បុគ្គលខិលខូចដែលជាអាជ្ញាធរមូលដ្ឋានភូមិឃុំប្រើរូបភាពគំរាមកំហែងប្រជាពលរដ្ឋខ្លួនគ្រប់បែបយ៉ាងទាក់ទងនឹងទំនាស់ដីធ្លី

0
204

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋរងគ្រោះដីធ្លីរស់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខែត្រព្រះសីហនុ លើកឡើងថា នៅពេលមានជនជាតិចិនចូលក្នុងភូមិដើរមើលដីញឹកញាប់ បុគ្គលខិលខូច ដែលមាននាមជាអាជ្ញាធរមូលដ្ឋានភូមិឃុំ តែងរករឿងឈ្លោះជាមួយប្រជាពលរដ្ឋរឿងដីធ្លី គំរាមកំហែងថាយកសមត្ថកិច្ចប៉ូលីស ប៉េអឹមមកចាប់ចងប្រជាពលរដ្ឋ ជាដើម និងជាពិសេសតែងយកឈ្មោះអ្នកធំមកប្រើជាប្រយោជន៍ខ្លួន ។

លើសពីនេះទៀត បុគ្គលខិលខូច ដែលជាជើងកាងក្នុងមូលដ្ឋាន ធ្លាប់កេណ្ឌប៉ូលីស ប៉េអឹម និង មន្រ្តីសុរិយោដីទាំងឡាន ទៅវាស់វែង  ចុចជីភីអេស លើដីប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផល ដោយមិនញញើតនឹងនរណាទាំងអស់ ឬក៏ច្បាប់អ្វើឡើយ ។

ភូមិវាលជាភូមិមួយដែលនៅជាប់ព្រៃភ្នំ មានវាលទំនាបនៅចន្លោះភ្នំសងខាងលាតសន្ធឹងល្វឹងល្វើយដាច់កន្ទុយភ្នែក ។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះភាគច្រើនពឹងលើការធ្វើចំការ និងប្រជាពលរដ្ឋដែលតែងតែមានទំនាស់ដីធ្លីមានចំនួន១២៧គ្រួសារ ។ ពេលពួកគាត់ទៅប្ដឹងតវ៉ាម្ដងៗ អាជ្ញាធរមូលដ្ឋានមិនដែលយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់ឡើយ រហូតដល់មានករណីខ្លះប្ដឹងគ្នាតាមប្រព័ន្ធតុលាការ ខណៈដីព្រៃភ្នំនោះពុំទាន់មានការកាត់ឆ្វៀលនៅឡើយ ។ ចម្ងល់ តើហេតុអ្វីដីព្រៃភ្នំសោះ ម្ដេចគេអាចយកធ្វើជាកម្មវត្ថុប្ដឹងគ្នានៅប្រព័ន្ធតុលាការបាន ? ហើយប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាចម្ការមានដំណាំ គេមិនចេញប្លង់អោយ បែរជាដីព្រៃភ្នំមានប្លង់ទៅវិញ ?

ប្រជាពលរដ្ឋខ្លះ ក្ររហូតរកតែអង្ករច្រកឆ្នាំងមិនចង់បានផង រស់នៅដោយលំបាកវេទនា អ្នកខ្លះរស់នៅទីនេះជាច្រើនជំនាន់មកហើយ ខិតខំកាប់ឆ្កាព្រៃបានដីបន្តិចបន្តួចគ្រាន់ធ្វើចម្ការ ត្រូវបានអស់លោក(អាជ្ញាធរមូលដ្ឋានភូមិឃុំ) តាមរករឿងមិនចេះចប់មិនចេះហើយ ។ ពួកគាត់បានកត់សម្គាល់ថាឲ្យតែមានចិនចូលមកញឹកគឺពួកអស់លោក តែងតែមករករឿងពួកគាត់ហើយចំណែកអស់លោក នៅស្រុកកំពង់សិលានេះវិញ មានលុយចាយដុតខ្លួនមិនអស់ កន្លែងណាក៏ជាដីរបស់អស់លោកដែរ ចំណែកប្រជាពលរដ្ឋវិញ ពេលសុំធ្វើលិខិតបញ្ជាក់ផ្សេងៗពាក់ព័ន្ធនឹងរឿងដីធ្លី គឺមិនដែលបានទេ។ នេះជាការលើកឡើងក្រុមប្រជាពលរដ្ឋរស់នៅភូមិវាល ស្រុកកំពង់សិលា ខែត្រព្រះសីហនុ ។

 

កាលពីថ្ងៃទី១៧ ឧសភា ២០២១ លោក ហួត ចាន់ធី អធិការនគរបាលស្រុកកំពង់សិលា ខែត្រព្រះសីហនុ បានកោះហៅប្រជាពលរដ្ឋបីនាក់ឱ្យចូលខ្លួនទៅបំភ្លឺរឿងផ្ទាល់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាទាំងព្រលឹម តែធាតុពិតបញ្ហានេះផ្ដើមចេញពីរឿងទំនាស់ដីធ្លី ។

 

លោក អធិការនគរបាលស្រុកកំពង់សីលារូបនេះមិនឆ្លើយតបនឹង បាយ៉ង់ថែមស៍ ទេតាមប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី១៨ ឧសភា ២០២១ ប៉ុន្តែលោកបានប្រាប់សារពត៌មានក្នុងស្រុកថា ប្រជាពលរដ្ឋបីនាក់ដែលត្រូវបានគេកោះហៅមកបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាកាលពីព្រឹកថ្ងៃទី១៧ ឧសភានោះ គឺមិនពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីទេ គឺពួកគាត់បានចូលទៅកាប់ព្រៃឈើក្នុងដីកម្មសិទ្ធិស្របច្បាប់របស់គេ ។

 

ទាក់ទងនឹងបញ្ហាខាងលើ លោក ណេង នឿន ប្រធានភូមិបាលស្រុកកំពង់សិលា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយតាមតេឡេក្រាមថា ត្រង់ចំណុដីដែលមានទំនាស់នោះ លោកមិនអាចឆ្លើយតាមនេះបានទេ លុះត្រាតែមានលេខនិយាមការ ។

 

រីឯលោក ផុង គា មេឃុំកំពង់សិលា ស្រុកកំពង់សិលា មានប្រសាសន៍តាមទូរស័ព្ទថា លោកជាប់ប្រជុំកាលពីរសៀលថ្ងៃទី២១ ឧសភា ២០២១ ប៉ុន្តែលោកបានអោយប្រព័ន្ធក្នុងស្រុកដឹងថា ប្រជាពលរដ្ឋទាំងនោះសុទ្ធតែអ្នកមកពីចម្ងាយ ចាប់ដីគេលក់ ។ ហើយដីទាំងអស់ដែលមានទំនាស់គឺមានប្លង់០១អស់ហើយ ក៏ប៉ុន្តែលោកពុំបានពន្យល់ថាប្លង់០១ជាអ្វី និង ផ្លល់ឯកសារជាប្លង់កម្មសិទ្ធិអ្វីឡើយ ថាតែមាត់ទទេប៉ុណ្ណោះ ។

 

ដោយឡែកលោក ទី សារុំ សមាជិកក្រុមប្រឹក្សាឃុំ ដែលប្រជាពលរដ្ឋថាគាត់ពូកែខាងសំឡុកគំរាមប្រជាពលរដ្ឋនោះ បានរុញអ្នកសារពត៌មានទៅសួរអ្នកដើមបណ្ដឹង ដែលបានប្ដឹងពលរដ្ឋបីនាក់ ប៉ូលីសកោះហៅខាងលើ តែនេះគ្រាន់ជាវិធីគេចវេសពីការពិត ព្រោះកាលពីរសៀលថ្ងៃទី២១ ឧសភា ២០២១ ទូរស័ព្ទរបស់លោកហៅមិនចូល ។

 

មេភូមិវាល លោក ជ័យ សាំង ទាក់ទងតាមទូរស័ព្ទចូលហើយមិនលើក និងតាមប្រព័ន្ធតេឡេក្រាម ចូលអានសំណួរហើយមិនឆ្លើយតប ។

 

ឆ្លើយតបនឹងការលើកឡើងរបស់លោកមេឃុំកំពង់សិលា លោក មឿន យឿន រស់នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខែត្រព្រះសីហនុ តំណាងប្រជាពលរដ្ឋចំនួន១២៧គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយអាជ្ញាធរមូលដ្ឋាន បានឱ្យអ្នកសារពត៌មានដឹងនៅមុខអធិការដ្ឋាននគរបាលស្រុកកំពង់សិលា និង តាមប្រព័ន្ធទូរស័ព្ទថា បុគ្គលខិលខូចដែលជាអាជ្ញាធរ«ចេះតែបំផ្លើស ការពិតមិនយក យកតែបំភ្លៃ» ។

លោកសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានប្រើរូបភាពសំឡុតគំរាមគ្រប់បែបយ៉ាង ដូចជាអតីតមេប៉េអឹមស្រុកកំពង់សិលា ដោយអាងឫទ្ធិអំណាចខ្លួនដកកាំភ្លើង បបួលប្រជាពលរដ្ឋស្បថ ទីបំផុតគាត់បានស្លាប់ទាំងវ័យក្មេង ។ រូបភាពជាក់ស្ដែងបន្ទាប់ គឺលោកមេឃុំ «ផុង គា បានយកដីរបស់ខ្ញុំ(មឿន យឿន)ចំនួនជាង៣ហិចតា ទៅលក់ជាមួយតាទ្រីទាហ៊ានទៀតផង» លោក យឿន រំលេចឡើង ។

លោក មឿន យឿន បន្ថែមមួយចំណុចទៀតថា លោក ទី សារុំ សមាជិកក្រុមប្រឹក្សាឃុំកំពង់សិលា ជាមិត្តភក្ដិជិតស្និទ្ធជាមួយលោកមេឃុំ ផុង គា ធ្លាប់បានបបួលប្រជាពលរដ្ឋកាប់គ្នាព្រោះទំនាស់រឿងដីធ្លីកាលពីឆ្នាំ២០១៦ ពេលនោះពលរដ្ឋម្នាក់ឈ្មោះ ឡុង ឆើត ចុះពីលើគោយន្ត ហើយនិយាយថាខ្ញុំមិនខ្លាចទេមួយទល់មួយ បន្ទាប់មកលោក ទី សារុំ ចុះពីលើរថយន្តបម្រុងបើកឆាកប្រយុទ្ធ តែ… ។

 

ចំពោះលោក អ៊ុយ​ អុល ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋបីនាក់ដែលលោកអធិការនគរបាលស្រុក កោះហៅ មានប្រសាសន៍ថា «គេតែងតែឱ្យអធិការដ្ឋាននគរបាលស្រុក កោះហៅប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋមានរឿងដីធ្លីជាមួយមន្រ្តីខិលខូចក្នុងមូលដ្ឋាន» ។ លោកបញ្ជាក់ថា នេះគ្រាន់តែជាការកៀបសង្កត់ពួកលោកប៉ុណ្ណោះ ។

 

អាណាព្យាបាលដ៏សំខាន់ក្នុងស្រុកកំពង់សិលា គឺអភិបាលស្រុក លោក សៅរ៍ បុរីវឌ្ឍនៈ មិនអាចសុំការអធិប្បាយបញ្ជាក់ពីនីតិវិធីកសាងប័ណ្ណកាន់កាប់ដីធ្លី នៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា បានទេតាមប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី២១ ឧសភា ២០២១ លោកបែរជាផ្ញើត្រឹម សេចក្ដីប្រកាសពត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលចេញផ្សាយកាលពីឆ្នាំ២០២០ ទៅវិញ ។

 

គួររំឭកថា អាជ្ញាធរមូលដ្ឋានស្រុកកំពង់សិលា ត្រូវបានប្រជាពលរដ្ឋផ្ដល់រហ័សនាមថា ជា«មន្រ្តីឈ្មួញដី» និងអភិបាលខែត្រព្រះសីហនុ ឯកឧត្តម គួច ចំរើន ធ្លាប់លើកឡើងទាំងឆ្ងល់ថា «មកដល់ស្រុកកំពង់សិលា គេនាំទៅតែវត្ត» និង រឿងទំនាស់ដីធ្លី ម្ដេចមន្រ្តីយុត្តិធម៌ នគរបាលកោះហៅទៅសួរនាំជាញឹកញាប់យ៉ាងដូច្នេះ ? ៕ សាមុត