ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាលត្រូវមន្ត្រីរាជការចោទប្រកាន់រឿងពុករលួយនិងអសមត្ថភាព

0
159

ដោយៈ គោកធ្លក
កណ្ដាលៈ ​លោកប្រធាន ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ​ខេត្តកណ្ដាល ត្រូវបានមន្ត្រីរាជការរបស់ខ្លួនចោទ ប្រកាន់ថា ​ប្រព្រឹត្ត​អំពើពុករលួយនិង​អសមត្ថភាព​ការងារ ​មិនទាន់​ឃើញ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ចាត់វិធានការ​ដកតំណែង​។ មិនត្រឹមតែប៉ុណ្ណោះប្រធាន​មន្ទីរ​រូបនេះនូវតែ​រក្សា​កៅអីរបស់ខ្លួន​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​​។

សព្វថ្ងៃនេះ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តទាំងបីគោលដៅខាង​លើនៅក្នុង ខេត្តកណ្ដាល ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត ទៅជា​ជញ្ជីង​ថ្លឹង​លុយយ៉ាង​សុខ​ស្រួលហើយ​ពួកគេទាំងនោះ​មិន​ខ្វល់អំ​ពី​​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់ធ្វើឱ្យខូច​ផ្លូវ​នោះឡើយ។ ជាពិសេសធ្វើខូចស្ពានផ្លូវជាតិលេខ២បាក់បែកទ្រុឌទ្រោមយ៉ាងខ្លាំងគ្មាន ការយកចិត្តទុកអ្វីឡើយ។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​ មន្ទីរ​សាធារណការនិងដឹកជញ្ជូន​ ខេត្តកណ្ដាល បាន​​ឲ្យ​ដឹងថា កន្លងមក​លោក ម៉ឹង យូ​ឡេង ប្រធាន ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តកណ្ដាល ឃុបឃិត​ឲ្យជាមួយ​ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ​លើផ្លូវ​ជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ ជញ្ជីង​ថ្លឹង​លុយ​ ដោយ​គ្មានកោត​ញញើត​អ្វី​ទាំងអស់​។ ឱ្យលុយហើយគឺពួកគេមិនខ្វល់ថា រថយន្តដឹកទម្ងន់ប៉ុន្មានក៍បានដែរ…។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​លោក ម៉ឹង យូ​ឡេង បាន​ប្រើប្រាស់​ឈ្មោះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងប្រើ​ឈ្មោះ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​។ ចំណែក​ករណី​ផ្លូវ​ខូច​ជាច្រើន​ខ្សែ​ក្នុង ខេត្តកណ្ដាល ក៍ដូចជា​ភាពយឺតយ៉ាវ​ នៃ​ការជួសជុល​ផ្លូវជាតិ​លេខ២ និងលេខ​៣ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល គឺ​លោក ម៉ឹង យូ​ឡេង តែង​តែឆ្លើយដោះសា​យករួចខ្លួនរហូត…​​។

នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ ខេត្តកណ្តាល បាន សួររកមុខប្រភពអ្នកផ្ដល់ព័ត៌មានខាងលើឱ្យអ្នកកាសែត។ ចំពោះជញ្ជីងថ្លឹងរថយន្តខាងលើលោកបញ្ជាក់ថា ការងារជញ្ជីងថ្លឹងរថយន្ត គឺការគ្រប់គ្រងដោយ ក្រសួងសាធារណការនិងដឹកជញ្ជូន ហើយខាងក្រសួងបាន ដាក់កាំមារ៉ាថតទាំងអស់នៅគ្រប់កន្លែង។ បើសិនមានរឿងអ្វីកើតឡើងមែនខ្ញុំនឹងធ្វើការត្រួតពិនិត្យឡើងវិញ។ បើមានភាពមិនប្រក្រតីណាមួយកើតឡើងពួកគេនឹងថតផ្ញើមកឱ្យខ្ញុំមើលភ្លាម។ យើងខ្ញុំបានខិតខំប្រឹងប្រែង និងធ្វើការរឿងហ្នឹងយ៉ាងប្រុងប្រយ័ត្នបំផុត។

គួរបញ្ជាក់ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ​ បាន​ផ្លាស់ប្ដូរ​តំណែង​ ប្រធាន​មន្ទីរ​ ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​ព្រះសីហនុ សៀមរាប ក្រចេះ មណ្ឌលគិរី រតនគិរី និង​ចុង​ក្រោយនេះគឺ​ផ្លាស់ ប្ដូរ​តំណែង​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ ​ខេត្តកំពង់ស្ពឺ​៕