បាក់រណ្ដៅដីជីករករ៉ែត្បូងសង្កត់លើកម្មករម្នាក់រងរបួសធ្ងន់នៅស្រុកបរកែវ

0
128

រតនគិរី: មានបាក់រណ្ដៅដីជីករករ៉ែត្បូងសង្កត់លើកម្មករម្នាក់បណ្ដាលឲ្យរបួសធ្ងន់ ហើយជនរងគ្រោះកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ស្រុកបរកែវ។ កម្មកររងរបួសឈ្មោះ កុសល ត្វាន់ ភេទប្រុសអាយុ៥០ឆ្នាំជនជាតិខ្មែរ លើ ចារ៉ាយ មានទីលំនៅ ភូមិកាចក់ ឃុំកក់ ស្រុកបរកែវ ខែត្ររតនគិរី។

តាមប្រភពពីពលរដ្ឋរស់នៅ ស្រុកបរកែវ ឱ្យដឹងថា ថ្មីៗនេះមានកុងសែពីរនាក់គឺ ទីមួយឈ្មោះ ដាំ និងទីពីរឈ្មោះ ចយ បានទៅបំផុសឲ្យពលរដ្ឋជនជាតិខ្មែរដើមចារ៉ាយដែលមានជីវភាពខ្វះខាតឲ្យចូលទៅជីករុករករ៉ែត្បូងមិនស្របច្បាប់នៅចំណុចអូរយ៉ាវ ស្រុកបរកែវ ដើម្បីរកត្បូងលក់ឲ្យពួកគេ។

ប្រភពបន្តថា នៅពេលធ្វើសកម្មភាពជីករណ្ដៅដីចុះបានជម្រៅប្រហែលជាង៥ម៉ែត្រដីមានសំណើមក៍បាក់ស្រុតសង្កត់លើកម្មករខាងលើស្ទើរស្លាប់នៅក្នុងរណ្ដៅដី។ ជនរងគ្រោះត្រូវបានកម្មករក្រុមផ្សេងនាមគ្នាមកជួយកាយអាចម៍ដីមួយសន្ទុះទើបយកចេញមកវិញបានរួចក៍ប្រញាប់បញ្ជូនទៅ មន្ទីរពេទ្យបង្អែក ស្រុកបរកែវ ដែលនៅជិតទីនោះដើម្បីសង្គ្រោះ។

ចំណែកបុរសរងគ្រោះបានប្រាប់ថា គាត់នៅឈឺមួយចំហៀងខ្លួន និងឈឺក្នុងទ្រូងមិនទាន់ជាទាំងស្រុងនៅឡើយទេ។ នៅក្នុងរឿងនេះដែរ ប្រធានមន្ទីររ៉ែ ខែត្ររតនគិរី គេពុំអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ជុំវិញបទល្មើសលួចជីករ៉ែត្បូងខុសច្បាប់កំពុងកើតមានឡើងយ៉ាងគគ្រឹកគគ្រេង។

គួរបញ្ជាក់ថា ប៉ុន្មានខែកន្លងមក ក្រុមកុងសែទិញត្បូង មួយចំនួននៅ ខែត្ររតនគិរី តែងតែយកពលរដ្ឋធ្វើជាឈ្នាន់ដែលមានជីវភាពខ្វះខាតឲ្យលួចជីករុករករ៉ែត្បូងខុសច្បាប់នៅ ស្រុកបរកែវ ដើម្បីយកមកលក់ឲ្យពួកគេយកទៅច្នៃលក់បន្ត។ ស្របពេលនោះក៍មានកម្មករមួយចំនួនបានស្លាប់ដោយសារបាក់ស្រុតរណ្ដៅរ៉ែត្បូងជារឿយៗ ហើយពុំមាននរណាម្នាក់ទទួលខុសត្រូវនោះទេគឺជាក់ស្ដែងដូចករណីខាងលើនេះស្រាប់៕