ប្រជាពលរដ្ឋប្ដឹងចំៗលោក គីម ហាក់ មេភូមិ១ដែលធ្វើអោយត្រីចិញ្ចឹមពួកគាត់ងាប់រាប់ពាន់ក្បាល និង ទាមទារសំណងជាទឹកប្រាក់

0
183

ដោយ បាយ៉ង់ថាមស៍

ខែត្រព្រះសីហនុ ៖ បន្ទាប់ពីប្រជាពលរដ្ឋ១៣ ចិញ្ចឹមត្រីតាមព្រែកធម្មជាតិ ប្ដឹងប្រធានភូមិឈ្មោះ គឹម ហាក់ ដែលបានចាក់ដីមួយកន្លែងស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបណ្ដាលអោយត្រីចិញ្ចឹមរបស់ពួកគាត់ងាប់ស្ទើរគ្មានសេសសល់រាប់ពាន់ក្បាលមក រដ្ឋបាលស្រុកស្ទឹងហាវ បានកោះហៅភាគីបង្ក និង ប្រជាពលរដ្ឋរងគ្រោះ មកសាកសួរនៅសាលាស្រុកស្ទឹងហាវ កាលពីព្រឹកថ្ងៃទី១២ តុលា ២០២២ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ។

ពាក្យបណ្ដឹងប្រជាពលរដ្ឋចុះថ្ងៃទី២៣ ខែសីហា ២០២២ និងបានដាក់ចូលរដ្ឋបាលសាលាស្រុក ស្ទឹងហាវកាលពីថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ភ្លាមៗផងដែរ ។នៅក្នុងខ្លឹមសារពាក្យបណ្ដឹងរៀបរាប់ថា ពួកគាត់ជាប្រជាពលរដ្ឋ១៣គ្រួសារ បានចិញ្ចឹមត្រីឆ្ពង់តាមដងព្រែកធម្មជាតិរបស់រដ្ឋ ជាលក្ខណៈគ្រួសារ ដើម្បីលក់ដោះដូរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់ ។

នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២ លោក គឹម ហាក់ ប្រធានភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ និង ជាប្រធានសហគមន៍ នេសាទ«ទំនប់រលក» បានចាក់ដីមួយកន្លែងជាប់ព្រែក ពេលភ្លៀកធ្លាក់បង្កជាភក់លាយទឹកល្អក់ ហូរចូលព្រែកដែលជាដៃសមុទ្រ ទីតាំងពួកគាត់ចិញ្ចឹមត្រី បណ្ដាលអោយត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ ងាប់អស់រាប់ពាន់ក្បាល ខាតបង់ជាលុយកាក់អស់រាប់ម៉ឺនដុល្លារ ។ ពួកគាត់ដាក់ពាក្យបណ្ដឹងនេះ ដើម្បីស្នើសុំរដ្ឋបាលស្រុកស្ទឹងហាវ ជួយអន្តរាគមន៍ រកដំណោះស្រាយ ទូរទាត់ជាសំណងបានសមរម្យ ដែលអាចទទួលយកបាន ។

ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ គេសង្កេតឃើញលោក សៅ បូរីវឌ្ឍនៈ  ដែលជាអភិបាល ស្រុកស្ទឹងហាវទើបានចូលកាន់តំណែងជាអភិបាលស្រុកថ្មី បានយកចិត្តទុកយ៉ាងខ្លាំងក្នុងការ ចាត់ការតាម នីតិវិធី ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយលោកបានមានប្រសាសន៍ខ្លីថា«សាលាស្រុកនឹងដោះស្រាយ កង្វល់នេះជូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវ» ។      លោកថាលោកនឹងបន្តកោះហៅប្រជាពលរដ្ឋដែលពាក់ព័ន្ធទាំងអស់មកសួរនាំ មុននឹងដោះស្រាយ លោកអភិបាលបញ្ជាក់ ។

 

ប្រជាពលរដ្ឋរងគ្រោះដោយត្រីចិញ្ចឹមពួកគាត់ងាប់ សង្ឃឹមថា លោកអភិបាលស្រុកស្ទឹងហាវថ្មី នឹងស្វែងរកដំណោះស្រាយជូនពួកគាត់ដោយក្ដីយុត្តិធម៌ត្រឹមត្រូវជាក់ជាពុំខាន និង អាចទទួលបានសំណងជាទឹកប្រាក់សមរម្យ ៕ Samuth Tel