ផ្ទុះរឿងកាន់តែធំខ្លាំងទៅៗជុំវិញអធិករណ៍រវាងពុទ្ធបរិស័ទចំណុះជើងវត្តនិងគណៈកម្មការអាចារ្យ«វត្តស្រែជា»

0
232

ដោយ: ជ្រឹម ដារិន
កំពត: អភិបាលស្រុកដងទង់ លោក កឹម បូណា បានដឹកនាំមន្រ្តីពាក់ព័ន្ធ និងគណៈកម្មការអាចារ្យ«វត្តស្រែជា» ចុះសម្របសម្រួលជុំវិញអធិករណ៍រវាង គណៈកម្មការអាចារ្យវត្ត និងព្រះសង្ឃ វត្តស្រែជា កាលពីថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៣ នៅក្នុង វត្តស្រែជាតែលទ្ធផលដំណោះស្រាយហាក់បីដូចជាក្មេងលេងបាយឡុកបាយឡដែល ប្រជាពុទ្ធបរិស័ទចំណុះវត្តពុំអាចទទួលយកបានឡើយ ព្រោះវាផ្ទុយពីសំណូមពររបស់ពួកគាត់។ នេះយោងតាម ការលើកឡើងរបស់ប្រជាពុទ្ធបរិស័ទបានប្រាប់ បាយ៉ង់ថាមស៍។

ហេតុការណ៍ខាងលើបានកើតឡើងបន្ទាប់ពី អង្គភាពសារព័ត៌មាន «បាយ៉ង់ថាមស៍» បានចុះផ្សាយព័ត៌មាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាពេលកន្លងទៅថា «ពុទ្ធបរិស័ទ៥ភូមិរាប់រយគ្រួសារចំណុះជើង «វត្ត ស្រែជា» ស្ថិតក្នុង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត ស្នើសុំអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធព្រមទាំង មន្ទីរធម្មការ និងសាសនា ខែត្រកំពត រៀបចំបោះឆ្នោតជ្រើសរើស ប្រធានគណៈកម្មការអាចារ្យវត្ត និងសមាស ភាពអាចារ្យថ្មីខណៈ ប្រធានគណៈកម្មការអាចារ្យវត្ត នេះចាយវាយ «បច្ច័យវត្ត» ជាពិសេសបច្ច័យក សាងវត្ត មិនមានតម្លាភាព គឺចាយវាយស្រេចតែអំពើចិត្តធ្វើឱ្យពុទ្ធបរិស័ទចំណុះជើងវត្តបាត់បង់ទំនុកចិត្តអស់ជំនឿ»។

ក្នុងរឿងនេះ ប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្ត៥ភូមិគឺចង់ឃើញគេរំលាយ គណៈកម្មការអាចារ្យ វត្តស្រែជា ចាស់ ចោលរួចបោះឆ្នោតជ្រើសរើស គណៈកម្មការអាចារ្យវត្តថ្មី។ ព្រោះ ប្រធានគណៈកម្មការអាចារ្យវត្តចាស់ ស៊ីដាច់ លុយវត្ត និងមានទំនាស់ជាមួយព្រះសង្ឃក្នុងវត្ត។ ប៉ុន្តែព្រះសង្ឃពុំដែលតបតយកទោសពៃនឹង គណៈកម្មការ អាចារ្យវត្ត នោះទេ។ នេះបើតាមការរៀបរាប់របស់ពុទ្ធបរិស័ទចំណុះជើងវត្ត។

កិច្ចប្រជុំសម្របសម្រួលខាងលើអភិបាល ស្រុកដងទង់ លោក កឹម បូណា ស្នើសុំ គណៈកម្មការអាចារ្យវត្ត និង ព្រះសង្ឃបញ្ចប់ទំនាស់ផ្ទៃក្នុង កុំឱ្យមានតទៅទៀត និងសំណូមពរបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយោគយល់ គ្នា សាមគ្គីគ្នា។ ក៍ប៉ុន្តែក្នុងគ្រានោះ គេពុំឃើញលោកអភិបាល ស្រុកដងទង់ បង្គាប់ឱ្យធ្វើកិច្ចសន្យាបញ្ចប់ជម្លោះ និងកិច្ចព្រមព្រៀងអ្វីឡើយគឺមានតែកំណត់ហេតុប្រជុំតែប៉ុណ្ណោះ។

លោក ង៉ែត ខុច ប្រធានគណៈកម្មការអាចារ្យវត្ត លើកឡើងនៅក្នុងកិច្ចប្រជុំសម្របសម្រួលថា គាត់ខិតខំអំពាវ នាវរកបច្ច័យដើម្បីកសាងវត្ត មិនមែនយកទៅកសាងផ្ទះគាត់នោះទេ។ ហេតុដូច្នេះ គួរសសើរគាត់ដែលខំក សាងវត្ត។ លោក ប្រធានគណៈកម្មការអាចារ្យ វត្តស្រែជា សង្កត់ធ្ងន់រឿងបច្ច័យវត្តចំនួន៦លានរៀលដែលបាត់ នោះថា លោកមិនបានដឹងទេគឺ នៅអាចារ្យ សំ សារិន។ រីឯការស្នើសុំបោះឆ្នោតជ្រើសរើស គណៈកម្មការ អាចារ្យវត្តថ្មីលោក ង៉ែត ខុច មិនជំទាស់នោះឡើយ។

ដោយឡែក លោកអាចារ្យធំ គឺលោកតា ម៉ក់ ដែលតែងតែខ្វែងយោបល់ជាមួយនឹងព្រះសង្ឃក្នុងវត្តលើកឡើង ផ្ទុយពីខ្លឹមសារសម្របសម្រួលយ៉ាងខ្លីថា«ព្រះសង្ឃមិនត្រូវកាន់លុយជាដាច់ខាតព្រោះវាខុសនឹងវិន័យសង្ឃ»។

ពុទ្ធបរិស័ទម្នាក់សុំមិនបញ្ចេញឈ្មោះ និងអត្តសញ្ញាណបានរៀបរាប់ថា «ការមកសម្របសម្រួលហាក់បីដូចជា មកគំរាមប្រជាពលរដ្ឋទៅវិញ។ ព្រោះលោក សូ សុខុម ប្រធានរដ្ឋបាល ស្រុកដងទង់ បានឲ្យប្រជាពុទ្ធបរិស័ទ ឡើងនិយាយដោយប្រាប់ឈ្មោះទីលំនៅនិង ទទួលខុសត្រូវរាល់ពាក្យសម្តីរបស់ខ្លួនផង»។ ប្រភពដដែលបន្ថែម ថា «ឮដឹងមិនច្បាស់ការណ៍មានអ្នកចង់ប្តឹងប្រជាពលរដ្ឋទៀតផង»។

ប្រជាពុទ្ធបរិស័ទចំណុះជើង «វត្តស្រែជា» នៅតែសម្តែងការមិនយល់ព្រម ចំពោះការសម្របសម្រួល កាលពីថ្ងៃ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នោះទេ។ ពួកគាត់នឹងផ្តុំគ្នាប្រជាពុទ្ធបរិស័ទចំណុះជើង «វត្តស្រែជា» ប្រាំភូមិគឺមានៈ ភូមិត្រពាំងច្រនៀង ភូមិព្រីងទុំ ភូមិព្រៃពីរ ភូមិខ្ពស់ និង ភូមិអូរឫស្សី បាននាំគ្នាផ្តិតស្នាមមេដៃប្តឹងបន្តទៅ អនុ គណស្រុក មេគណខែត្រ ប្រធានមន្ទីរធម្មការ និងសាសនា ខែត្រកំពត ព្រមទាំងដាក់ទៅ ឯកឧត្តមអភិបាល ខែត្រកំពត ដើម្បីជួយដោះស្រាយ «អធិករណ៍» ខាងលើនេះថែមទៀតផង៕