនោះមិនមែនរថយន្តរបស់ ស្នងការខែត្រ នោះទេ។

បើតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា លោក ប៉ាក់ ចាន់ផល មានតួនាទីជា គណៈកម្មាធិការវិវាទដីធ្លី នៅ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានដីជាច្រើនកន្លែងដូចជា នៅគិរីរម្យ ស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ និង ភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ព្រមទាំង ភូមិដូនអាត់ ឃុំស្គុះ នេះទៀត ហើយគាត់បានធ្វើព្យុះធ្វើភ្លៀងរហូតមក។ ពួកគាត់ក៍បានសំណូមពរដល់ សម្តេចតេជោ សែន សូមមេត្តាជួយ ដល់ពលរដ្ឋក្រីក្ររងគ្រោះទាំងនេះផង៕