បង្ក្រាបក្រុមឧក្រិដ្ឋជនបរទេស៦នាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅវៀតណាមនិងរឹបអូសថ្នាំឆ្កួតជិត១០០គីឡូក្រាម

0
259

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញ : នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះថា សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនចាប់បាន បរទេសចំនួន៦នាក់ករណី ជួញដូរកែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនទៅ វៀតណាម ព្រមទាំង រឹបអូសថ្នាំឆ្កួតជិត១០០គីឡូក្រាម។

ការបង្ក្រាបដែលមានលក្ខណៈទ្រង់ទ្រាយធំនេះគឺអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមលោកសេនីយ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា នៅថ្ងៃទី២៨ ដល់ទី៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមានលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ និងលោក គង់ ស៊ីដន ស្នង ការរង នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាល រាជធានី ភ្នំពេញ ព្រមទាំងមានការការដឹកនាំសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូង ខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានដំ ណើរការស៊ើបអង្កេតស្រាវជ្រាវនៃការបង្ក្រាបនេះ។

លទ្ធផលដែលសមត្ថកិច្ចបានឃាត់ខ្លួន និងឆែកឆេរទីតាំងបួនកន្លែងមាននៅ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅ ខណ្ឌច្បារអំពៅ ១កន្លែង និងបីកន្លែងទៀតនៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចចម្រុះឃាត់ខ្លួន ជនសង្ស័យបានចំនួន៦នាក់ក្នុងនោះមាន ជនជាតិវៀតណាមម្នាក់ និងចិន៥នាក់រួមមានទីមួយ.ឈ្មោះ ង្វៀន យ៉ាំងយិន (Nguyen Van Vinh) ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិវៀតណាមសញ្ជាតិវៀតណាម។ ទីពីរឈ្មោះ LIANG LI HUA ភេទប្រុសអាយុ៦០ឆ្នាំជនជាតិចិន។ ទីបីឈ្មោះ QIU QING WEI ភេទប្រុសអាយុ៦០ឆ្នាំជន ជាតិចិន។ ទីបួនឈ្មោះ CHEN ZHI QIANG ភេទប្រុសអាយុ៦០ឆ្នាំជនជាតិចិនសញ្ញាតិកាណាដា។ ទីប្រាំ ឈ្មោះ CHEN SHEN TANG ភេទប្រុសកើតថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៦៤ជនជាតិចិន។ ប្រាំមួយឈ្មោះ LI YI
ភេទប្រុសកើតថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩៧ជនជាតិចិន។

កម្លាំងចម្រុះចាប់យកវត្ថុតាងគ្រឿងញៀនមានដូចជា ទីមួយ អិចស្តាស៊ី (MDMA) ទម្ងន់៩៤គីឡូក្រាម ៣១២ក្រ. ៨៨ក្រាម។ ទីពីរ មេតំហ្វេតាមីន (ICE) ទម្ងន់ ៤២.៨៥ក្រាម។ ទីបី សារធាតុផ្សំ (P2P) ទម្ងន់១០គ.ក្រ ៥១៩ ក្រ.៨៨។ ចាប់យកសម្ភារវត្ថុតាងមានទីមួយ សម្ភារសម្រាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹងមួយចំនួនធំ។ ទីពីរ រថយន្តពីរគ្រឿង។ ទីបី អាវុធខ្លី២ដើម (ម៉ាកCF98-9 បង់២ គ្រាប់ចំនួន១៥គ្រាប់ និងម៉ាក P0220 បង់២ និង គ្រាប់ចំនួន៧គ្រាប់)។ ទីបួន អាវុធខ្លី (កែច្នៃ) ២ដើម។ ទីប្រាំ ខ្នោះដៃ២គូរ និងទីប្រាំមួយ ទូរស័ព្ទដៃ២គ្រឿង។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើបញ្ជូនទៅ ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕