នាយករដ្ឋមន្រ្តីដាក់បទបញ្ជាឱ្យស្រោចស្រង់ដីនិងព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបធ្វើឱ្យពលរដ្ឋសាទរ ទូទាំងប្រទេសខណៈពេលមេដែនជម្រកសត្វព្រៃស្រែពកកំពុងតែសម្ងំប្រមូលលុយបទល្មើស ?

0
103

ដោយៈ អធិបតី
ខែត្រមណ្ឌលគិរីៈ ការដាក់បទបញ្ជាយ៉ាងដាច់ណាត់ដល់មន្ត្រីជំនាញ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវការ ស៊ើបអង្កេតទប់ស្កាត់ និងបង្រ្កាបបទល្មើសរួមមាន កាប់ព្រៃលិច ទន្រ្ទានយកដីរដ្ឋកាន់កាប់ដោយខុសច្បាប់ និងបទល្មើសនេសាទនៅ តំបន់បឹងទន្លេសាប ដើម្បីឈានដល់ការស្រោចស្រង់ឡើងវិញឱ្យទាន់ពេលវេលានៃ ជម្រកសត្វ មច្ឆាជាតិគ្រប់ប្រភេទ និងដាក់បញ្ជាចំៗថា បើរដ្ឋមន្រ្តី ឬចៅហ្វាយខែត្រ រូបណាធ្វើមិនបាន កុំធ្វើជា រដ្ឋមន្រ្តី ឬកុំធ្វើជា ចៅហ្វាយខែត្រ ជាដើមធ្វើឱ្យមជ្ឈដ្ឋានមហាជនទូទៅគាំទ្រទូទាំងប្រទេស។ នេះបើយោង តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលកន្លងមក។ ចម្លែកអ្វីលោក ប៉ែត្រ ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក ដ៏មហិមាបែរជាសម្ងំសោយសុខប្រមូលលុយពី បទល្មើសព្រៃឈើ និងការកាប់ព្រៃទន្រ្ទានយកដីរដ្ឋ យ៉ាងអនាធិបតេយ្យទៅវិញ វាមិនខុសនឹងសុភាសិតខ្មែរពោលថា « ទឹកនៅ ឆ្ងាយមិនអាចពន្លត់ភ្លើងទាន់មែនទេ ? »។

ដែនជម្រកសត្វព្រៃស្រែពក មានផ្ទៃដីសរុប ៣៧២,៩៧១ហិកតាស្ថិតក្នុងភូមិសាស្រ្ត ភូមិកោះម្យើល ឃុំណង ឃីលិក ស្រុកកោះញែក ខែត្រមណ្ឌលគិរី ដូចមានភ្ជាប់ជាឧបសម្ព័ន្ធ នៃអនុក្រឹត្យលេខ៨៥ អនក្រ ប.ក និង មាននិយាមកា Datum: WGS1984 ១២ចំណុចដូចខាងក្រោមៈ
1- x782607 y1472367 2- x777897 y1469920 3- x767050 y1475535 4- x756687 y1468911
5- x753439 y1473078 6- x725065 y1473362 7- x722411 y1457744 8- x716107 y1432517
9- x731331 y1401530 10- x772350 y1401679 11- x778285 y1405859 12- x770638 y1441408 ។

ដែនជម្រកសត្វព្រៃស្រែពក ជាទីជម្រករបស់សត្វដែលកំពុងទទួលរងនូវការគំរាមកំហែងជាសកល ជាច្រើនប្រ ភេទ រាប់បញ្ចូលទាំងសត្វប្រភេទរងគ្រោះជិតផុតពូជដូចជា សត្វទន្សោង ដំរីអាស៊ី ក្រពើភ្នំ ដែលមានចំនួនសេ សសល់ចុងក្រោយនៅក្នុងប្រទេសកម្ពុជា។ ចំណែក សត្វខ្លារខិន ដែលជាចំនួននៅសេសសល់ចុងក្រោយដែរ សម្រាប់ តំបន់ឥណ្ឌូចិន និងពពួកសត្វស្លាបដូចជា ត្រយ៉ង ត្មាត និង ក្ងោកបៃតង ព្រមទាំងសត្វព្រៃសំខាន់ផ្សេង ៗទៀតរាប់បញ្ចូលទាំង រមាំង ខ្ទីង ឈ្លូស ប្រើស និងពពួកពាន ផងដែរកំពុងតែទទួលរងនូវការគំរាមកំហែង
បំផ្លិចបំផ្លាញជម្រកនៃការរស់នៅរបស់ពួកវា។

ដែនជម្រកសត្វព្រៃ នេះមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់នូវ ប្រភពធនធានកសិកម្ម និងផលអនុផល ព្រៃឈើ ដល់ប្រជាសហគមន៍មូលដ្ឋានចំនួនប្រមាណជាង៣០,០០០នាក់ ដែលកំពុងរស់នៅជុំវិញ និងក្បែរ តំបន់អភិរក្សនេះ។ ចុះបើសិនសកម្មភាពកាប់បំផ្លាញព្រៃឈើ និងកាប់ទន្រ្ទានព្រៃយកដីកំពុងតែកើតមាន ឡើងយ៉ាងពេញបន្ទុកបែបនេះថា តើប្រភេទសត្វកម្រទាំងនេះនឹងទៅជាយ៉ាងណា ?

យោងតាមប្រភពពីក្រុមអ្នករកស៊ីដឹកឈើបន្តិចបន្តួចបានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះថា លោក ប៉ែត្រ ភត្រា ទទួលបានលុយកញ្ចប់ប្រចាំខែជាច្រើនពីឈ្មួញឈើដុះស្លែមួយចំនួនដូចជា យាយរឿន យា យខុម យាយភាព និងឈ្មោះកៃដ ជាបុរសជនជាតិខ្មែរអ៊ិស្លាមជាដើម។ល។ ការទទួលលុយពីឧក្រិដ្ឋកម្មព្រៃ ឈើបែបនេះចាប់ពី រាប់ពាន់ដុល្លារឡើងទៅម៉ឺនដុល្លារថែមទៀតផងក្នុងមួយខែៗគឺទៅតាមទំហំបទល្មើសដែល ពួកគេបានធ្វើ។ នេះមិនទាន់រាប់បញ្ចូលឈ្មួញតូចតាច កំពឹស ក្រឹម ដែលចូលរួមបំផ្លាញធនធានធម្មជាតិផង នោះទេ។

ប្រភពដដែលបានឱ្យអង្គភាពយើងដឹងទៀតថា លោក ប៉ែត្រ ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក សម្បូរ ណ៍ខ្លាញ់កំពុងត្រូវខ្យល់ត្រជាក់បបោសអង្អែលយ៉ាងស្កប់ស្កល់នឹង «លេខកូដវីង» បាំងមុខបំភ្លេចតួនាទីដែល ក្រសួងបរិស្ថាន បានផ្តល់ឱ្យក្នុងឋានៈជាអ្នកការពារធនធានធម្មជាតិធ្វើមើលមិនឃើញអំពីសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើ ដោយខុសច្បាប់ និងការកាប់ទន្រ្ទានព្រៃយកដី។ល។ នេះវាផ្ទុយទាំងស្រុងទៅនឹងអនុក្រឹត្យ លេខ៨៥ អនក្រ ប.ក ចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃកម្ពុជា នៅត្រង់ចំណុចមាត្រា២ មានសេចក្តីថាៈ
– ធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃ សត្វ រុក្ខជាតិ ជីវចម្រុះ។
– ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។
– លើកកម្ពស់ការចូលរួមរបស់ សហគមន៍មូលដ្ឋាន ក៍ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

ដោយឡែកបើយើងក្រឡេកទៅមើលដីព្រៃក្នុង ដែនជម្រកសត្វព្រៃស្រែពក ឯណេះវិញមានទំហំដីលើសពី ៥០០០ហិកតា ត្រូវបានគេលួចកាប់ទន្រ្ទាន និងឈូសឆាយដីព្រៃយ៉ាងសម្បើមមិនដែលឃើញ មានសកម្ម ភាពចុះបង្ក្រាបពីលោក ប៉ែត្រ ភត្រា មេដែនជម្រកសត្វព្រៃ នោះទេ។ កន្លងមកលោកធ្លាប់តែត្អូញត្អែរប្រាប់ គេឯងជាលេសបំភាន់ភ្នែកមហាជនថា មូលហេតុដែលបង្ក្រាបមិនបាននោះមកពីកម្លាំងក្រោមបង្គាប់របស់ លោកតិចពេក។

ប្រភពដែលបានដឹងរឿងនេះច្បាស់បានលាតត្រដាងពីពុតត្បុតរបស់លោក ប៉ែត្រ ភត្រា ថា បើថ្នាក់លើមិនមាន វិធានការតាមផ្លូវច្បាប់ឱ្យបានទាន់ពេលវេលា និងមិនមានអន្តរាគមន៍ពី ក្រសួងបរិស្ថាន នោះទេរឿងគ្រប់យ៉ាង នឹងត្រូវហួសពេលជាក់ជាពុំខានឡើយ…។

យោងតាមប្រភពឯកសារដែល ក្រុមការងារយើងបានទទួល បានឱ្យដឹងថា ចំណុចផែនទី លេខ N 13.18. 30,5 E 107.13.40,8 មានផ្ទៃដីប្រមាណជិត៣០០ហិកតា និងចំណុច N 13.17.56 E 107.14.04,8 មានផ្ទៃដីប្រមាណជិត៥០០ហិកតា ជាតំបន់ទើបមានការកាប់បំផ្លាញព្រៃថ្មីៗក្នុងនោះគេកាត់ដើមឈើដោ យម៉ាស៊ីនត្រង់ស៊ីន័រដើម្បីផ្តួល និងប្រើប្រាស់គ្រឿងចក្រសម្រាប់ឈូសឆាយវាតទីយកដីធ្វើជាកម្មសិទ្ធិ។

លោក ថង សាវ៉ុន អភិបាល ខែត្រមណ្ឌលគិរី ទើបចូលកាន់តំណែងថ្មីនេះមិនសប្បាយចិត្តនឹង សំនួរអ្នកកា សែតឡើយ។ លោកបានចោទជាសំនួរដាក់អ្នកកាសែតវិញដោយមិនឱ្យតសម្ដីបានថា ធ្វើការកាសែតម្ដេច សួរតែរហូតអីចឹង…មិនព្រមចុះយកព័ត៌មាន ? ខ្ញុំកំពុងតែឆ្ងល់គិតសួរតែថ្នាក់ដឹកនាំរហូត… ? បើយកព័ត៌មាន បានហើយត្រូវទៅសួរនាំអ្នកជំនាញ ឬអ្នកនាំពាក្យសាលាខែត្រ តាមការណែនាំរបស់ រាជធានី ខែត្រ។

អភិបាលខែត្រដែលឡើងបុណ្យសក្ដិដោយសារកេរឪពុកនោះចោទសួរទៅអ្នកយកព័ត៌មានយើងទៀតថា បាន ឆ្លងសាលាដែរឬទេ ? ការសួរនាំតាមទូរស័ព្ទលោកមិនទុកចិត្តជាអ្នកកាសែតនោះទេ ដូច្នេះសូមមកជួបលោក ផ្ទាល់នៅសាលាខែត្រ។

ការមិនស្ដាប់ហេតុផល និងមិនទទួលយកធាតុផ្សំចូលធ្វើឱ្យលោកអភិបាលខែត្រខាតប្រយោជន៍ជាតិធំ។ពីព្រោះ ជនល្មើសបំផ្លាញជាតិកាន់តែបានដៃឡើងចាង។ អភិបាលខែត្ររូបនេះ ប្រហែលជាភ្លេចសម្ដីលោករដ្ឋមន្ត្រី ក្រ សួងព័ត៌មាន ហើយថា កុំចាត់ទុកអ្នកកាសែតជាខ្មាំងសត្រូវគឺគួរតែសហការគ្នាធ្វើការវាប្រសើរជាង។

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន ខែត្រមណ្ឌលគិរី បដិសេធការ កាប់បំផ្លាញព្រៃឈើខាងលើមិនមានទំហំធំធេងពេកទេ។ ចំណែកជនល្មើសដាក់លុយតាមវីងឱ្យលោក ប៉ែត្រ ភត្រា នាយដែនជម្រកសត្វព្រៃស្រែពក លោកចាត់ទុកថា ជារឿងផ្ទាល់ខ្លួន។ ព្រោះរឿងនេះមិនត្រឹមតែលោក ដឹងនោះទេសូម្បីតែលោករដ្ឋមន្ត្រីក៍បានដឹងដែរ។ បើសិនជាមានការកាប់បំផ្លាញព្រៃឈើក្នុង ដែនជម្រកសត្វព្រៃ
មែនលោកនឹងចាត់វិធានការភ្លាមៗមិនថា តិចឬច្រើននោះទេ។ លោកក៍ធ្លាប់បានកោះហៅ នាយដែនជម្រកសត្វ ព្រៃស្រែពក មកសួរនាំម្ដងរួចហើយក៍បានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកផងដែរ។

ចំណែកលោក ប៉ែត្រ ភត្រា នាយដែនជម្រកសត្វព្រៃស្រែពក បានលើកឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ នេះថា ករណីផ្ញើលុយវីងគឺជារឿងស៊ីបាយបោកឆ្នាំង នេះជាចម្លើយខ្លីរបស់លោក។ លោកទទួល ស្គាល់ថា បទល្មើសមាននៅទីនេះ ក៍ប៉ុន្តែនៅស្រុកអាម៉េរិកក៍មានដែរ។ ផ្ទៃដីជិត៤០ម៉ឺនហិកតានោះខាងក្រុម របស់លោកមានគ្នា២២នាក់ដូច្នេះវាមានទំហំធំធេងគឺធ្វើការទាំងយប់ថ្ងៃគ្មានពេលឈប់សម្រាកបុណ្យទានឡើយគឺត្រូវដាក់វេណគ្នាធ្វើការ។

ការធ្លាយចេញលុយវីងដាក់ខែលោកចាត់ទុកថា ជាឧបករណ៍ធ្វើតាមគេបញ្ជា ឬការចង្អុលបង្ហាញរបស់គេ។ កន្លងមកលោកធ្លាប់បានសំណូមពរទៅអ្នកសារព័ត៌មានមួយចំនួនថា មុនធ្វើអ្វីយកគុណធម៌មកវិភាគសិនទើប ទទួលបានឧត្តមភាពត្រឡប់មកវិញ។ ទាក់ទងរឿងខាងលើលោកចាត់ទុកថា ជារឿងទំនាស់បុគ្គលសុទ្ធសាត ហើយក្រុមមួយទៀតរវាងបុគ្គលតែប៉ុណ្ណឹង៕