ប្រជាពលរដ្ឋស្រឡាញ់ព្រៃឈើបានប្ដឹងប្រធានភូមិសែនជ័យដែលគប់គិតគ្នាឈួសឆាយបំផ្លិចបំផ្លាញ«ព្រៃបម្រុងសហគមន៍ក្បាលប្រើស»យកដីទៅចែកគ្នាក្រោមលេសហេតុផលថាដីក្រុមហ៊ុនចែកឱ្យ១០ភាគរយជូនអ្នកក្រក្រី

0
226

ខែត្រសៀមរាបៈ ប្រជាពលរដ្ឋរស់នៅ ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខែត្រសៀមរាប បានប្ដឹងប្រធាន ភូមិរបស់ខ្លួន និងបក្ខពួកដែលបានគប់គិតគ្នា ឈួសឆាយបំផ្លិចបំផ្លាញ «ព្រៃបម្រុងសហគមន៍ក្បាលប្រើស» ដែលនៅសេសសល់ប្រមាណជាង៨០ហិកតាដើម្បីយកដីចែកគ្នីគ្នាក្រោមលេសហេតុផលថា ដីព្រៃនោះពួកគាត់ ទទួលបានពី «ក្រុមហ៊ុនអ៊ិកសែល» កាត់ឆ្វៀលចែកឱ្យ១០ភាគរយជូនអ្នកក្រក្រី។ ដើម្បីទប់ស្កាត់រូបភាពបំភាន់ យកដីរដ្ឋចែកគ្នីគ្នា និងបក្ខពួកខាងលើ ពលរដ្ឋបានស្នើសុំទៅ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេច តេជោ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេត្តាជួយពិនិត្យ និងរក្សា ព្រៃបម្រុងសហគមន៍ទាំងនោះទុកជាសម្បត្តិ រដ្ឋដើម្បីឱ្យពួកគាត់បានអាស្រ័យផល និងសម្រាប់ក្មេងជំនាន់ក្រោយបន្តវេណ។

កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានដាក់ពាក្យណ្ដឹងនៅសាលាដំបូង ខែត្រសៀមរាប រួចមក ក្រុមប្រជាពលរដ្ឋទាំងនោះបានឱ្យអង្គភាព «បាយ៉ង់ថាមសន៍» ដឹងថា មូលហេតុដែលពួកគាត់បានប្ដឹងប្រធាន ភូមិសែនជ័យ ពីព្រោះមេភូមិរូបនោះបានគប់គិតគ្នាជាមួយអនុប្រធានភូមិ និងប្រធានសហគមន៍ ព្រមទាំងបក្ខ ពួកមួយចំនួនទៀតបានឈួសឆាយបំផ្លាញ «ព្រៃបម្រុងសហគមន៍ក្បាលប្រើស» អស់ប្រមាណជិត៥០ភាគរយ នៃព្រៃឈើដែលនៅសេសសល់ជាង៨០ហិកតា។ ពួកគាត់បន្ថែមថា ព្រៃបម្រុងសហគមន៍នោះ ប្រជាពលរដ្ឋ រស់នៅតំបន់នោះធ្លាប់បានអាស្រ័យផលតាំងពី ឆ្នាំ២០១០ ប្លាយមកដល់បច្ចុប្បន្នដូចជា ដកផ្សិត បេះបន្លែ ផ្លែ ឈើ រកអុស យកទៅលក់ដើម្បីដោះស្រាយជីវភាពគ្រួសារ។

ផ្ទុយពីការលើកឡើងរបស់ប្រជាពលរដ្ឋលោក ផាន ផល ហៅ ម៉ិល មេភូមិសែនជ័យ ដែលរងនូវការប្ដឹងពីសំ ណាក់ប្រជាពលរដ្ឋខ្លួនទៅតុលាការបានឱ្យដឹងតាមប្រព័ន្ធទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ថា ប្រជាពលរដ្ឋទាំងនោះមិនយល់អ្វីទេ។ ការពិតដីដែលពួកខ្ញុំបានឈួសឆាយនេះ គឺមិនមែនដីព្រៃបម្រុងសហគម ន៍នោះទេ។ ព្រោះពុំមានឯកសារអ្វីជាក់លាក់ជាផ្លូវការបញ្ជាក់ថា ជាព្រៃបម្រុងសហគមន៍ឡើយ។ ដីដែលពួកខ្ញុំ ឈួសឆាយនោះគឺបានមកពីការកាត់ឆ្វៀលផ្ដល់ឱ្យដោយ ក្រុមហ៊ុនអ៊ិកសែល ចំនួន១០ភាគរយតាំងពី ឆ្នាំ ២០១២-២០១៣ មកដើម្បីចែកជូនប្រជាពលរដ្ឋក្រក្រី។ នេះជាការបញ្ជាក់របស់លោកមេភូមិ។

លោកមេភូមិសង្កត់ធ្ងន់ទៀតថា ក្រមហ៊ុនអ៊ិកសែល បានអភិវឌ្ឍលើវិស័យ «ដាំដំណាំល្ហុងខ្វង» និងសេសសល់ ដីខ្លះក៍កាត់ឆ្វៀលឱ្យប្រជាពលរដ្ឋក្រក្រី១០ភាគ។

ត្រីងៀតឆ្លៀតពង ដែលផ្ទុយពីការអះអាងរបស់លោក មេភូមិសែនជ័យ ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ ខាងលើ គឺលោក សាន សិទ្ធិ រស់នៅ ភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខែត្រសៀមរាប បានឱ្យដឹងថា ការ ពិត ក្រុមហ៊ុនអ៊ិកសែល នោះមានដីនៅទីតាំងផ្សេងជាប់ ដីព្រៃបម្រុងសហគមន៍ក្បាលប្រើស និងក្រុមហ៊ុននោះ ទៀតសោតក៍បានក្ស័យធនយូរឆ្នាំណាស់ទៅហើយ ពុំបានប្រតិបត្តិអភិវឌ្ឍអ្វីបន្តអ្វីឡើយ។ លោកបានចោទជា សំណួរទៅក្រុមបក្ខពួកមេភូមិថា បើដីខាងលើនោះ ជាដីក្រុមហ៊ុនចុះហេតុអ្វីមិនដកហូតដីនោះមកទុកឬដាក់ជា សម្បត្តិរដ្ឋវិញបន្ទាប់ពីក្ស័យធន? ហេតុដូចម្ដេចបានជាលោកមេភូមិបែរជាគប់គិតគ្នាឈួសឆាយយកដីចែកតែ បក្ខពួកខ្លួនយ៉ាងដូច្នេះទៅវិញ ?

ប្រជាពលរដ្ឋខាងលើក៍បានស្នើសុំទៅ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមមេត្តាពិនិត្យ និងថែរក្សាដីព្រៃនោះទុកគ្រាន់បានពួកគាត់អាស្រ័យផល និងសម្រាប់ក្មេងៗជំនាន់ក្រោយ ផង។ នៅក្នុងរឿងនេះពួកគាត់ក៍បានសំណូមពរដល់តុលាការជួយផ្ដល់ភាពយុត្តិធម៌ដល់ពួកគាត់។

ចំណែកលោកមេ ឃុំកន្ទួត សារព័ត៌មានយើងពុំអាចសុំការបញ្ជាក់បានទេ ពីព្រោះទូរស័ព្ទរបស់គាត់ហៅចូលពុំ មានអ្នកទទួល។ រីឯលោកអភិបាល ស្រុកស្វាយលើ វិញអង្គភាពយើងពុំទាន់អាចស្វែងរកមធ្យោបាយទំនាក់ ទំនងសុំសេចក្ដីអធិប្បាយជុំវិញបញ្ហាខាងលើនោះបាននៅឡើយទេ។

គួររំលឹកថា លោកមេ ភូមិសែនជ័យ ទទួលរងនូវការប្ដឹងពីបទគំរាមសម្លាប់មួយករណីទៀតពីសំណាក់ប្រជាពល រដ្ឋខាងលើបន្ទាប់ពីរងនូវការប្ដឹងពីបទបំផ្លិចបំផ្លាញ ព្រៃឈើបម្រុងសហគមន៍ក្បាលប្រើស។ ដូច្នេះសូមរង់ចាំ មើលចំណាត់ការរបស់ តុលាការ ខែត្រសៀមរាប ថា តើប្រជាពលរដ្ឋនឹងទទួលបានភាពយុត្តិធម៌ដែរ ឬយ៉ាង ណា ? ៕