ផ្សារសាមគ្គីខេត្តស្ទឹងត្រែងមានលក់សាច់សត្វព្រៃជាសាធារណៈគ្មានការបង្ក្រាបឡើយ

0
420

ដោយ: ថាឡាបរិវ៉ាត់
ស្ទឹងត្រែង: សាច់សត្វព្រៃខុសច្បាប់នៅតែឃើញមានដាក់លក់ដូរជារៀងរាល់ថ្ងៃនៅក្នុង ផ្សារសាមគ្គី ខេត្តស្ទឹង ត្រែង។ បើយើងមើលខាងកើតផ្សារនឹងឃើញថា មានអ្នកលក់បន្លែត្រីសាច់ អ្នករត់ម៉ូតូឌុប ច្រើនកកកុញ ស្ទើរតែ ធ្វើដំណើរទៅមុខពុំរួច។ តែក្រលេកមើលតូបអ្នកលក់នៅទីនោះឃើញថា មានអ្នកដាក់លក់សាច់សត្វព្រៃ ដោយ បើកចំហរជាសាធារណៈ នៅលើរានតូចមួយ ទៅពីរកន្លែង។

អ្នកលក់ដូរនៅក្បែរនោះបាននិយាយថា អ្នកលក់សាច់សត្វព្រៃ គឺជាមនុស្សដដែលៗ ហើយសមត្ថកិច្ចក៍ធ្លាប់ បង្ក្រាបជាច្រើនដងរួចមកហើយដែរ តែក្រោយមកក៍ស្ងាត់ទៅវិញ។ ជាធម្មតាសាច់សត្វព្រៃខុសច្បាប់ ដែល និយមទទួលទានតែងតែលក់តាំងពីព្រឹករហូតដល់ល្ងាច។ សាច់ងាប់ដែលគេដាក់លក់នោះមានច្រើនមុខដូចជា សត្វជ្រូកព្រៃ ឈ្លូស ត្រកួត អន្សង ជាដើម។ល។

នៅក្នុងចំណោមសាច់ប្រភេទសត្វខុសគ្នាទាំងនោះមានតម្លៃថ្លៃជាងគេគឺ ងៀតប្រើស។ សាច់ជ្រូកព្រៃស្រស់ក្នុង មួយគីឡូក្រាមមានតម្លៃចាប់ពីពីរម៉ឺនរៀលទៅពីរម៉ឺនប្រាំពាន់រៀល ហើយងៀតសាច់ប្រើស គឺមានតម្លៃថ្លៃជាង គេអស់ ពីព្រោះវាមានរសជាតិឆ្ងាញ់។

អ្នកលក់ដូរក្បែរនោះបានប្រាប់ទៀតថា សាច់សត្វទាំងអស់នោះ គឺគេដឹកមកពីតាមភូមិដាច់ស្រយាលដែលព្រាន ព្រៃដាក់អន្ទាក់ និងប្រើឧបករណ៍ឆក់ខ្សែភ្លើងជាមួយអាគុយ។ អ្នកលក់សាច់សត្វព្រៃពួកគេមានភាពវៃឆ្លាត ណាស់ដាក់លក់មិនច្រើនប៉ុន្មានគីឡូក្រាមនោះទេ។ តែបើនៅផ្ទះវិញពួកគេវិញគឺទុកដាក់ធុងត្រាំទឹកកកទាំង មូលជាច្រើនគីឡូក្រាមតែម្ដង។

មានការលើកឡើងថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថានខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធរួមទាំង អង្គការអភិរក្ស សត្វព្រៃ ដែលទទួលខុសត្រូវ ពលរដ្ឋមិនសូវឃើញចេញមុខចុះបង្ក្រាបឡើយ។ ពេលខ្លះបង្ក្រាបតែ ពេលព្រឹក ពេលល្ងាច មានដាក់លក់ដូចធម្មតានៅកន្លែងដដែល ហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ចទាល់តែសោះ។ ក៍ប៉ុន្តែគេមានការងឿងឆ្ងល់ថា ហេតុអ្វីមន្ត្រីពាក់ព័ន្ធទាំងនោះមិនសូវឃើញមុខចុះបង្ក្រាប? ឬមួយក៍មន្ត្រីទាំង នោះទទួលផលប្រយោជន៍ពីអ្នកលក់ទេដឹង? ៕