ដោយៈ គោកធ្លក/ភ្នំពេញៈ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ សហការជាមួយ រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ បរិស្ថានស្រុក អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងស្តុកឈើប្រណីតចម្រុះប្រមាណជិត៤០០ដុំដែលក្រុមឈ្មួញដឹកយកទៅលាក់ទុកក្រោយផ្ទះប្រជាពលរដ្ឋស្ថិតនៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក លី ដារិទ្ធ បានប្រាប់ឱ្យដឹងថា ក្រុមឈ្មួញបានដឹកជញ្ជូនឈើប្រណីតទាំងនេះចេញពីតំបន់ផ្សេងៗយកទៅលាក់ទុកក្នុងចម្ការស្វាយនៅខាងផ្ទះប្រជាពលរដ្ឋ។ ឈើប្រណីតចម្រុះមានដូចជា សុក្រំ តាសេក កកោះ គ្រញូងស្វា ផ្ចឹក និងឈើនាងម៉ៅ រីឯម្ចាស់ឈើគេចខ្លួនបាត់។
កម្លាំងចម្រុះបានប្រមូលឈើសរុបចំនួន៣៧២ដុំ និងជួលគោយន្តកន្ត្រៃដឹកយកទៅរក្សាទុកនៅទីស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកត្រពាំងប្រាសាទ។ រដ្ឋបាលព្រៃឈើធ្វើការវាស់វែងឈើសរុបចំនួន១៧,៥២ម៉ែត្រគូប៕