ខែត្រតាកែវ: បទល្មើសនេសាទត្រីលើផ្ទៃទឹកបុរីជលសារត្រូវបានគេដឹងថា អាជ្ញាធរបើកដៃឲ្យ វៀតណាម ចូលនេ សាទយ៉ាងគគ្រឹកគគ្រេងដែលស្ថិតនៅ ភូមិអន្លង់ទៀន ឃុំបុរីជលសារ ស្រុកបុរីជលសារ ខែត្រតាកែវ។
ការនេសាទនោះពួកគេប្រើប្រាស់ឧបករណ៍ដូច ជាស្បៃមុង និងទូកតាករាងជ័រ សម្រាប់ដាក់យកត្រីទាំងតូចទាំងធំ ពីលើទឹកដីកម្ពុជាទៅវៀតណាម។ ដោយក្នុង មួយខ្សែស្បៃមុងមានប្រវែងប្រមាណជា១០០០ម៉ែត្រ ហើយមួយខ្សែស្បៃ មុងនោះអាចចាប់ត្រីបានប្រហែលមួយតោនគីឡូត្រីបើគិតជាសាច់ប្រាក់វិញខ្ទង់១០០០ដុល្លារអាម៉េរិក។ ក្នុងនោះដែរគេគិតជាខ្សែទឹកក្នុងមួយខ្សែទឹកមានប្រវែងប្រហែល៤ទៅ៥គីឡូម៉ែត្រដីពី ព្រំប្រទល់ វៀតណាម ចូលមកក្នុងទឹកដី កម្ពុជា។ ដោយមានការនេសាទរំលោភមកលើដែនទឹកកម្ពុជាប្រមាណជា៥គីឡូម៉ែត្រឯណោះ។
រឿងសំខាន់ដែល ប្រជានេសាទខ្មែរ មានការព្រួយបារម្មណ៍ខ្លាំងនោះ ដោយសារពួកគាត់យល់ឃើញថា អ្នកនេសាទខ្មែរតាមបែបលក្ខណៈគ្រួសារ និងប្រើប្រាស់ឧបករណ៍សាមញ្ញៗប៉ុណ្ណោះ។ រីឯប្រជានេសាទវៀតណាមវិញគេមានបច្ចេកទេសខ្ពស់ចាប់បានត្រីច្រើនទាំងតូចទាំងធំ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅភូមិកើតហេតុខាងលើបាននិយាយថា អ្នករត់ការលក់ផ្លូវទឹកឲ្យវៀតណាមនោះមានឈ្មោះ សុខ ឡេះ ជាមន្ត្រីអាវុធហត្ថ ខែត្រតាកែវ។ មន្ត្រីអាវុធហត្ថរូបនោះបានលក់ខ្សែទឹកនេសាទខ្មែរឲ្យទៅជនជាតិវៀតណាមឈ្មោះ កេរ ទៅតាមតម្លៃកំណត់ព្រមព្រៀង១០០ម៉ែត្រតម្លៃ១លានដុង ឬ ១គីឡូម៉ែត្រនៃខ្សែទឹកជាង១០០០ដុល្លារអាម៉េរិកក្នុង១រដូវនេសាទ។ រីឯប្រជានេសាទវៀតណាម វិញបង់លុយទៅឱ្យតាមរយៈមេការវៀត ណាមឈ្មោះ កេរ ដើម្បីចូលនេសាទតាមខ្សែទឹកដែលបានកំណត់។ ឈ្មោះ សុខ ឡេះ យកលុយទាំងនោះទៅរត់ការបង់បន្តជាមួយមន្ត្រីជំនាញពាក់ព័ន្ធជុំវិញ ខែត្រតាកែវ។
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម ខែត្រតាកែវ លើកទូរស័ព្ទហើយដឹងថា អ្នកកាសែតក៍ចុចបិទ ឬ ផ្តាច់ខលលែងលើកតែម្តង កាលពីរសៀលថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៤។
ចំណែកលោក សៅ កុសល នាយខណ្ឌជលផល ស្រុកអង្គរបុរី បានបដិសេធករណីខាងលើកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ យ៉ាងខ្លីថា គ្មានជនជាតិវៀតណាមមកនេសាទទេ។
ជុំវិញការលើកឡើងរបស់ពលរដ្ឋនៅទីតាំងកើតហេតុខាងលើលោក សុខ ឡេះ មន្ត្រីអាវុធហត្ថ ខែត្រតាកែវ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទហៅចូលតែត្រូវលោកចុចបិទ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។
លោកពូម្នាក់មានអាយុប្រមាណជា៥០ឆ្នាំសុំមិនបញ្ចេញឈ្មោះរស់នៅ ភូមិអន្លង់ទៀន ឃុំបុរីជលសារ ស្រុកបុរីជល សារបានប្រាប់អង្គភាពយើងកាលពីថ្ងៃ២៣ ខែតុលា ឆ្នាំ២០២៤ នោះថា ប្រជាជនខ្មែរ និងបងប្អូនខ្មែរអ៊ិស្លាម ដែលរស់ទីនោះនេសាទត្រីបានតែ២ខ្សែទឹកដែលនៅជិតនោះតែប៉ុណ្ណោះ។ ចំណែកខ្សែទឹកផ្សេងៗទៀតត្រូវបានលោក សុខ ឡេះ លក់ទៅឲ្យវៀតណាម។
ប្រជានេសាទវៀតណាមម្នាក់បានប្រាប់អ្នកសារព័ត៌មានដែលចុះផ្តិតយករូបភាព និងវីដេអូនៅទីតាំងនោះផ្ទាល់ថា ដុងថេ (បង់លុយ) ឲ្យឈ្មោះ កេរ។ សូមបញ្ជាក់ថា ឈ្មោះ កេរ គឺជាអ្នកសហការជាមួយលោក សុខ ឡេះ ដើម្បីទិញនិងលក់ខ្សែទឹកដូចបានជម្រាបជូនខាងលើ។ នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះ។
ចំណែកឯត្រីដែលនេសាទបានភាគីវៀតណាម យកទៅលក់នៅវៀតណាម។ ចំពោះប្រជាជនខ្មែរលក់ឲ្យឈ្មួញក្នុងស្រុកដែលបានចុះទៅទិញត្រីផ្ទាល់តាមផ្ទះតែម្តងក្នុងតម្លៃ១គីឡូក្រាមប្រមាណជា៨០០០រៀល ហើយក្នុង១ថ្ងៃគ្រួសារពួកគាត់អាចរកប្រាក់ចំណូលបានប្រមាណជាជិត១០,០០០០រៀល (ដប់ម៉ឺនរៀល) ផងដែរនៅរដូវនេសាទនេះ។
គួរបញ្ជាក់ថា រឿងហេតុខាងលើបានកើតឡើងជាច្រើនឆ្នាំមកហើយ ទោះបីជាមាន សារព័ត៌មាន ក្នុងស្រុកមួយចំនួនបានចុះផ្សាយយ៉ាងណាក៍គ្មានប្រសិទ្ធភាពនោះដែរ។ ដូច្នេះប្រជាពលរដ្ឋរស់នៅក្នុង ខែត្រតាកែវ ចង់ឃើញស្នាដៃ និងសមត្ថភាពថ្មីនៃអភិបាល ខែត្រតាកែវ លោក វ៉ី សំណាង៕