ប្រធានគយចល័តប្រចាំបួនខេត្តនិងបក្ខពួកល្បីខាងប្រព្រឹត្តអំពើពុកលួយដោយមិនខ្លាចអេស៊ីយូឡើយ

0
1319

ដោយៈ បាយ៉ង់ថែមស៍
ព្រៃវែងៈ ប្រភពនានាបានស្នើសុំទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច បញ្ជូនមន្ត្រីជំនាញចុះស៊ើបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតី នៃអំពើពុករលួយរបស់លោក ប្រធានគយចល័តផ្លូវជាតិលេខ១ និងគូកនទាក់ទងបទល្មើសឃុបឃិតជាមួយឈ្មួញជាថ្នូរលុយដោយបានអនុ ញ្ញាតឲ្យនាំចូលអាល់កុលក្លែងក្លាយចំនួន១០០០លីត្រតាមច្រកជ្រៃធំ ទំនិញគេចពន្ធបង្កប់តាមរថយន្តក្រុងដឹក អ្នកដំណើរ និងឡានដឹកទំនិញធុនធំមួយចំនួនចេញពីវៀតណាមចូលមកកម្ពុជាជាពិសេសដឹកឆ្ពោះមកកាន់ រាជ ធានីភ្នំពេញ។

ទីស្នាក់ការគយចល័តផ្លូវជាតិលេខ១ ដែលដឹកនាំដោយលោក ផែន ភឿន គឺមានទីតាំងនៅជាប់ផ្លូវជាតិលេខ១ ត្រង់ចំណុច ភូមិទួលល្ពាក់ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ គយចល័តដូចលោក ផែន ភឿន អាចរក ប្រាក់ចំណូលចូលក្នុងហោប៉ៅបុគ្គលយ៉ាងតិចពី៤០ទៅ៥០ម៉ឺនដុល្លារក្នុងមួយខែ។ ប៉ុន្តែក្នុងដំណាក់កាលកើត ជំងឺកូវីដ.១៩ ក៍ពួកគេអាចរកប្រាក់ចំណូលខ្មៅបានពី២០ទៅ៣០ម៉ឺនដុល្លារ ក្នុងមួយខែយ៉ាងតិច។ មេគយចល័ត រូបនេះគ្រប់គ្រងបួនខេត្តគឺ ខេត្តស្វាយរៀង ព្រៃវែង តាកែវ និង កណ្តាល។

នៅក្នុងដំណាក់កាលប្រទេសកម្ពុជា ជួបគ្រោះអាសន្នកើត ជំងឺកូវីដ.១៩ បែរជាលោក ផែន ភឿន លួចបើកដៃ ឱ្យឈ្មួញនាំយកអាល់កុលក្លែងក្លាយ និងទំនិញគេចពន្ធជារៀងរាលថ្ងៃដូច្នេះ រដ្ឋាភិបាល គួរពិនិត្យមើលសមា សភាពបុគ្គលរូបនេះជាបន្ទាន់។ អាល់កុលក្លែងក្លាយដ៏គ្រោះថ្នាក់ងនេះត្រូវបាន កាំកុងត្រូលចុះបង្ក្រាបបាននៅ រសៀលថ្ងៃទី៤ ខែមេសា ស្ថិតក្នុងឃ្លាំងគ្មានលេខ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ អាល់ កុលក្លែងក្លាយនេះជា មេតាណុល ត្រូវម្ចាស់ឃ្លាំងជនជាតិវៀតណាមបញ្ជាក់ថា ពួកគេដឹកចូល តាមច្រកជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល។ វាគឺជាដែនសមត្ថកិច្ចរបស់លោកគយចល័យកាន់បួនខេត្ត។

ក្រុមមន្ត្រីរាជការ អាជីវករ ឬអ្នករកស៊ីដឹកទំនិញ និងពលរដ្ឋរស់នៅ ខេត្តព្រៃវែង ប្រាប់ឱ្យដឹងដូចៗគ្នានៅព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះថា លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ កំពុងត្រូវប៉ាន់ជាមួយ ការប្រមូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធដោយក្នុងរថយន្ត១គ្រឿងត្រូវបង់លុយរាប់ពាន់ ដុល្លារអាម៉េរិកក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវមិនឲ្យមន្ត្រីគយខ្លួនត្រូវពិនិត្យ និងមិនផាកពិន័យបង់ពន្ធចូលរដ្ឋ ជាដើម។ ប្រភពឲ្យដឹងទៀតថា សូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជន ផ្សារអ្នក លឿង ស្រុកពាមរក៍ ក៍តម្រូវឲ្យបង់លុយដាក់ខែជូនមន្ត្រីគយចល័តលោក ផែន ភឿនក្នុង១ខែៗចាប់ពី៤០០ ដុល្លារទៅ៦០០ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ១កន្លែង។

ប្រភពពីក្រុមឈ្មួញដឹកទំនិញពីវៀតណាមក៍បានចោទប្រកាន់លោក ផែន ភឿន នេះថា មេគយរូបនេះកំពុងតែ ធ្វើឲ្យឈ្មួញឬពាណិជ្ជករ ទាំងអ្នករកស៊ីស្របច្បាប់ និងល្មើសច្បាប់មិនពេញចិត្តជាខ្លាំង។ ពីព្រោះរាល់ថ្ងៃនេះ មន្ត្រីគយចល័តផ្លូវជាតិលេខ១ បានដាក់កុងត្រូលជជុះតាមផ្លូវជាតិនេះ និងប្រើរថយន្តសម្រាប់បើកដេញតាម ចាប់រថយន្តដឹកផ្លែឈើនិងរថយន្តដឹកទំនិញផ្សេងៗទៀតដោយបានគាបឲ្យឈ្មួញឬក្រុមអាជីវកររកស៊ីនាំចូលទំនិញដឹកតាមផ្លូវជាតិលេខ១ពីវៀតណាមបង់លុយយ៉ាងច្រើនសន្ធឹកសន្ទាប់ទៅឲ្យក្រុមខ្លួនជាប្រចាំថ្ងៃ និងដាក់ប្រ ចាំខែតាមការព្រមព្រៀងប៉ុន្តែមិនមានចេញលិខិតស្នាមឬវិក្កយបត្រអ្វីនោះទេ។

ទាក់ទងនឹងបញ្ហានេះក្រុមឈ្មួញមួយចំនួនដែលត្រូវមេគយចល័តផ្លូវជាតិលេខ១បញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទខ្លួនចុះគាបស៊ីលុយពីរបររកស៊ីដឹកទំនិញ បន្លែ ផ្លែឈើ រត់ពន្ធម៉ូតូនិងទំនិញផ្សេងៗទៀតនាំចូលតាមច្រកទ្វារ អន្តរជាតិមួយចំនួននៅ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល និង តាកែវ គឺការផាកពិន័យពីពួកគេ ដោយមន្ត្រីគយ ចល័តទាំងនោះមិនបានចេញវិក្កយបត្រជូនពួកគាត់ឡើយ។

ងាកមកក្រុមអាជីវករតូចតាចវិញបានឲ្យដឹងថា សម្រាប់រ៉ឺម៉កដឹកទំនិញសំពីងសំពោងចេញពីវៀតណាមឆ្លងកាត់ ទីស្នាក់ការគយចល័តនេះក៍ត្រូវក្រុមលោក ផែន ភឿន តម្រូវឲ្យបង់លុយឲ្យមន្ត្រីខ្លួនចាប់ពី១៥០,០០០រៀល ឡើងក្នុងរ៉ឺម៉ក១គ្រឿងជាដាច់ខាត។រីឯរ៉ឺម៉កម៉ូតូដឹកបន្លែវិញគឺត្រូវលោកគយតម្រូវឲ្យបង់លុយជូនចាប់ពី៣ទៅ ៥ម៉ឺនរៀលក្នុងការដឹក១ជើងៗនិងសម្រាប់រថយន្តសាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់លុយចាប់ពី៨ទៅ១៥ម៉ឺនរៀលក្នុងរថយន្ត១គ្រឿង។

ប្រភពបានបន្តឲ្យដឹងទៀតថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង នៅចំណុចផ្លូវជាតិ១ ស្ថិតក្នុង ភូមិ ព្រែករាំង ឃុំបន្លិចប្រសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ក៍រងការិះគន់យ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋថា លោកគយចាំយកតែលុយពីឡានដឹកទំនិញដែលចូលបង់លុយគ្មានវិក្កយបត្រនោះទេ។ លោកបានបណ្ដែត បណ្តោយឲ្យឈ្មួញដឹកទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់តាមរថយន្តតូចធំ និងទំនិញផ្សេងៗជាច្រើនទៀត មិនដែលឃើញ​ឆែកឆេឬត្រួតពិនិត្យនោះទេ។ គេឃើញតែអង្គុយចាំយកលុយពីអ្នករត់ការឡាន និងអ្នកបើក   បរឡានចុះចូលបង់លុយឱ្យតែប៉ុណ្ណោះ។

មជ្ឈដ្ឋានមហាជទូទៅ ក៍ដូច អង្គការសង្គមស៊ីវិល បានសំណូមពរដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គន់ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសូមមេត្តាត្រួតពិនិត្យមើល លោក ផែន ភឿន នេះផង។ជុំវិញការចោទប្រកាន់ខាងលើនេះលោកគយមិនបានឆ្លើយបំភ្លឺ សំនួរអ្នកកាសែត តាមរយៈប្រព័ន្ធតេឡេក្រាមនោះទេនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០៕