ដោយៈ អធិបតី
ភ្នំពេញៈ កម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿង ញៀន ទ្រង់ទ្រាយធំដោយ រឹបអូសវត្ថុតាងថ្នាំឆ្កួតចំនួន១៤៥គីឡូក្រាម និងឃាត់ខ្លួនពួកឧក្រិដ្ឋជន បរទេសចំនួន៥នាក់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងកាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅ ខណ្ឌជ្រោយចង្វា ភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ឧក្រិដ្ឋជនទាំង៥នាក់ដែលសមត្ថកិច្ចបង្ក្រាបបាន ម្នាក់ជាជប៉ុន និង៤នាក់ទៀតជាចិនតៃវ៉ាន់។
លោកបញ្ជាក់ពីការតាមដានក្រុមក្រិដ្ឋជនថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃទៅលើមុខសញ្ញាជនជាតិចិនតៃវ៉ាន់មួយក្រុមកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្នុង រាជធានីភ្នំពេញ និងតាមបណ្តាខែត្រមួយចំនួន។ លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២០និង៣០នាទីកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាល ខណ្ឌជ្រោយចង្វា ក៍បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង។
លោកស្នងការបន្តទៀតថា យើងបានឃាត់ខ្លួនចិនតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុសអាយុ២៦ឆ្នាំនៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន៣ដុំស្មើនឹង៣គីឡូក្រាម។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ និង១០ នាទី ប៉ូលិសបន្តស្រាវជ្រាវបង្ក្រាបបក្ខពួកជនសង្ស័យចំនួន៤នាក់ទៀត។ ក្នុងនោះមានចិនតៃវ៉ាន់៣នាក់ និងជប៉ុនម្នាក់នៅចំណុច បុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រួមមានទី១.ឈ្មោះ ស៊ូ ឈិនហៅ អាយុ២៣ឆ្នាំ។ ទី២.ឈ្មោះ ហ័ង ហឺជៀន អាយុ៣៥ឆ្នាំ។ ទី៣.ឈ្មោះ ហ្វាង ចឹងជីន អាយុ២០ឆ្នាំ និងទី៤.ឈ្មោះ ណូមូរ៉ា សូគីជី អាយុ៧៦ឆ្នាំ។
លោកអគ្គស្នងការរងបន្ថែមថា ប៉ូលិសយើងបានឆែកឆេរទីតាំងស្នាក់នៅ និងទីតាំងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចំនួន៣ទីតាំងផ្សេងគ្នា ជាលទ្ធផលរកឃើញ ថ្នាំញៀនប្រភេទកេតាមីន ចំនួន១៤២ដុំ ស្មើនឹង១៤២គីឡូក្រាម។ ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២គីឡូក្រាម។ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣។ ឧបករណ៍សម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសម្បកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត១គីឡូក្រាម) ចំនួន២០០កញ្ចប់។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនចិនតៃវ៉ាន់៤នាក់ និងជប៉ុនម្នាក់ ដកហូតថ្នាំញៀនប្រ ភេទកេតាមីនសរុបទម្ងន់១៤៥គីឡូក្រាម។ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងកសាងសំណុំរឿងបញ្ជូនក្រុមឧក្រិដ្ឋទាំង៥នាក់ និងវត្ថុតាងគ្រឿងញៀននៅកាន់ សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤៕