ប្ដឹងស្មៀនឃុំទៅខែត្ររតនគិរីឲ្យជួយអន្ដរាគមន៍រឿងយកលុយជាង១លានរៀលរឿងធ្វើប្លង់ដីអត់បាន

0
128

ដោយៈ សុវណ្ណ
រតនគីរី: ប្រជាពលរដ្ឋម្នាក់រស់នៅ ភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខែត្ររតនគិរី បានប្ដឹងស្មៀនឃុំទៅ អភិបាល ខែត្ររតនគិរី ដើម្បីឲ្យជួយអន្ដរាគមន៍រឿងយកលុយចំនួន១,៤៨០,០០០រៀលថាទៅចាត់ចែងធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិដីតែមកដល់ពេលនេះជាច្រើនថ្ងៃខែមកហើយប្ដង់ដីនៅតែអត់ទាន់បានទទួលហើយយកលុយទៅ ចាយវាយអស់។

លោក ព្រុំ ភារ៉ា ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានប្ដឹងបុគ្គលឈ្មោះ ឈន អាន មានបីករណីទៅលោក ញ៉ែម សំអឿន អភិបាល ខែត្ររតនគិរី សូមជួយមានវិធានការតាមផ្លូវច្បាប់។ នៅក្នុងពាក្យបណ្ដឹងមាន ទី១.សូមឲ្យពន្លឿនឯកសារផ្ទេរកម្មសិទ្ធិដីធ្លីឲ្យរូបគាត់ និងជូនពលរដ្ឋផ្សេងទៀតជិត៣០គ្រួសារឲ្យបានទាន់ពេលវេលា។ ទី២.សូមបើកការស៊ើបអង្កេតទៅលើមន្ត្រីពាក់ព័ន្ធក្នុងរឿងនេះ និងផ្ដន្ទាទោសតាមច្បាប់នៃមន្ត្រីរាជការ។ ទី៣.សូមផ្លាស់ប្ដូរឈ្មោះ ឈន អាន ស្មៀន ឃុំតឺន នោះចេញ។ ពីព្រោះបុគ្គលនេះមិនគោរពពេលវេលាម៉ោងធ្វើការ គ្មានក្រមសីលធម៌វិជ្ជាជីវ:ជាមន្ត្រីរាជការបម្រើពលរដ្ឋនោះទេគឺយកតួនាទីទៅគៀបសង្កត់ជំរិត ទារលុយពីពលរដ្ឋពុករលួយលក្ខណ:ជាប្រព័ន្ធ។

លោក ព្រុំ ភារ៉ា បានបញ្ជាក់ក្នុងពាក្យបណ្ដឹងប្រាប់ អភិបាលខែត្រ បានជ្រាបថា កាលពីដើម ឆ្នាំ២០២៤ គាត់បានទិញដីលំនៅដ្ឋានមួយកន្លែងពីឈ្មោះ ឈឹម ឡាអិត ដែលមានទំហំក្បាលដី១៥ម៉ែត្រគុណ២០ម៉ែត្រស្ថិតនៅ ភូមិតឺន ឃុំតឺន ស្រុកកូនមុំ។ ក្រោយពីទិញដីរួចភាគីអ្នកទិញឈ្មោះ ព្រុំ ភារ៉ា បានធានារត់ការធ្វើលិខិតផ្ទេរកម្មសិទ្ធិ និងធ្វើប្លង់ដីដោយខ្លួនឯង។ លុះមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដដែលនោះលោក ភារ៉ា បានទៅជួបមេ ភូមិតឺន តែមេភូមិរុញឲ្យទៅជួបលោក ឈន អាន ស្មៀន​ ឃុំតឺន ព្រោះគាត់ជំនាញរត់ឯកសារធ្វើលិខិតផ្ទេរកម្មសិទ្ធិ និងធ្វើប្លង់ដី។

លោក ឈន អាន ស្មៀន ឃុំតឺន បានអះអាងជាមួយម្ចាស់ដីថា ធានាធ្វើឲ្យដោយប្រើរយ:ពេល១ខែ និងបាន ទារប្រាក់ពីភាគីម្ចាស់ដីសរុបចំនួន១,៤៨០,០០០រៀល និងបញ្ជាក់ប្រាប់ម្ចាស់ដីថា ជាថ្លៃសេវារដ្ឋបាលសម្រាប់ ជូន មេភូមិ មេឃុំ មន្ត្រីចុះវាស់វែងដី ប្រធានភូមិបាលស្រុក បង់ពន្ធប្រថាប់ត្រានៅ សាខាពន្ធដារខែត្រ ជូនទៅ អភិបាលរងស្រុកទទួលបន្ទុក និងជូនថ្លៃសាវា អភិបាលស្រុក ចុះហត្ថលេខាផងដែរ។

ដើម្បីបានប្លង់ដីស្របច្បាប់លោក ព្រុំ ភារ៉ា ក៍បានយល់ព្រមឲ្យលុយទៅឈ្មោះ ឈន អាន តាមការទាមទារគឺគ្រប់ចំនួន ១,៤៨០,០០០រៀលតែសុំឲ្យជាពីរដំណាក់កាល ហើយលុយនោះបានមកពីចងការគេ។ ប៉ុន្ដែក្រោយពីទទួលលុយ យកទៅរត់ការអស់រយៈពេលជាងមួយខែម្ចាស់ដីបានសួរទៅស្មៀនឃុំពីរឿងប្លង់ដីតែគាត់ឆ្លើយពន្យាពេលរហូតធ្វើឱ្យម្ចាស់ដីសង្ស័យ និងបានទៅឆែកគល់បញ្ជីនៅសាលា ស្រុកកូនមុំ និងនៅ សាខាពន្ធដារ ខែត្ររតនគិរី តែរកមិនឃើញឈ្មោះដីលោកឡើយទើបគាត់សម្រេចប្ដឹងពីឈ្មោះ ឈន អាន ស្មៀន ឃុំតឺន នោះទៅ អភិបាល ខែត្ររតនគិរី ដើម្បីឲ្យជួយអន្តរាគមន៍ជួយដោះស្រាយ។

ការចោទប្រកាន់ដូចខាងលើលោក ឈន អាន ស្មៀន ឃុំតឺន បានប្រាប់តាម ប្រព័ន្ធតេឡេក្រាម ដោយខ្លីថា រឿងហ្នឹងបើអាជ្ញាធរ ស្រុកកូនមុំ អញ្ជើញទៅបំភ្លឺចាំខ្ញុំបកស្រាយពីរឿងហ្នឹង។

ដោយឡែកលោក សេក ហៃ អភិបាល ស្រុកកូនមុំ បានបញ្ជាក់ថា ពាក់ព័ន្ធរឿងខាងលើ ក្រុមប្រឹក្សាវិន័យ កំពុងតែធ្វើការស្រាវជ្រាវស៊ើបអង្កេត…។ លោក ញ៉ែម សំអឿន អភិបាល ខែត្ររតនគិរី មិនអាចសុំការពន្យល់បានទេជុំវិញរឿងនេះ៕