បញ្ចប់ជម្លោះ«ដីអាងទឹកដងទង់»អភិបាលខែត្រកំពតតម្រូវឱ្យក្រុមហ៊ុនសេងសម្បត្តិរុះរបងចេញនិងសងដីជូនពលរដ្ឋវិញ

0
688

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ លោក ម៉ៅ ធនិន អភិបាល ខែត្រកំពត ទើបឡើងកាន់តំណែងថ្មីបានចុះដោះស្រាយវិវាទ «ដីអាងទឹក ដងទង់» រវាងប្រជាពលរដ្ឋ ដែលមានជម្លោះនៅសេសសល់៤គ្រួសារជាមួយក្រុមហ៊ុន សេង សម្បត្តិ ដែលបាន ចាក់ដីរំលោភយក និងចេញប្លង់គ្របលើនោះត្រូវលោកអភិបាលខែត្របញ្ជាឱ្យ ក្រុមហ៊ុនធ្វើការរុះរើរបងចេញ ហើយសងដីជូនពលរដ្ឋវិញ។ ដោយឡែកមន្ត្រីដែលពាក់ព័ន្ធបើរកឃើញថាមានកំហុសនឹងត្រូវទទួលវិន័យរដ្ឋ។ ការលើកឡើងយ៉ាងដូច្នេះនៅក្នុង វេទិកាសាធារណៈ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត ដោយមានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងខែត្រ និងប្រជាពល រដ្ឋរងគ្រោះយ៉ាងច្រើនកុះករ។

អភិបាល ខែត្រកំពត លោក ម៉ៅ ធនិន ដោយមានការព្រួយភ័យបាត់បង់ «ដីអាងទឹកដងទង់» ដែលជាដំណក់ ញើសឈាមប្រជាពលរដ្ឋទំនាន់មុនបានចាត់ទុកថា ក្រុមហ៊ុនបានទិញដីមិនស្គាល់ប្រវត្តិអាងទឹកនេះច្បាស់លា ស់។ លោកបានចោទជាសំណួរដែលគ្មានចម្លើយថា តើវាខ្វះណាស់ទៅឬ ស្រុកដងទង់ ហ្នឹងមានដីអភិវឌ្ឍន៍តែ
មួយកន្លែងហ្នឹង? បើអភិវឌ្ឍន៍មានការក្ដៅក្រហាយបែបនេះលោកក៍ពិបាកទទួលយកដែរ…។

ចំពោះក្រុមហ៊ុន សេង សម្បត្តិ បានទិញដីស្រែអាស្រ័យផលពីប្រជាពលរដ្ឋចំនួន១៩គ្រួសារនោះ គឺក្រុមហ៊ុន មានសិទ្ធិត្រឹមតែ «អាស្រ័យផល» ប៉ុណ្ណោះ។ បើសិនជាក្រុមហ៊ុនចង់ដូរដីកសិកម្មទៅជា ដីអភិវឌ្ឍន៍សាង សង់ផ្ទះល្វែងលក់ដូរដូចសព្វថ្ងៃនេះ គឺលោកអភិបាលខែត្រតម្រូវឱ្យមានការស្ទាបស្ទង់ចិត្តពលរដ្ឋជាមុនសិន។ ទាក់ទង់នឹងរឿងអ្នកលួចលក់ ដីអាងទឹកដងទង់ លោកអភិបាលខែត្រ សង្កាត់ធ្ងន់ថា ចំពោះលិខិតស្នាមទិញ លក់ នាពេលកន្លងមក លោកនឹងបើកការណ៍ស៊ើបអង្គេតទៅតាមផ្លូវច្បាប់បន្តទៀត ហើយបើសិនជាមានអ្នក ធ្វើខុសនឹងមានវិធានការរដ្ឋបាល។

ការនិយាយសំដៅទៅលើក្រុមហ៊ុន សេង សម្បត្តិ ធ្វើព្យុះភ្លៀងនៅក្នុង ស្រុកដងទង់ នាពេលកន្លងមកលោកអភិ បាលខែត្រថ្មីបានលើកយកពាក្យចាក់ចំបេះដូងប្រជាពលរដ្ឋទូទៅថា មិនមែនយើងមានលុយធ្វើអ្វីៗបានតែទាំង អស់ឯណា? ការអភិវឌ្ឍន៍គឺតម្រូវសួរសុខទុក្ខលើប្រជាពលរដ្ឋជាមុនសិន។ បើសិនក្រុមហ៊ុនចង់វិនិយោគត្រូវសួរ
ចិត្តបងប្អូនយើងសិន បើគាត់យល់ព្រមចាំធ្វើ។ លោកបានបញ្ជាឱ្យក្រុមហ៊ុន សេង សម្បត្តិ ដោយត្រង់ៗថា «អ្នកណាធ្វើរបងលើដីគេរុះចេញវិញ…ហើយដីគេមានប៉ុន្មានវាស់យកវិញ…។ ក្រុមហ៊ុនទិញដីបានប៉ុន្មានយក វិញ…ហើយក្រុមហ៊ុនមានសិទ្ធិត្រឹមតែ «អាស្រ័យផល» បើចង់វិនិយោគសាងសង់ត្រូវធ្វើលិខិតបញ្ជាក់តាមផ្លូវ ច្បាប់។

ដោយការទិញដីអាងទឹកនេះមានលក្ខណៈខុសច្បាប់ទាំងអស់អភិបាលខែត្របញ្ជាក់ថា អាជ្ញាធរគ្រប់កម្រិតមាន សិទ្ធិស៊ីញ៉េត្រឹមតែដី៣ហិកតាកន្លះប៉ុណ្ណោះសម្រាប់ការអភិវឌ្ឍន៍។ នៅពេលកំណត់ព្រំដីគេត្រូវប្រើរយៈពេល យ៉ាងតិច១៥ថ្ងៃដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរភូមិឃុំ។ ចំណែកអាជ្ញាធរធ្វើជាឪម៉ែគេមិនមែនចេះ ច្បាប់ហើយធ្វើឱ្យកូនចៅឈ្លោះគ្នានោះទេ។ វាមានរឿងធំគឺមកពីអាជ្ញាធរយើងហ្នឹង។ បើរឿងនេះអាជ្ញាធរធ្វើ ខុសលោកនឹងមានវិន័យរដ្ឋបាលផ្នែកផ្លូវច្បាប់។ ដីសាធារណៈរបស់ រដ្ឋមានតែអាជ្ញាធរដែនដីទេដែលជាអ្នក បែងចែក គឺមិនមែនក្រុមហ៊ុនមកដឹកនាំអាជ្ញាធរនោះទេ។

ទាក់ទងនឹងរឿងក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីរំលោភយកដីអាស្រ័យផលរបស់ពលរដ្ឋដែលនៅសេសសល់ លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់ បានឆ្លើយប្រាប់ពលរដ្ឋរងគ្រោះដីធ្លីទាំងទទេថា លោកបានហាមឃាត់ ក្រុមហ៊ុនដែរតែមិនស្ដាប់។ ខណៈនិយាយយ៉ាងដូច្នេះត្រូវអភិបាលខែត្រថ្មីបានស្ដីឱ្យភ្លាមៗថា ទទួលយកមិន បាន។ អភិបាលខែត្រចាត់ទុកថា យើងមិនអាចអភិវឌ្ឍន៍លើគំនរទុក្ខរបស់ប្រជាលពរដ្ឋបានទេ។ បើសិនជាគេ ធ្វើអីចឹងមកលើយើងៗក៍មិនអាចទទួលយកដូចគ្នាដែរ។ លោកគិតថា អាងទឹកដងទង់ នេះមានអ្នកយកជីវិតទៅ ប្តូរច្រើនណាស់ ! យើងមិនអាចយកមកជាន់ឈ្លីបានទេ។

អ្នកស្រី ឈឹម ណាន មានវ័យ៥១ឆ្នាំរស់នៅ ភូមិធំថ្មី ឃុំនិង ស្រុកដងទង បាននិយាយបណ្ដើរយំបណ្ដើរដោយ សារការធ្វើទុក្ខម្នេញពីសំណាក់អាជ្ញាធរ។  គាត់ជាពលរដ្ឋរងគ្រោះម្នាក់ដែលនៅសេសសល់ក្នុងចំណោម៤គ្រួ សារ។ អ្នកស្រីបានលើកឡើងពីប្រវត្តិ ដីអាងទឹកដងទង់ នេះថា ខ្ញុំរស់នៅទីនេះតាំងពីបរមបុរាណមកម្ល៉េះ។ ខ្ញុំ ជាក្មួយអតីតអភិបាល ស្រុកដងទង់ គឺលោក ហាយ សូន។ ដីនេះពីដើមជាដីស្រែរបស់ខ្ញុំដែលជាកេរឪពុកជា អតីតមេឃុំឈ្មោះ ឈឹម ម៉ន។ អាជ្ញាធរភូមិឃុំ និងស្រុកធ្វើបាបខ្ញុំគ្រប់បែបយ៉ាងឥឡូវខ្ញុំបានជួបលោកអភិបាល ជា «ទេវតារស់»។

លោកស្រីបន្តថា កន្លែងនេះកាលពីដើមខ្សត់ទឹកប្រើប្រាស់ណាស់ដោយឪពុកខ្ញុំ និងលោកពូ ហាយ សូន នាំគ្នា កែនប្រជាពលរដ្ឋជីកដីលើកទំបន់ធ្វើជាអាងទឹក។ ដូច្នេះចៅហ្វាយខែត្រមុន (លោក ជាវ តាយ) ជឿតែមេភូមិ មេឃុំ និងចៅហ្វាយស្រុកគឺខ្ញុំប្រាប់គាត់ថា ដោះមិនចប់ទេ…។ មន្ត្រីរដ្ឋបាលស្រុកបានគំរាមដាក់ ខ្នោះពលរដ្ឋ រហូតបើសិនជាហ៊ានតវ៉ាគឺលោក សូរ សុខុម គឺជាមន្ត្រីរដ្ឋបាលស្រុក។ ខ្ញុំធ្លាប់បានសួរទៅចៅហ្វាយ ស្រុកដង ទង់ គាត់ឆ្លើយប្រាប់ថា «លុបអាងទឹកដាំផ្កា»។ បើសិនពលរដ្ឋចង់ដឹងរឿងនេះច្បាស់លោកបានរុញឱ្យទៅសួរ ចៅហ្វាយខែត្រ…។

ស្ត្រីម្នាក់មានវ័យជាង៦០ឆ្នាំជា អតីតប្រធានសមាគមនារី ស្រុកដងទង់ បានលើកឡើងថា អាងទឹកនេះ គឺបាន មកដោយសារគុណបំណាច់លោកពូ ហាយ សូន និងលោកពូ ឈឹម ម៉ន។ ពួកគេមិនគួរណាលុបបំបាត់អាងទឹក និងបំភ្លេចវាចោលទេ។ ខ្ញុំរស់នៅទីនេះតាំងពី ឆ្នាំ១៩៧៩ ខ្ញុំបានដឹងរឿងនេះច្បាស់ណាស់ រីឯលោកមេភូមិ មេឃុំ និងចៅហ្វាយស្រុក គឺមកក្រោយៗទេ។

អ្នកស្រី ប៊ូរ ចាន់ធឿន តំណាងក្រុមហ៊ុន សេង សម្បត្តិ និងលោក ណែម សារឿន អ្នកទិញដីពីប្រជាពលរដ្ឋឱ្យ ក្រុមហ៊ុនដែរ បានលើកឡើងស្របគ្នាថា ពួកគេទិញដីអាស្រ័យផលដែលមានជម្លោះនេះពីប្រជាពលរដ្ឋឱ្យក្រុម ហ៊ុនដោយយោងទៅតាមឯកសារ គឺមិនបានទិញដីពីពលរដ្ឋម្នាក់ៗទេគឺតាមរយៈអាជ្ញាធរដែលតំណាងដោយ លោក តិល រិន ជាមេ ភូមិសុភី ឈរឈ្មោះឱ្យពលរដ្ឋចំនួន១៩គ្រួសារ ហើយពួកគាត់លក់ដីទៅតាមការជាក់ ស្ដែង។

ជុំវិញរឿងជម្លោះដីអាងទឹកដងទង់ លោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន បានគូសបញ្ជាក់នៅល្ងាចថ្ងៃទី២៤ ខែតុលា នេះថា រឿងហ្នឹងមិនទាន់ចប់ទេ។ ពីព្រោះដីពួកគាត់នៅត្រង់ណាទៅយកវិញទៅ…។ ប៉ុន្តែខ្លាចតែរកដី មិនឃើញ សម្រាប់ខ្ញុំឯកភាព។ ខ្ញុំបានប្រាប់ប្រជាជនដែលបានលក់ដីឱ្យខ្ញុំថាប្រយ័ត្ន គេយកដីវិញខ្ញុំក៍យក លុយវិញដែរ។ ការវាស់វែងដីគឺជារឿងរបស់ពួកគួកជេ។ ខ្ញុំបានទិញដីជាង១២ហិកតាទៅតាមប្លង់ជាក់ស្ដែង និងតាមប្លង់ស្នើសុំរបស់ប្រជាពលរដ្ឋ១៩គ្រួសារដោយមានការវាស់វែងជាក់ស្តែងដោយគិតលុយពេញថ្លៃ។

ប្រធានក្រុមហ៊ុន សេង សម្បត្តិ បានបន្តទៀតថា លោកបានដូរប្រភេទដីពីកសិកម្មមកលំនៅដ្ឋាននៅ ខែត្រ កំពត រួចហើយក្នុងរង្វង់ ខែកញ្ញា ឆ្នាំ២០២១។ លោកកំពុងធ្វើលិខិតស្នើសុំច្បាប់សាងសង់ និងអភិវឌ្ឍន៍ទៅ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដល់សាលាខែត្រហើយ។ ដោយទើបដូរអភិបាលខែត្រថ្មីលោកគិតថា ការដូរប្រភេទដីរួចហើយមិនដឹងថា អភិបាលថ្មីគិតយ៉ាងណានោះទេ។ លោកបន្តថា«បើមិនមានលិខិតចុះបញ្ជី បានត្រឹមត្រូវទេខ្ញុំក៍មិនហ៊ានទិញដីនេះដែរ។ ព្រោះវាជាឯកសារគួរឱ្យទុកចិត្ត កុំអីខ្ញុំមិនហ៊ានធ្វើទេ»។

គួរបញ្ជាក់ថា ជុំវិញការលួចលក់ ដីអាងទឹកដងទង់ នេះមានមន្ត្រីពាក់ព័ន្ធពុករលួយជាច្រើននាក់ដូចសម្លកំពឹស អីចឹង។ ពួកគេកំពុងតែភ័យបុកពោះ ដែលបានទទួលលុយពីលោក សេង សម្បត្តិ នៅក្នុង ខែត្រកំពត នៃរាជ ការលោក ជាវ តាយ ជាអភិបាលខែត្រ។ នៅក្នុងនោះមានដូចជា លោក វ៉ិត វឌ្ឍនា នាយរដ្ឋបាលខែត្រ ជាមេចំ ណែក លោក ប៉ិល កុលស អភិបាលរងខែត្រ លោក ដាញ់ សារី ប្រធានមន្ទីរដែនដីខែត្រ លោក ចាន់ វណ្ណា ប្រ ធានមន្ទីរធនធានទឹកខែត្រ ហើយមានរហូតដល់មន្ត្រីមូលដ្ឋានស្រុកឃុំនិងភូមិថែមទៀតផង៕