រតនគិរី: តំណាងសហគមន៍ជនជាតិខ្មែរដើមគ្រឹងចំនួន៤នាក់រស់នៅ ឃុំតាអងកាតេ ស្រុកកូនមុំ ខែត្ររតនគិរី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានដាក់ពាក្យប្ដឹង មេប៉ុស្ដិ៍តាអង និងមនុស្ស៤នាក់ទៀតទៅតុលាការ ខែត្ររតនគិរី ដោយចោទប្រកាន់ពីបទគប់គិតគ្នា និងដោះលែងអ្នកលួចកាប់ឈើព្រៃអារក្សអ្នកតា នៃសហគមន៍។
ដើមបណ្ដឹងទាំង៤នាក់មានឈ្មោះ ភា ឡៃចាំព្រី , ឌី ជួញ , ខាំ រំ និង សានី បូរី។ រីឯចុងបណ្ដឹងមានទីឈ្មោះ លីម៉ានី កុលស័ក្ដិ តួនាទីជាមេប៉ុស្ដិ៍ ឃុំតាអង។ សាអួយ ប៉ង ភេទប្រុសអាយុ៤១ឆ្នាំ។ ណាន សាលី ភេទប្រុសអាយុ ២៥ឆ្នាំ។ កំ ភិតតាក់ភេទប្រុសអាយុ៣៥ឆ្នាំ និង ណៃ អាវ៉ៃ ភេទប្រុសអាយុ២០ឆ្នាំ។ ពួកគេជាកសិកររស់នៅ ភូមិតាអងប៉ុក ស្រុកកូនមុំ និងរស់នៅ ភូមិទុយ សង្កាត់កាចាញ ក្រុងបានលុង ខែត្ររតនគិរី។
ដើមចមនៃរឿងគឺនៅថ្ងៃទី១០ ខែកក្កដា និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ តំណាងសហគមន៍បានឲ្យឈ្មោះ សាអួយ ប៉ងផ្ដិតមេដៃលើកិច្ចសន្យាចំនួនពីរដងរួចមកហើយគឺហាមមិនឲ្យឈ្មោះ សាអួយ ប៉ង ដែលមានដីចម្ការនៅក្បែរព្រៃអារក្សរំកិលព្រំចូលដីព្រៃអារក្សសហគមន៍ឡើយ។ ប៉ុន្ដែរំលងបានតែបីថ្ងៃនៅយប់ថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឈ្មោះ សាអួយ ប៉ង បានបញ្ជាឲ្យឈ្មោះ កំភិត តាក់ លួចដាក់ម៉ាស៊ីនត្រង់ស៊ីន័រនៅពេលយប់លួចកាត់ដើមឈើធំៗក្នុងព្រៃអារក្សសហគមន៍ដួលអស់ជាង៦០ដើម។
នៅយប់នោះកម្លាំងសហគមន៍រួម និងសន្ដិសុខ ភូមិតាអងកាតេ ចំនួន៨នាក់បានទៅឃាត់ខ្លួនអ្នកកាប់ព្រៃអារក្ស និងបានដកហូតយករណាយន្ដ១គ្រឿងមកជាមួយ។ ខណ:ពេលនោះឈ្មោះ កំភិត តាក់ បានប្រាប់ថា ខ្លួនគេជាអ្នកស៊ីឈ្នួលឲ្យឈ្មោះ សាអួយ ប៉ង ទេតែតំណាងសហគមន៍ បានធ្វើការនាំខ្លួនបុរសនោះយកទៅប្រគល់ឲ្យប៉ូលិសប៉ុស្ដិ៍ឃុំតាអង ដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់។
នៅព្រឹកថ្ងៃទី២២ ខែតុលា នោះដែរបងប្អូនសហគមន៍ភូមិបាននាំគ្នាជិត២០០នាក់ទៅពិនិត្យស្ថានភាព ព្រៃអារក្ស រួចក៍នាំគ្នាទៅជួប មេប៉ុស្ដិ៍ឃុំតាអង ដើម្បីសុំឲ្យដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរទៅលើបុគ្គល កំភិត តាក់។ ព្រោះបុគ្គលនេះនិងឈ្មោះ សាអួយ ប៉ង បានបំពានកិច្ចសន្យាចំនួនពីរដងមកហើយ។
ឆ្លើយតបនឹងក្រុមសហគមន៍លោកមេប៉ុស្ដិ៍បញ្ជាក់ថា អ្នកកាប់ព្រៃឈើអារក្សនោះបានប្រគល់ឲ្យមេឃុំ ព្រោះលោក
ជាប់រវល់ទៅរៀនវគ្គ។ ខណៈនោះតំណាងសហគមន៍ក៍បានបន្ដទៅសួរ មេឃុំតាអង ទៀតតែមេឃុំប្រាប់ថា បាន ដោះលែងជននោះបាត់ទៅហើយ…។
ករណីដោះលែងជនកំហូចនោះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន១៩២នាក់ខឹងសម្បារ និងកើតទុក្ខមិនសុខចិត្ដនោះទេរួចនៅថ្ងៃនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ពួកគាត់បានដាក់ពាក្យប្ដឹង មេប៉ុស្តិ៍តាអង និងមនុស្ស៤នាក់ទៀតទៅសាលាដំបូង ខែត្ររតនគិរី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕