ពលរដ្ឋជាច្រើនគ្រួសារនៅឃុំរកាចោទប្រកាន់អាជ្ញាធរភូមិឃុំនិងស្រុកពារាំងថាគប់គិតគ្នាលក់ដីព្រៃលិចទឹកនិងមេទឹករបស់ពួកគាត់ប្រើប្រាស់ទៅឲ្យឈ្មួញ!

0
269

ដោយៈ បាយ៉ង់ថែមស៍
ព្រៃវែងៈ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានចោទអាជ្ញាធរភូមិ-ឃុំ និង ស្រុកថា បានគប់គិតគ្នាជាប្រព័ន្ធ លក់ដីព្រៃលិចទឹក និងដីតំបន់មេទឹកឳ្យទៅឈ្មួញដីឬឧកញ៉ាមានទ្រព្យស្ងាត់ ៗដោយប្រជាពលរដ្ឋមិនបានដឹងឮជាមុននោះទេ ដែលជាលក្ខណៈបន្លំធ្វើឯកសារក្លែងក្លាយ ដាក់ឈ្មោះប្រជា ពលរដ្ឋមួយចំនួនក្នុងមូលដ្ឋានខាងលើនេះ ។

ដីព្រៃលិចទឹកខាងលើជាជម្រកត្រីពងកូន និងដីតំបន់មេទឹក ជាប្រភពទឹក ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រើ ប្រាស់បង្កបង្កើនផល និងអាស្រ័យផលគ្រប់ជំនាន់តរៀងមកនិងទៅអនាគត។

ករណីនេះក្រុមប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយមានវិធាន ការទប់ស្កាត់ និងបញ្ជូនមន្ត្រីចុះស៊ើបអង្កេតទៅលើការអនុវត្តការងាររបស់មន្ត្រីមូលដ្ឋាន ស្រុកពារាំង ថា តើមាន ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយពីការលួចលក់ ដីព្រៃលិចទឹក និងប្រភពមេទឹក ទាំងនេះដែរឬយ៉ាងណា ?

យោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋរស់នៅ ភូមិត្រកៀត ឃុំរកា បានផ្តិតស្នាមមេដៃចំនួន២៤១នាក់ស្នើ សុំ ឬទាមទារឩ្យរក្សាដីមេទឹកវាលស្រែ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ដាក់ជូនលោក ស្បោង សារ៉ាត ប្រ ធានក្រុមប្រឹក្សា ខេត្តព្រៃវែង ដើម្បីស្នើជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាព របស់ក្រុមហ៊ុនឬឈ្មួញ ដែលបាន ប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿងមកឈូសឆាយ ដីព្រៃលិចទឹក និងធ្វើរបងហ៊ុមព័ទ្ធ រំលោភយកដីសាធារ ណៈរបស់រដ្ឋ ខណៈប្រជាពលរដ្ឋកំពុងប្រើប្រាស់តំបន់នេះឲ្យគង់វង្ស និងទាន់ពេលវេលា។

ក្រុមប្រជាពលរដ្ឋអះអាងថា ករណីខាងលើនេះពួកគាត់ក៍ធ្លាប់បានដាក់ពាក្យបណ្តឹងតវ៉ាទៅកាន់ អាជ្ញាធរមូល ដ្ឋានភូមិ-ឃុំ-ស្រុក ជាបន្តបន្ទាប់រួចហើយ។ ប៉ុន្តែមន្ត្រីទាំងនោះមិនជួយឈឺឆ្អាលនឹងទុក្ខកង្វល់ពួកគាត់ទេ។ ផ្ទុយ ទៅវិញថែមទាំងបានប្រើ កម្លាំងកងរាជអាវុធហត្ថ ស្រុកពារាំង មកកោះហៅតំណាងប្រជាពលរដ្ឋ ដែលចេញ មុខតវ៉ាទៅសួរនាំលើបញ្ហាផ្សេងៗនោះទៅវិញ។

ជាងនេះទៀតទាំងអាជ្ញាធរភូមិ-ឃុំ ជាពិសេសលោក ហ៊ី ធួក អភិបាល ស្រុកពារាំង ហាក់មានចេតនាគាំទ្រស កម្មភាព ភាគីក្រុមហ៊ុន ឬឧកញ៉ាមានទ្រព្យ ទាំងនោះឲ្យមកបំផ្លាញធនធានធម្មជាតិជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋយ៉ាងអនាធិបតេយ្យទៅវិញ។

ផ្តើមពីបញ្ហានេះក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារបានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមមានវិធានការទប់ស្កាត់ និងបញ្ជូនមន្ត្រីចុះស៊ើបអង្កេតទៅលើសកម្មភាពជីក ប្រ ឡាយហ៊ុមព័ទ្ធព្រៃលិចទឹក និងការឈូសឆាយបំផ្លាញប្រភពមេទឹកដែលជាជម្រកត្រីពងកូន និងជាប្រភពទឹក ដ៏សំខាន់សម្រាប់ពលរដ្ឋប្រើប្រាស់ស្រោចស្រប់ដំណាំកសិកម្មក្នុងមូលដ្ឋាន ឃុំរកា ស្រុកពារាំង ឲ្យបានឆាប់។ ត្បិតពេលបច្ចុប្បន្ននេះក្រុមហ៊ុនឬបុគ្គលជាឈ្មួញដី ដែលពួកគាត់មិនស្គាល់ឈ្មោះបាននាំយកគ្រឿងចក្រជា ច្រើនគ្រឿងមក ឈូសឆាយបំផ្លាញដីព្រៃលិចទឹក និងបំផ្លាញប្រភពទឹក រំលោភធ្វើកម្មសិទ្ធិយ៉ាងអនាធិប តេយ្យ។

បន្ថែមលើនេះក្រុមពលរដ្ឋបានសំណូមពរដល់ សម្តេចតេជោ ជួយបញ្ជូនមន្ត្រីស្អាតស្អំឲ្យចុះស៊ើបអង្កេតទៅលើ សកម្មភាពរបស់ លោកមេភូមិត្រកៀត លោកមេ ឃុំរកា និងលោកអភិបាល ស្រុកពារាំង ព្រមទាំងមន្ត្រីពាក់ ព័ន្ធដ៏ទៃទៀតថា តើមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយក្រុមឈ្មួញដី ឬឧកញ៉ាមានទ្រព្យ ឃុបឃិតគ្នា ក្លែងបន្លំយកឈ្មោះប្រជាពលរដ្ឋដាក់លើឯកសារទិញលក់ដី ហើយចោទពួកគាត់ថា បានលក់ដីព្រៃលិចទឹក ឬដីមេទឹក ដែលកំពុងប្រើប្រាស់នោះទៅឲ្យឈ្មួញដីទាំងពួកគាត់មិនបានដឹងខ្លួនអ្វីទាំងអស់។

ត្រង់ចំណុចនេះក្រុមប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ករណីឃុបឃិតក្លែងឯកសារ លួចលក់ដីសាធារណៈ របស់រដ្ឋ ពីសំណាក់ អាជ្ញាធរពាក់ព័ន្ធ មួយចំនួននាមូលដ្ឋាន ឃុំរកា នេះទំនងជាបុគ្គលជាថ្នាក់ដឹកនាំខ្លះបាន ទទួលសំណូកពុករលួយ ពីឈ្មួញដីឬឧកញ៉ា មានទ្រព្យទាំងនោះទើបពួកមន្ត្រីទាំងនោះមិនរវល់អើពើទប់ស្កាត់ ការបំផ្លាញធនធានព្រៃលិចទឹក និងប្រភពទឹកនៅក្នុងមូលដ្ឋន ឃុំរកា ស្រុកពារាំង នេះដោយទុកឲ្យឈ្មួញធ្វើ សកម្មភាពតាមអំពើចិត្ត។

ពលរដ្ឋបន្តថា ភាពមិនប្រក្រតីទាំងនេះពួកគាត់ក៍ធ្លាប់បានប្រមូលផ្តុំគ្នាតវ៉ាដល់មុខសាលាឃុំ និងសាលា ស្រុក ពារាំង ហើយថែមទាំងបានដាក់ពាក្យបណ្តឹងសុំកិច្ចអន្តាគមន៍ជាបន្តបន្ទាប់នាពេលកន្លងមក។ ប៉ុន្តែមិនត្រូវបាន ថ្នាក់ដឹកនាំទាំងនោះចេញមុខជួយអន្តរាគមន៍ឬរកដំណោះស្រាយឡើយ។ ផ្ទុយទៅវិញបែរជាបកមកគំរាមកំ ហែងពលរដ្ឋស្លូតត្រង់ទាំងឡាយណាដែលហ៊ានចេញមុខតវ៉ាទាមទាររក្សាដីព្រៃលិចទឹក និងប្រភពទឹកនៅ ឃុំរកា នេះទៅវិញ។

យ៉ាងណាក៍ដោយចុះប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់លោក ជា សុមេធី អភិបាល ខេត្តព្រៃវែង និង លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សា ខេត្តព្រៃវែង ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាពរបស់ឈ្មួញដី ឬឧកញ៉ាមានទ្រព្យ ដែលកំពុងតែបំផ្លាញព្រៃ លិចទឹក និងប្រភពទឹក សម្រាប់ពលរដ្ឋបង្កបង្កើនផលតាំងពីដូនតាបន្តរហូតមកដល់សព្វថ្ងៃនេះឲ្យបានគង់វង្ស និងទាន់ពេលវេលា។ ព្រោះរាល់ថ្ងៃនេះមានគ្រឿងចក្ររបស់ឈ្មួញជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពឈូស ឆាយបំផ្លាញធនធានធម្មជាតិយ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរមូលដ្ឋានហាក់មិនបានរវល់អើពើជួយទប់ស្កាត់ តាមសំណូមពរបស់ពលរដ្ឋនោះទេ។

ទោះជាយ៉ាងនេះក្តីគេមិនអាចទាក់ទងលោក ហ៊ី ធួក អភិបាល ស្រុកពារាំង ដើម្បីបំភ្លឺជុំវិញកង្វល់ របស់ពលរដ្ឋ រស់នៅ ឃុំរកា បាននៅឡើយកាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ខណៈនោះលោក ជា សុមេធី អភិ បាល ខេត្តព្រៃវែង ក៍មិនទាន់អាចទាក់ទងបានដើម្បីសុំការបំភ្លឺនោះដែរ។

យោងតាមសំណើរឈ្មោះ អ៊ុក រដ្ឋា ដោយមានហត្ថលេខាឯកភាពពីលោកមេ ភូមិត្រកៀត និង មេភូមិរកា ចុះ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ដោយមានចំណារទទួលស្គាល់លិខិតលក់ទិញ ចេញដោយលោកមេ ឃុំរកា និង ភ្ជាប់ដោយគំនូសបង្ហាញទីតាំងដីមានផ្ទៃដីទំហំជាង២០០ហិកតា ឬ (២,០៩៩,២៥០ម៉ែត្រការ៉េ)។ លោក អ៊ុក រដ្ឋា បានស្នើសុំហ៊ុមព័ទ្ធព្រំដី-ឈូសឆាយដីព្រៃលិចទឹក-ជីកក្រវាត់ដីកម្មសិទ្ធិ និងស្តារប្រឡាយបុកមេទឹកទុកស ម្រាប់បម្រើដល់ការបង្កបង្កើនផលក្នុងមូលដ្ឋាននេះដើម្បីកំណត់ទីតាំងដីកម្មសិទ្ធិរបស់ខ្លួនឲ្យបានច្បាស់លាស់ ទុកសម្រាប់បង្កបង្កើនផលទៅថ្ងៃខាងមុខ។

យ៉ាងណាក៍ដោយចុះពលរដ្ឋចំនួន២៤១នាក់រស់នៅ ភូមិត្រកៀត ឃុំរកា ដែលបានផ្តិតស្នាមមេដៃដាក់ពាក្យប ណ្តឹងទៅលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សា ខេត្តព្រៃវែង បានចោទក្រុមហ៊ុន ឬបុគ្គលឈ្មោះ អ៊ុក រដ្ឋា ថា ទំនងជាបានត្រូវរ៉ូវគ្នាជាមួយមន្ត្រីជាថ្នាក់ដឹកនាំភូមិ-ឃុំ និងស្រុកដើម្បីក្លែងឯកសារយកឈ្មោះរបស់ប្រជា ពលរដ្ឋដែលអ្នកខ្លះបានស្លាប់និងខ្លះទៀតមានវ័យចាស់ជរាណាស់ទៅហើយនោះទៅបន្លំលើឯកសារទិញលក់ ដីព្រៃលិចទឹក ឬប្រភពមេទឹក នៅមូលដ្ឋានឃុំនេះទាំងម្ចាស់ខ្លួនឬពលរដ្ឋមួយចំនួនមិនបានដឹងខ្លួនសោះ។

ចំពោះបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅ ស្រុកពារាំង ខេត្តព្រៃវែង បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ជួយមានវិធានការទប់ស្កាត់រាល់សកម្មភាពប្រើគ្រឿងចក្របំផ្លាញព្រៃលិចទឹក ដែលជាជ ម្រកត្រីពងកូនបន្តពូជជាពិសេសជាប្រភពទឹក ពីសំណាក់ឈ្មួញ ឬឧកញ៉ាមានទ្រព្យ ដែលកំពុងធ្វើសកម្មភាព រាល់ថ្ងៃនេះជួយរក្សាការពារឲ្យបានគង់វង្ស និងរក្សាឲ្យនៅសភាពដើមវិញ។ ដោយហេតុថា ធនធានធម្មជាតិ ជីវចម្រុះខាងលើនេះ ក្រៅពីជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ការបង្កើនផលកសិកម្ម របស់ប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ។ វាក៍បានផ្តល់នូវការធ្វើរបរនេសាទត្រីដើម្បីចិញ្ចឹមជីវិត ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះថែមទៀតផង៕