ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រំដែនដូនរ័ត្នកំពុងតែល្បីល្បាញកាងបទល្មើសជ័រកៅស៊ូឆ្លងដែនទៅវៀតណាម

0
130

ដោយៈ បាយ៉ង់ថាមស៍
ត្បូងឃ្មុំៈ ជាយូរឆ្នាំមកហើយមានទំនិញខុសច្បាប់ជាច្រើនប្រភេទដែល រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ មិនឲ្យនាំចេញ ប៉ុន្តែក្រុមឈ្មួញចចេសរឹងរូសសម្រុកដឹកចេញឆ្លងដែនយកទៅលក់នៅព្រំដែនវៀត ណាមយ៉ាង អនាធិបតេយ្យគគ្រឹកគគ្រេងតាម ច្រកទ្វារទ្វេភាគីដូនរ័ត្ន ដែលស្ថិតនៅ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មាន លោក ស៊្រុន ណាត ជាប្រធានស្នាក់ការ និងលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន ជាអ្នកកាងនៅ ពីក្រោយខ្នងនៃបទល្មើសជាច្រើនប្រភេទធ្វើឱ្យមានការរិះគន់ថា ជាដើមចមធ្វើឲ្យបាត់បង់ប្រាក់ចំណូលពន្ធរដ្ឋ យ៉ាងសម្បើមក្នុងមួយឆ្នាំៗ។

មន្ត្រីគយចល័តប្រចាំ ខេត្តត្បូងឃ្មុំ សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះថា គយចល័តបានចុះប្រតិបត្តិការណ៍នៅក្បែរច្រកទ្វារអន្តរជាតិដូនរ័ត្ន ធ្វើការឃាត់រថយន្តដឹកជ័រកៅស៊ូស្អុយ ខុសច្បាប់និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់ជាមួយម្ចាស់រថយន្តមិនឲ្យបន្តដឹកឆ្លងដែនទៅលក់នៅវៀតណាមដោយ គ្មានច្បាប់អនុញ្ញាតដើម្បីកៀងគរបង្កើនប្រាក់ចំណូលពន្ធរដ្ឋតាមគោលការណ៍របស់ ក្រសួងសេដ្ឋកិច្ច។

មន្ត្រីគយខាងលើបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ពុំទាន់បានចេញអនុក្រឹត្យណាមួយអនុញ្ញាតឲ្យមានការនាំ ចេញ ជ័រកៅស៊ូស្អុយ ទៅក្រៅប្រទេសនៅឡើយ។ រដ្ឋាភិបាល តម្រូវឲ្យមានក្រុមហ៊ុនជាច្រើន បង្កើតរោងចក្រ កែច្នៃជ័រកៅស៊ូក្រែប ត្រឹមត្រូវនៅក្នុងស្រុកគោលបំណងបង្កើនការងារជូនពលរដ្ឋខ្មែរក៍ដូចជាការប្រមូលពន្ធប ង្កើនប្រាក់ចំណូលចូលរដ្ឋនៅពេលក្រុមហ៊ុនស្នើសុំនាំចេញកៅស៊ូក្រែបទៅក្រៅប្រទេស។

ជាក់ស្តែងបន្ទាប់ពី មន្ត្រីគយចល័តប្រចាំ ខេត្តត្បូងឃ្មុំ ចុះឃាត់រថយន្តដឹកជ័រកៅស៊ូស្អុយ ក៍បានហៅម្ចាស់រថ យន្តទាំងនោះមកអប់រំណែនាំឲ្យយល់ដឹងអំពីច្បាប់និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យកើតមានបន្ត ដឹកជ័រកៅស៊ូ ស្អុយ ឆ្លងដែនខុសច្បាប់នេះ ក៍ស្រាប់តែមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ មន្ត្រីខិលខូច ដែលធ្លាប់តែទទួល ប្រយោជន៍ពី ក្រុមឈ្មួញរកស៊ីខុសច្បាប់ ជាពិសេស មន្ត្រីស្នាក់ការច្រកទ្វារទ្វេភាគីដូនរ័ត្ន តែម្តង។ ដោយពួក គេហ៊ានធ្វើរបាយការណ៍ភូតកុហក់ថ្នាក់នាំខេត្តថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើឲ្យប៉ះពាល់ ការងារគណបក្ស ក្នុងគោលបំណងបិទបាំងការពិតដើម្បីបក្ខពួកខ្លួនមានឱកាសបន្តក្តោប ក្តាប់ប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់ពីច្បាប់ឬចំណូលពន្ធរដ្ឋឡើយដែលធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ពីពន្ធនាំចេញ កៅស៊ូកែច្នៃ ទៅក្រៅប្រទេស។

លោក ចឹម ចា រស់នៅ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ជាឈ្មួញម្នាក់រកស៊ីដឹកជ័រកៅស៊ូស្អុយឆ្លងដែនទៅ លក់នៅវៀតណាមតាម ច្រកទ្ធារទ្វេភាគីដូនរ័ត្ន បាន ប្រាប់ឲ្យដឹងថា ឈ្មួញជ័រកៅស៊ូស្អុយ ភាគច្រើនមកពី ខេត្តផ្សេងៗគ្នាដូចជា ខែត្រក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម ជាដើម។ល។ ដូចរូបលោកគឺដើរម្រមូល
ទិញជ័រកៅស៊ូស្អុយដឹកទៅលក់នៅវៀតណាមជារៀងរាល់ថ្ងៃដោយមិនដឹងថា ជាទង្វើល្មើសច្បាប់ឡើយ។ លោកបន្តថា ការដឹកជ័រកៅស៊ូឆ្លងដែន លោកបានបង់ប្រាក់ឲ្យ ស្នាក់ការច្រកទ្វារដូនរ័ត្ន ទើបសមត្ថកិច្ចបើកផ្លូវ ឲ្យរថយន្តរបស់លោកឆ្ងងដែនទៅបាន…។

ប្រភពពីពលរដ្ឋម្នាក់រស់នៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្បែរច្រកទ្វារទេ្វភាគីដូនរ័ត្ន បង្ហើបប្រាប់ថា ក្រៅពីទំ និញកសិផលស្របច្បាប់ ទំនិញខុសច្បាប់ជាច្រើនមុខដែល រាជរដ្ឋាភិបាល ហាមឃាត់ដូចជា ឈើ ធ្យូង ជ័រ កៅស៊ូស្អុយ អុសកៅស៊ូ។ល។ ត្រូវបានក្រុមឈ្មួញសម្រុកដឹកឆ្លងដែនតាមរថយន្តតូចធំទៅលក់នៅវៀត
ណាមជារៀងរាល់ថ្ងៃតាមគ្រប់រូបភាពទាំងថ្ងៃទាំងយប់ ដោយសារតែ «ច្បាប់លុយ» ផ្ទុយពីច្បាប់រដ្ឋក្រោម ការគប់គិតរវាងមេឈ្មួញល្បីឈ្មោះជាច្រើននាក់ ជាមួយលោក ស៊្រុន ណាត ប្រធានស្នាក់ច្រកទ្វារអន្តរជាតិ និងលោក នូរ និច នាយនគរបាលដុះស្លែប្រចាំ ប៉ុស្តិ៍ព្រំដែនដូនរ័ត្ន នៅពីក្រោយរឿងនេះតែម្តង។

កាលពីពេលកន្លងទៅលោក ស្រ៊ុន ណាត ប្រធានស្នាក់ការច្រកដូនរ័ត្ន ក៍ល្បីខាងលួចបើកដៃឲ្យឈ្មួញរកស៊ី ខុសច្បាប់មានការ ដឹកជញ្ជូនខ្សាច់ល្មើសច្បាប់តាម ច្រកទ្វារព្រំដែន ក្រោមការគ្រប់គ្រងរបស់គាត់ដែរហើយ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ធ្វើការបង្ក្រាបបានបែរជាគេធ្វើរបាយការណ៍ភូតកុហកទៅថ្នាក់ដឹកនាំខេត្តថា ពលរដ្ឋខ្មែរដឹកខ្សាច់ទាំងនោះទៅសាងសង់ផ្ទះនៅជាប់នឹងព្រំដែនទៅវិញ។

ប្រជាពលរដ្ឋខាងលើឲ្យដឹងទៀតថា មេឈ្មួញមានអំណាចល្បីឈ្មោះនៅ ច្រកទ្វារព្រំដែនដូនរ័ត្ន មានដូចជា លោក ថៃ គា ជាមន្ត្រីកងទ័ព លោក យ៉ាន់ ឃុនមុនី ជាអ្នកកាសែត ដ៏ល្បីខាងនាំធ្យូងខុសច្បាប់រាប់រយតោន ក្នុងមួយថ្ងៃៗឆ្លងដែនតាមច្រកមួយនេះ។ រីឯមេឈ្មួញឈ្មោះ ឌី ជាមេឈ្មួញរកស៊ីធំជាងគេប្រចាំច្រកទ្វារព្រំដែន
ដូនរ័ត្ន ក្នុងការនាំ ជ័រកៅស៊ូស្អុយ ឆ្លងដែនទៅលក់នៅវៀតណាម។

បើតាមប្រភពពីម្ចាស់រថយន្តស៊ីឈ្នួលដឹកធ្យូងឆ្លងដែនមួយរូបលួចខ្សឹបប្រាប់ថា បើនិយាយពីរថយន្តដឹកធ្យូងឆ្លង ដែន គឺចាំបាច់ត្រូវចំណាយលុយចាប់ពី៣០ម៉ឺនរៀលទៅ៦០ម៉ឺនរៀល សម្រាប់ប្រភេទរថយន្តសាំងយ៉ុង១គ្រឿង ទៅតាមចំណុះទម្ងន់ធ្យូងជាក់ស្តែង។ ចំណែករថយន្តកូរ៉េកង់១០ឡើងទៅគឺត្រូវបង់លុយចាប់ពី១លានរៀលទៅ ១លាន៦០ម៉ឺនរៀលក្នុងមួយគ្រឿងគឺពួកគាត់បង់លុយឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នជំនាញឈរជើងនៅទីនោះ។

សម្រាប់ការដឹក ជ័រកៅស៊ូស្អុយឆ្លងដែន វិញប្រភពដដែលបន្តថា ពួកគាត់ត្រូវបង់លុយឲ្យគ្រប់ស្ថាប័ននៅ ស្នាក់ ការច្រកទ្វារព្រំដែនដូនរ័ត្ន ដោយមួយស្ថាប័នចាប់២ម៉ឺនរៀលទៅ៤ម៉ឺនរៀលសម្រាប់រថយន្ត សាំងយ៉ុងមួយ គ្រឿង។ ចំពោះរថយន្តកូរ៉េកង់១០ចំនួន៨ម៉ឺនរៀលក្នុងមួយស្ថាប័ន។ រីឯរថយន្តវ៉េអងគឺចំនួន២០ម៉ឺនរៀលក្នុង មួយស្ថាប័ន។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ គេមិនអាចសុំការបកស្រាយពីលោក ស៊្រុន ណាត ប្រធានស្នាក់ការច្រកទ្វារ ដូនរ័ត្ន។ រីឯលោក នូរ និច នាយនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន និងក៍ដូចឈ្មួញរកស៊ីមួយចំនួនទៀតនៅរសៀ លថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ គឺមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

គួរបញ្ជាក់ថា ករណីខាងលើនេះមានតែ អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឳម យ៉ិនទៀង (ហៅ ACU) និងនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ទេដែលអាចធ្វើការស៊ើបអង្អេតស្រាវជ្រាវដើម្បីឱ្យដឹងពីការពិតនេះ បាន៕