បនល្បែងស៊ីសងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូកំពុងតែលេងភ្នាល់ដាក់លុយធំៗស៊ីសាច់ហុតឈាមនៅខណ្ឌចម្ការមន

0
200

ដោយៈ អធិបតី
ភ្នំពេញៈ បនល្បែងស៊ីសងលួចលាក់តាមអនឡាញដ៏ធំមួយកន្លែងមាន ជល់មាន់ អាប៉ោង យូគី និងល្បែងផ្សេង ៗទៀត បន្ទាប់ពីកាស៊ីណូបង្កប់លេងនៅក្នុងអគារឈ្មោះថា ការជួលដ៏ធំ នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវ រដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ សកម្មភាពទាំងនេះចាប់បើកដំណើរការតាំងពី ថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ រីឯអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀម ស្ងាត់ដែលមហាជនទូទៅដាក់ការសង្ស័យថាវាទំនងជាត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងចិននោះអីចឹង។

បនល្បែងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូនេះ គេកំពុងតែលេងភ្នាល់ដាក់លុយធំៗស៊ីសាច់ហុតឈាមគ្នាទៅវិញ ទៅមក នៅទល់មុខស្ថានទូតអូស្ត្រាលីនិងពីខាងត្បូងសាលមហោស្រពចាស់ក្នុងដែនដី ខណ្ឌចម្ការមន រាជធានី ភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក គៀង ល័ក្ស អភិបាលខណ្ឌ និងលោក យិន សាន្ត អធិការខណ្ឌ គឺបាន រក្សាភាពស្ងៀមស្ងាត់មិនហ៊ានចាត់វិធានការតាមផ្លូវច្បាប់ដែលផ្គើននឹងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រី នៃកម្ពុជា។

ល្បែងស៊ីសងនេះមានខ្នងបង្អែកក្មួយអ្នកធំចាំកាងជួយការពារ។ ក្មួយរបស់អ្នកធំនោះក៍បានបញ្ជាឱ្យទីប្រឹក្សា ផ្ទាល់ខ្លួន និងដៃជើងចេញមុខដើរដោះស្រាយជាមួយអ្នកពាក់ព័ន្ធនានាតាមរយៈ កញ្ចប់ស្រោមសំបុត្រដ៏ក្រា ស់ក្រែល…។ ការធានាបាននូវសុខសុវត្ថិភាពនេះហើយទើបធ្វើឱ្យភ្ញៀវដែលទៅចូលលេងបនល្បែងនោះសុទ្ធ តែអ្នកមានទ្រព្យសម្បត្តិច្រើន និងអ្នកមានយសស័ក្ដិធំផងដែរ។

មហាជនរស់នៅក្នុង រាជធានីភ្នំពេញ បានលើកឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះថា បនល្បែងស៊ីសងលក្ខ ណៈអនឡាញលួចលាក់ដ៏ធំនេះនៅក្បែរ រដ្ឋសភា កំពុងតែបើកដំណើរការយ៉ាងរលូន ហើយបែរជាលោក គៀង ល័ក្ស និងលោក យិន សាន្ត រក្សាភាពស្ងៀមស្ងាត់បែបនេះគឺវាទំនងជាអាចត្រូវថ្នាំសណ្តំពីម្ចាស់បនល្បែងស៊ី សងហើយមើលទៅ បានជាពុំហ៊ានចាត់វិធានការតាមផ្លូវច្បាប់សោះអីចឹង ?

តាមប្រភពពីអ្នកកាសែតដែលធ្លាប់បានចុះទៅយកព័ត៌មាននៅទីនោះផ្ទាល់និយាយថា មួយរយៈចុងក្រោយនេះ ពួកគេបានរងនូវការគំរាមកំហែង និងបំបិទសិទ្ធិពីសំណាក់ក្រុមជើងកាងបនល្បែងស៊ីសងអនឡាញទាំងនោះ ដោយបោះពាក្សសម្តីធ្ងន់ៗថា បើសិនជាណាមានអ្នកកាសែតណាចុះទៅថតរូបភាពដល់ទីតាំងបនល្បែងអន ឡាញដ៏ធំខាងលើនោះសមត្ថកិច្ចចាប់វ៉ៃខ្នោះ ឬបិទអាជ្ញាប័ណ្ណកាសែតណាដែលហ៊ានចុះផ្សាយថែមទៀតផង។

នៅក្នុងរឿងនោះដែរមានតែលោក ស ថេត ស្នងការនគបាល រាជធានីភ្នំពេញ និងពិសេសលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ អាចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់បនល្បែងស៊ីសងអនឡាញលួចលាក់ ទាំងនោះបាន។ ពីព្រោះដើម្បីរក្សាសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានខ្លួនសំដៅធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាពកាន់ តែល្អប្រសើរឡើង។ បនល្បែងស៊ីសងអនឡាញនេះមានទាំងព្រម (មួយសេត) តែម្ដង។

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក គៀង ល័ក្ស អតីត ប្រធានផ្សារដើមគ បច្ចុប្បន្នជា អភិបាល ខណ្ឌចម្ការមន និងលោក យិន សាន្ត អធិការ ខណ្ឌចម្ការមន អង្គភាពយើងពុំអាចសុំការបំភ្លឺបានទេទាក់ទង នឹងបនល្បែងស៊ីសងអនឡាញខាងលើនេះ។

គួរបញ្ជាក់ថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញ បទបញ្ជាដាក់កំណត់ឲ្យ អភិបាលរាជធានី ខែត្រទាំង២៥ខែត្រក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ឱ្យខាងតែបាន។ អាជ្ញាធរស្រុក ក្រុង ខែត្រ ណាមិននាំគ្នាទប់ស្កាត់ ឬបង្ក្រាបបទល្មើសល្បែងស៊ីសងក្នុងមូល ដ្ឋានរបស់ខ្លួនទេនឹងត្រូវប្រឈមបាត់បង់មុខតំណែងជាពុំខានឡើយ៕