ក្នុងខែត្រកោះកុងមន្ត្រីក្រីក្រអត់ខ្សែនិងគ្មានបក្ខពួកត្រូវគេដកចោលដូចកូនស្ពៃ

0
167

ដោយៈ អធិបតី
កោះកុងៈបើយោងតាមប្រភពចេញពីមន្ត្រីសាលា ខែត្រកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះថា នៅក្នុងអាណាចក្រដែនទឹកប្រៃ ដឹកនាំដោយលោកស្រី មិថុនា ភូថង ឃើញថា មានការផ្លាស់ប្តូរមន្ត្រី រាជការ ជាច្រើនស្ថាប័នយ៉ាងតក់ក្រហល់វាបង្ហាញឱ្យឃើញពីការរើសអើងដែលគេសង្ស័យថា រឿងបក្ខពួក និយមយ៉ាងជាក់លាក់។ ការផ្លាស់ប្តូរមន្ត្រីទាំងនោះទៀតសោតធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ក្រមសីលធម៌ ឋានានុក្រម និងលក្ខន្តិកៈមន្ត្រីរាជការ ចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ ថ្នាក់ជាតិ។ ​​​

ការគប់គិតជិះជាន់កៀបសង្កត់ប្រជាពលរដ្ឋក្រីក្រទន់ខ្សោយបង្កការឈឺចាប់រងទុក្ខវេទនាដល់ប្រជារាស្ត្រជាម្ចាស់ឆ្នោតគ្រប់មូលដ្ឋាន។ ក្នុងរយៈពេលពាក់កណ្ដាលនៃចុង ឆ្នាំ២០២២ នេះគេឃើញនៅគ្រប់ស្រុកទូទាំង ខែត្រ កោះកុង មានការផ្លាស់ប្តូរទាំងមន្ត្រីមូលដ្ឋាន រហូតដល់ចៅហ្វាយស្រុក ចៅហ្វាយខែត្ររង ទៀតផងស្តែងឱ្យ ឃើញពីការប្រកាន់បក្ខពួកដើម្បីងាយស្រួលបង្កលក្ខណៈឱ្យមានការគប់គិតជាប្រព័ន្ធផុសចេញនូវរូបភាពពុក រលួយមិនអាចប្រកែកបានឡើយ។

ក្នុងខែត្រកោះកុង សព្វថ្ងៃស្រុកណាក៍មានការ លួចកាប់ព្រៃកោងកាង លួចបូមខ្សាច់ចាក់លុបព្រែក រំលោភ យកដីឆ្នេរសមុទ្រ ដីចំណីព្រែក មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន លួចជីកកាយភ្នំយកអាចម៍ដីលក់ លួចយកទីតាំង ដីរដ្ឋ ធ្វើអាជីវកម្មដើម្បីបម្រើផលប្រយោជន៍បក្ខពួកខ្លួន និងដកតួនាទីមន្ត្រីចាស់ៗណាដែលហ៊ានតវ៉ាបញ្ឈជើង ដូចសំរាមជាដើម។ល។

ដោយមើលឃើញ មន្ត្រីភូមិបាលស្រុកមួយរូបត្រូវបាន អាជ្ញាធរស្រុក គប់គិតជាមួយ អាជ្ញាធរខែត្រ និងមន្ត្រី ក្រសួងមុខងារសាធារណៈ ស្នើសុំដកមុខតំណែងពី ប្រធានការិយាល័យភូមិបាល ស្រុកបទុមសាគរ ចំនួនពីរ លើកជាប់ៗគ្នាដោយគ្មានកំហុសឡើយ​។

ប្រភពដដែលបានលាតត្រដាងទៀតថា ក្រសួងមុខងារសាធារណៈ យល់ឃើញយ៉ាងដូចម្តេចបានជាក្នុងរយៈ ពេលមិនដល់មួយខែសោះក្រសួងចេញលិខិតផ្ទួនៗគ្នាចំនួនពីរដងដែលមានខ្លឹមសារផ្ទុយគ្នា គឺលើកទី១.លិខិត លេខ៤៧១.លស ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ របស់អាជ្ញាធរខែត្រសុំទៅ ក្រសួងមុខងារសាធារណៈ ដើម្បី ផ្លាស់ប្តូរលោក ពៅ ច័ន្ទថន ចេញពី មន្ត្រីភូមិបាល ស្រុកបទុមសាគរ ឱ្យទៅនៅសាលា ស្រុកកោះកុង។ ប៉ុន្តែ ក្រសួងមុខងារ បានចេញលិខិតលេខ ៥១៥៥/២២ មស.តផ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ជម្រាបជូនទៅ អាជ្ញាធរខែត្រ វិញថា «ស្នើរក្សាស្ថានភាពចាស់ដដែល»។

បន្ទាប់ពីក្រសួងស្នើសុំបែបនេះបានរយៈពេលតែ២០ថ្ងៃ ប្រភពបានបន្តទៀតថា សាលា ស្រុកបទុមសាគរ បាន ចេញលិខិតលេខ១៦៤/២២លស ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នើទៅក្រសួងសុំផ្លាស់ប្តូរលោក ពៅ ច័ន្ទថន ម្តងទៀត។ តែម្តងនេះអ្វីៗបានផ្លាស់ប្តូរលឿនដូចរន្ទះ គឺសំណើសុំរបស់ ចៅហ្វាយស្រុក ចូលដល់ ក្រសួងមិន បាន៤៨ម៉ោងស្រួលបួលផង ក្រសួងមុខងារ ក៍បានចេញលិខិតលេខ៥៥៣៥/២២ មស.តផ ចុះថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ដកលោក ពៅ ច័ន្ទថន បានសម្រេចតាមផែនការគ្រោងទុក និងទិសដៅពី ប្រធានភូមិបាល ស្រុកបទុមសាគរ ឱ្យទៅអង្គុយស្រូបយកខ្យល់អាកាសនៅសាលា ស្រុកកោះកុង តែមួយរយៈពេលខ្លី (២០ថ្ងៃ) ហើយអាជ្ញាធរស្រុកក៍បានភ្ជាប់ក្នុងសំណើតែមួយស្ទូចយកបក្ខពួករបស់ខ្លួនពីគឺលោក ហាក់ បូរ៉ា មន្ត្រីរដ្ឋបាល ខណ្ឌដង្កោ រាជធានីភ្នំពេញ មកដាក់ជំនួសតំណែងលោក ពៅ ច័ន្ទថន បានយ៉ាងត្រជាក់ចិត្តតែម្ដង។

យោងតាមប្រភពពី ក្រុមអ្នកតាមដានហេតុការណ៍ ខាងលើនៅ ខែត្រកោះកុង បានអះអាងថា បច្ចុប្បន្ន ក្រសួង មហាផ្ទៃ បានធ្វើប្រតិភូកម្មអំណាចពីថ្នាក់ខែត្រ ទៅថ្នាក់ស្រុកអស់ហើយ និងអភិបាលគ្រប់ស្រុកសុទ្ធសឹងតែ ជាមនុស្សរបស់ ចៅហ្វាយខែត្រ រៀបចំទៅ…។ ហេតុដូច្នេះទើបអភិបាលស្រុកទាំងអស់នៅក្នុង ខែត្រកោះកុង អាចធ្វើព្យុះភ្លៀងផ្គរបានតាមអំពើចិត្ត ជាក់ស្តែងដូចជា ស្រុកកោះកុង គ្មានពលរដ្ឋណាម្នាក់អាចទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីឡើយដរាបណាគ្មានការបញ្ជាពីអភិបាលស្រុកទៅ មន្ត្រីសុរិយោដី ឱ្យចុះវាស់វែងខុសប្លែកពី ស្រុកដទៃនៅក្នុង ខែត្រកោះកុង ក៍ដូចជានៅទូទាំងប្រទេស ដែលអាទិភាពផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតតែនៅលើ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ភូមិបាល នោះតែម្ដង។

រឿងដ៏ចំឡែកនេះ អភិបាល ស្រុកកោះកុង ហ៊ានផ្អាកការងារមន្ត្រីជំនាញដែលមានឋានៈជាប្រធាន និងអនុប្រ ធានភូមិបាល មិនឱ្យធ្វើការងារជំនាញបម្រើប្រជាពលរដ្ឋឡើយ ហើយយកមន្ត្រីជាប់កិច្ចសន្យា ដែលត្រូវជាកូន ក្មួយរបស់ខ្លួនមកធ្វើការងារជំនួសទៅវិញ។ ប្រភពនោះបន្តទៀតថា ថ្មីៗនេះតំណែងស្មៀនឃុំចំនួនបីឃុំ គឺត្រូវ បានអភិបាលស្រុកកំពុងស្នើសុំផ្លាស់ប្តូរ ក្រោយការបោះឆ្នោតឃុំសង្កាត់រួចរាល់ដែលមន្ត្រីស្មៀនទាំងបីរូបនោះ តាមអ្នកភូមិនិយាយថា ពុំធ្លាប់មានកំហុសឆ្គងផ្នែករដ្ឋបាលអ្វីបន្តិចឡើយ។

ដោយមើលឃើញភាពអយុត្តិធម៌របស់មន្ត្រីតូចតាច ប្រជាពលរដ្ឋរស់នៅ ខែត្រកោះកុង បានសម្ដែងការខកចិត្ត ជាខ្លាំង ដោយលើកឡើងថា ពួកគាត់ពិតជាមានការឈឺចាប់និងសោកស្តាយបំផុតនៅពេលឃើញអ្នកជាប់ឆ្នោត មិនបានប្រតិបត្តិ ឬអនុវត្តតាមកិច្ចសន្យាថា នឹងបម្រើសេចក្តីត្រូវការ ឬសេវាកម្មជូន ប្រជាពលរដ្ឋម្ចាស់ឆ្នោត យ៉ាងដូច្នេះ។

សូមបញ្ជាក់ថា​ អ្នកនាំពាក្យសាលា ខែត្រកោះកុង ក៍ដូចជាមន្ត្រីពាក់ព័ន្ធនៅ ស្រុកបទុមសាគរ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គេមិនអាចសុំការបំភ្លឺបានទេជុំវិញការចោទប្រកាន់ខាងលើនេះ៕