ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបត្រូវគេឃុបឃិតគ្នាលក់បានលុយជិត២លានដុល្លារក្រោមរូបភាពដោះដូរ

0
1228

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ក្បាលដីមានទំហំប្រមាណ២៨ម៉ែត្រ គុណ និងបណ្តោយជាង៣០ម៉ែត្រ មានតម្លៃជិត២លានដុល្លារនោះ ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀត ហើយក្រោមរូមភាពដោះដូរ «យកឆ្នាំងមាសដូរយកឆ្នាំងដី» សល់ចែកលុយគ្នារួចដោយតម្រូវឲ្យមន្រ្តីនគរបាល រើអីវ៉ាន់ចេញគឺទុករយៈពេលឱ្យមួយសប្តាហ៍គិតចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។

នៅក្នុងរឿងនេះចាត់ការដោយ លោកស្នងការរងនគរបាល រាជធានីភ្នំពេញ ម្នាក់ជាអ្នកហៅមន្ត្រីនគរបាលប៉ុស្តិ៍ ម្នាក់ៗបង្ខំទៅទទួលលុយបានចាប់ពី៥០០ទៅ១០០០ដុល្លារដោយហាមមិនឲ្យពួកប៉ូលិសប៉ុស្តិ៍ទាំងនោះនិយាយ អ្វីទាំងអស់។ ក្នុងករណីនេះមហាជនមានចម្ងល់ថា តើសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួង មហាផ្ទៃនិង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជ្រាបរឿងនេះដែរឬទេ ? ពីព្រោះវាមិនមែន ជារឿងធម្មតាឡើយ ដីនៅតំបន់នេះមួយម៉ែត្រការ៉េមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ។

ប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកលៀប ត្រូវបានគេលក់ទៅឈ្មួញក្រោមរូបភាពដោះដូរ។

យោងតាមប្រភពព័ត៌មានពី មន្ត្រីនគរបាលប៉ុស្តិ៍លួចប្រាប់ថា ពួកគាត់ទទួលនូវការគំរាមកំហែងមិនឲ្យនិយាយ ស្តីនិងថតរូបបន្ទាប់ពី ស្នងការរងរាជធានីភ្នំពេញ ម្នាក់បានហៅឲ្យទៅយកប្រាក់នៅទីតាំងស្នាក់ការថ្មីដែលជា ផ្ទះល្វែង មានកម្ពស់បីជាន់ក្នុង បុរីប៊ុនជេស្ឋ ស្ថិតនៅ ភូមិព្រែកលៀប ខណ្ឌចង្រោយចង្វា ដោយមិនបានប្រាប់ មុនឡើយ។

ប្រភពដដែលបន្តថា ដីស្នាក់ការនគរបាលប៉ុស្តិ៍ ព្រែកលៀបនោះត្រូវបានគេដឹងថាក្បាលដីមានទំហំប្រមាណ ២៨ម៉ែត្រគុណនិងបណ្តោយ៣០ម៉ែត្រព្រមទាំងចំណី ទន្លេមេគង្គជាច្រើនម៉ែត្រទៀតស្ថិតនៅស្របតាមមាត់ ទន្លេមេង្គ ដែលជាកន្លែងលំហែកាយសម្រាប់អ្នកមានស្តុកស្តម្ភ ហើយក៍ជាដីត្រូវប៉ាន់ដែល ក្រុមហ៊ុននិងអ្នកមាន ទ្រព្យព្យាយាមរកខ្សែរត់ការលេបត្របាក់យកទ្រព្យសម្បត្តិរដ្ឋជាយូរមកហើយតែមិនបានសម្រេច។ ប៉ុន្តែលើក នេះប្រហែលជាមានខ្នងក្រាស់ៗហើយមើលទៅទើបសម្រចយ៉ាងដូច្នេះ។

បងប្អូនប៉ូលិសកំពុងតែរើអីវ៉ាន់ចេញព្រោះកន្លែងលក់បាត់ទៅហើយ !

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មន្រ្តីនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋមួយគ្រួសារដែលជាអ្នកស្នាក់នៅកន្លង មកត្រូវបានគេហៅឲ្យទៅទទួលលុយដោយមិនបានប្រាប់ឲ្យដឹងមុនឡើយគឺហៅទៅភ្លាមគឺបង្ខំឲ្យទទួលយក លុយភ្លាមតែម្ដង ហើយមិនអនុញ្ញាតឲ្យនិយាយស្តីអ្វីឡើយ។ ដោយអ្នកហៅកុហកថាទៅពិនិត្យមើលប៉ុស្តិ៍ថ្មី  បន្ទាប់ពីទទួលប្រាក់ហើយលោកឧត្តមសេនីយ៍ទោរូបនោះក៍បានណែនាំឲ្យប្រជាពលរដ្ឋមួយគ្រួសាររកផ្ទះថ្មី និងមន្រ្តីនរបាលប៉ុស្តិ៍ត្រូវរើអីវ៉ាន់ចេញទៅកន្លែងថ្មីដោយទុករយៈពេល១សប្តាហ៍។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភាគេសង្កេតឃើញមន្ត្រីប៉ុស្តិ៍មួយចំនួនក៍បាននាំគ្នារើអីវ៉ាន់ខ្លះដាក់រថយន្ត ខ្លះទៀតដាក់រ៉ឺម៉កម៉ូតូ ទៅទីស្នាក់ការថ្មីបណ្តើរៗហើយ តែហាក់មិនសប្បាយចិត្តនោះទេ។ ពីព្រោះគេលក់បាន លុយរាប់លានដុល្លារតែឲ្យពួកប៉ូលិសតូចតាចតែម្នាក់៥០០ទៅ១០០០ដុល្លារតែប៉ុណ្ណោះ។

ម្ចាស់រ៉ឺម៉កម៉ូតូកំពុងតែសើចសប្បាយដែលបានដឹកអីវ៉ាន់ឱ្យបងៗប៉ូលិសរើទីស្នាក់ការប៉ុស្តិ៍ព្រែកលៀប។

ពាក់ព័ន្ធនិងការដោះដូរដីមានតម្លៃប្រាក់រាប់លានដុល្លារនេះធ្វើឲ្យមន្រ្តីថ្នាក់ក្រោមមានការមិនសប្បាយចិត្តនោះទេ។ ផ្ទុយទៅវិញក៍មានប្រតិកម្មផងដែរតែមិនហ៊ាននិយាយស្ដីអ្វី ទាំងអស់។ ពីព្រោះបើមិនមានភ្លើងខៀវពីមេៗ ឬថ្នាក់ដឹកនាំក្រសួងនោះទេ ប្រហែលជាមិនអាចទៅរួចឡើយ។

គួររំលឹកថា ដីប៉ុស្តិ៍ចាស់មានតម្លៃប្រមាណជិត២លានដុល្លារតែទិញដីថ្មីធ្វើស្នាក់ការអស់ប្រមាណជាង១០ម៉ឺនដុល្លារនៅសល់ថ្នាក់លើចែកគ្នា។ ខណៈមន្រ្តីនគរបាលនៅប៉ុស្តិ៍បានត្រឹមតែម្នាក់ៗ៥០០ដុល្លារកូនចៅ និង១០០០ដុល្លារចំពោះ មេៗ។

ដោយឡែកយោងតាមលិខិតស្នើសុំរបស់ក្រុមហ៊ុនយីហោ ” ឡុងម៉ាអ៊ិនវេសអេនរៀលអ៊ីស្ទេច “ កន្លងទៅក៍បាន ឲ្យដឹងថា ទីតាំងស្នាក់ការប៉ុស្តិ៍ព្រែកលៀប នេះគឺមានសភាពចាស់ទ្រុឌទ្រោម ពុកផុយ និងតូចចង្អៀតហើយ មានប្រជាពលរដ្ឋមួយគ្រួសាររស់នៅក្នុងទីតាំងប៉ុស្តិ៍នោះផងដែរ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនមានបំណងចូលរួច បំណែកអភិវឌ្ឍន៍កែលម្អសោភ័ណភាពទីក្រុងឲ្យស្រស់បំព្រង់ស្របតាមយុទ្ធសាស្រ្តចតុកោណក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅក្នុងលិខិតបានបន្តទៀតថា ក្នុងការដោះដូរទីតាំងប៉ុស្តិ៍ជាថ្នូរផ្ទះល្វែងមួយល្វែងដែលមានទំហំ៤,១០ម៉ែត្រ គុណ១៦ម៉ែត្រកម្ពស់បីជាន់ (E0 E1 E2) ស្ថិតនៅក្នុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងដោះស្រាយ គោលនយោបាយជូនគ្រួសារដែលរស់នៅ ប៉ុស្តិ៍ព្រែកលៀប ចំនួន៤ម៉ឺនដុល្លារព្រមទាំងរៀបចំបណ្តាញទឹកភ្លើង និងបំពាក់សម្ភារ តុ ទូ កៅអី សម្រាប់ដាក់ឯកសារជូនជាថ្នូរវិញ។

ជុំវិញការដោះដូរនេះដែរត្រូវបានមហាជនរិះគន់ថា ថ្នាក់លើលក់ដីរដ្ឋហើយចែកគ្នាក្រោមរូបភាពដោះដូរគឺ «ឆ្នាំងមាសដូរយកឆ្នាំដី»។ នៅក្នុងលិខិតនោះដែរក៍មានការរិះគន់ថា អភិវឌ្ឍមែនពីដីធំទូលាយមកផ្ទះល្វែង សល់លុយចែកគ្នាទៅវិញ…។

ប៉ូលិសប៉ុស្តិ៍ព្រែកលៀបកំពុងតែរើអីវ៉ាន់ចេញពីទីស្នាក់ការរបស់ខ្លួនដែលគេលក់ឱ្យឈ្មួញក្នុងតម្លៃជិត២លានដុល្លារ។

ដោយឡែកលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាល ខណ្ឌជ្រោយចង្វា បានប្រាប់ឲ្យដឹងនៅរសៀ លថ្ងៃទី២៨ ខែឧសភា នេះថា ពិតជាមានការដោះដូរទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបមែន។ បើ ចង់ដឹងច្បាស់លោកអាចមក អធិការដ្ឋានខណ្ឌ ដើម្បីសួរដោយផ្ទាល់។ ព្រោះខ្ញុំមិនអាចនិយាយតាមទូរស័ព្ទបាន និងមិនដែលស្គាល់លេខទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះលោកឧត្តមសេនីយ៍ទោ បេ សុវណ្ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួល ផែនហិរញ្ញវត្ថុនិងភស្តុភា បានឲ្យដឹងថា ស្នាក់ការប៉ុស្តិ៍ព្រែកលៀប ត្រូវបានដោះដូរទៅឲ្យក្រុមហ៊ុនមួយហើយ ក្រុមហ៊ុននោះបានផ្ទេរទៅឲ្យ ស្នងការដ្ឋានហិរញ្ញកិច្ចចំណុះឲ្យ អគ្គស្នងការនគរបាលជាតិដើម្បីទុកធ្វើជាផែរអូប័រ ដោយអនុវត្តតាម ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។

ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៍បានចាត់ចែងផ្ទេររួចហើយដោយទុករយៈពេលប្រមាណ១សប្តាហ៍ដើម្បីឲ្យប្រជាពលរដ្ឋមួយគ្រួសារ និងមន្រ្តីនគរបាលមូលដ្ឋានរើទៅកន្លែងថ្មី។ ដោយប៉ុស្តិ៍ថ្មីនោះមាន តុ ទូ សម្រាប់ដាក់ឯកសារ ម៉ាស៊ីនត្រជាក់ ទឹក ភ្លើង គ្រប់គ្រាន់ទៅតាម ស.ជ.ណ។ លោកស្នងការរងបានបញ្ជាក់ ទៀតថា បើចង់ដឹងច្បាស់ សូមទាក់ទងទៅ ស្នងការហិរញ្ញកិច្ច នឹងដឹងរឿងនេះច្បាស់ហើយ…។

ចំណែកលោកឧត្តមសេនីយ៍ឯក ឡោ សុឡេង ស្នងការនៃស្នងការដ្ឋានហិរញ្ញកិច្ចនិងភស្តុភា ចំណុះឲ្យអគ្គស្នង ការនគរបាលជាតិ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា នេះមិនអាចធ្វើការទំនាក់ទំនងបានទេ៕