ប្រជាពលរដ្ឋផ្ទុះកំហឹងតវ៉ាគ្រាដែលមានការចុះអនុវត្តរុះរើសំណង់សង់លើដីមានប័ណ្ណកម្មសិទ្ធ អាជ្ញាធរខែត្រព្រះសីហនុកំពុងព្យាយាមសម្របសម្រួល

0
207

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ តំណាងអយ្យការអមសាលាដំបូងខែត្រព្រះសីហនុ បានដឹកនាំកម្លាំងសាធារណៈ សហការជាមួយអាជ្ញាធរស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះអនុវត្តរុះរើសំណង់ផ្ទះ ខ្ទម នៅលើទីតាំងដី មានបណ្ណ័កម្មសិទ្ធិរបស់អ្នកដទៃ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

ប្រជាពលរដ្ឋខ្លះលើកឡើងថា ការចុះអនុវត្តរុះរើនេះ ពុំបានជូនដំណឹងជាមុន និងប្រតិបត្តិរុះរើកំទេចផ្ទះសំបែងពួកគាត់ខុសទីតាំង ទើបបណ្ដាលឱ្យពួកគាត់មានកំហឹងផ្ទុះការតវ៉ា ។

ប្រជាពលរដ្ឋជាច្រើននាក់ដែលមានផ្ទះ និង ដីនៅតំបន់នោះ បានលើកគ្នាតវ៉ាប្រឆាំងនឹងការចុះអនុវត្តនេះ ។ រហូតមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រជាពលរដ្ឋបានបន្តផ្តុំគ្នាដើម្បីស្នើសុំឱ្យមានការដោះស្រាយ និង ទទួលខុសត្រូវចំពោះការរុះរើបំផ្លាញផ្ទះនិងដំណាំរបស់ពួកគាត់ ។

ផ្ទះ និង ខ្ទមចំនួន៥៨ខ្នងក្នុងចំណោមផ្ទះប្រមាណជាង៧០ខ្នង និងដំណាំមួយចំនួនផង ត្រូវបានរុះរើឈូសឆាយចោល ។ ប៉ុន្តែបើគេក្រឡេកមើលទៅខ្ទមឬផ្ទះទាំងនោះ មានផ្ទះខ្លះមានម្ចាស់រស់នៅ ដោយឡែកផ្ទះខ្លះបិទទ្វារជាខ្ទមចាំដី ឬមានជាក្បាលដី និងខ្លះទៀតធ្វើរបងហ៊ុព័ទ្ធទុកចោល ។ គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន៣គ្រឿងត្រូវប្រជាពលរដ្ឋគុបដបសាំងបណ្តេញ ដើម្បីបញ្ឈប់សកម្មភាពឈូសឆាយផ្ទះ និង បានស្ទាក់ទុកមិនឱ្យទៅណា ព្រមទាំងព្រមានដុតកំទេចចោលបើមិនមានដំណោះស្រាយសំណងជូនពួកគាត់ ។

បន្ទាប់ពីមានការផ្ទុះកំហឹងតវ៉ា អាជ្ញាធរខេត្តព្រះសីហនុ និង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៩ កុម្ភៈ ២០២១ បានកំពុងព្យាយាមសម្របសម្រួលនិងមានវិធានការបន្ត ។

ទាក់ទងនឹងបញ្ហាខាងលើនេះ កន្លងមករដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងមករដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីដឹកនាំកម្លាំងរៀបចំតាមនីតិវិធី ។

គ្រាក្រោយមក រដ្ឋបាលស្រុកស្ទឹងហាវ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅតំបន់នេះ ឱ្យរុះរើសំណង់ចេញពីទីតាំងដីកម្មសិទ្ធរបស់គេ ប៉ុន្តែប្រជាពលរដ្ឋមិនអនុវត្តតាម និង នៅតែបន្តសកម្មភាពទិញ លក់តៗគ្នា និង សង់ផ្ទះថ្មីៗបន្ថែមដោយគ្មានអាជ្ញាធរដឹងឮឡើយ ។

ប្រជាពលរដ្ឋខ្លះបាននិយាយថា ពួកគាត់បានចូលមកកាប់រានព្រៃយកដីជាចំណែកតូចៗ ធ្វើផ្ទះ នៅព្រោះជីវភាពខ្វះខាត ។រីឯអ្នកខ្លះទៀតបានទិញពីគេតាមការអូសទាញរបស់មេខ្យល់ ដោយលើកហេតុផលថាទីនេះជាដីរដ្ឋ (គម្របព្រៃឈើ) ។

គួររំលឹកថា បើយោងតាមឯកសារ ដីនេះមានប័ណ្ណរឹង ចុះហត្ថលេខាដោយប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និង សុរិយោដីខែត្រព្រះសីហនុ គឺលោក ចេង ស្រុង នៅថ្ងៃទី២៩ មករា ២០១៩ មានទំហំ១០០ហិចតាស្មើនឹង២០ប័ណ្ណ ។ ហើយប្រវត្តិប័ណ្ណនេះ មានឈ្មោះដើម គឺលោកស្រី គង់ មាលា កើតឆ្នាំ១៩៦២ បានផ្ទេរ(លក់ឡៃឡុង)តាមរយៈតុលាការឱ្យទៅឈ្មោះ ឆៃ ជីងហ៊ាង ៕