ទំនាស់ដីធ្លីនៅ«តាដួងតាអាំ»ស្រុកព្រៃនប់ខែត្រព្រះសីហនុ មិនមែនជារឿងរ៉ាវជំលោះរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុននោះទេ

0
178

ដោយ បាយ៉ង់ថាមស៍

ខែត្រព្រះសីហនុ៖ តំណាងប្រជាពលរដ្ឋ នៅតំបន់«តាដួងតាអាំ» ក្នុងស្រុកព្រៃនប់ ខែត្រព្រះសីហនុ ជាង៨០០គ្រួសារបានអោយដឹងថា ជំលោះដីធ្លីរហូតឈានដល់ការដុតកង់ឡាន និង បិទកំណាត់ផ្លូវជាតិលេខ៤ ជិតផ្សារអូរចំណារ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ២០២៣ កន្លងទៅថ្មីៗ មិនមែនជារឿងរ៉ាវជំលោះដីធ្លី រវាងក្រុមហ៊ុន អេវឺ ហ្វ័រជូន ជាមួយប្រជាពលរដ្ឋរងគ្រោះដីធ្លីជាង៨០០គ្រួសាំរនោះទេ ។

វាជាការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមកាង ដែលគប់គិតគ្នាយកឈ្មោះក្រុមហ៊ុន និង ឈ្មោះឧបនាយករដ្ឋមន្រ្តី យឹម ឆាយលី មកធ្វើជាខែលបិទបាំងទង្វើទុច្ចរិតរបស់ពួកគេ ដើម្បីជាប្រយោជន៍បុគ្គលប៉ុន្មានរូបប៉ុណ្ណោះ ។

ក្រុមហ៊ុន អេវឺហ្វ័រជូន(Everfortune Real Estate Co..,Ltd) ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលនៅឆ្នាំ២០១១ លើផ្ទៃដីទំហំ ២,៤៤០ហិកតា និង ៣,៧០១ ម៉ែត្រការ៉េ ស្ថិតនៅក្នុងឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ និង ឃុំទួលទទឹង ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ដែលផ្ទៃដីនេះមិនជាប់ពាក់ព័ន្ធជាមួយដីប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផលនោះទេ ។ នេះបើយោងតាមអនុក្រឹត្យធ្វីអនុបយោគរបស់រាជរដ្ឋាភិបាលលេខ៣០ អនក្រ បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ និង គំនូសផែនទីបង្ហាញទីតាំង ព្រមទាំងឯកសារលក់ទិញរបស់ឈ្មោះ សុខ ចាន់ណារិទ្ធ ។

កូនៗអតីតឧបនាយករដ្ឋមន្ត្រី សុខ អាន គឺលោក សុខ សប្បាយណា និង លោក សុខ សុកាន ដែលជាប្រធានក្រុមហ៊ុន Everfortune Real Estate co..,Ltd មានប្រសាសន៍ប្រាប់ទៅអ្នកបម្រើការអោយក្រុមហ៊ុនរបស់ខ្លួនថា «សូមកុំប៉ះពាល់ប្រជាពលរដ្ឋរបស់សម្ដេច ដែលកំពុងរស់នៅអាស្រ័យផល ក្នុងតំបន់ តាដួងតាអាំ សូមអនុវត្តតាមអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន គឺរូបមន្តស្បែកខ្លា ប្រជាពលរដ្ឋរស់នៅត្រង់ សូមឆ្វៀលអោយពួកគាត់ត្រង់នោះ» ។ ប៉ុន្តែក្រុមកាងដែលមានអង្គការចាត់តាំង ធ្វើផ្ទុយពីប្រសាសន៍ប្រធានក្រុមហ៊ុន ដើម្បីផលប្រយោជន៍ពួកផងខ្លួន យកឈ្មោះក្រុមហ៊ុនទៅប្រើ បណ្ដេញប្រជាពលរដ្ឋ សំឡុតគម្រាម និង ចាប់ដាក់គុកច្រវ៉ាក់ជាដើម​ ។ នេះយោងតាមការអោយដឹងពីប្រជាពលរដ្ឋ ដែលស្និទ្ធនឹងលោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ។

ប្រជាពលរដ្ឋដែលស្និទ្ទនឹងលោក ចាន់ រជ្ជតា បន្តថា ក្រុមកាងដែលតែងតែធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ គម្រាមកំហែង រុះរើផ្ទះសំបែងប្រជាពលរដ្ឋ បណ្ដេញប្រជាពលរដ្ឋ និង ចាប់ប្រជាពលរដ្ឋដាក់គុកច្រវ៉ាក់ មានបួននាក់ ទី១ លោក ចាន់ រជ្ជតា នាយករងផ្នែករដ្ឋបាលព្រៃឈើ ស្រុកព្រៃនប់ ទី២ លោក ថោង បាន ជាទាហានជើងទឹក មូលដ្ឋានរាម ទី៣ លោក អែល គឹមអា ហៅប៉ាក ជាអ្នកមើលព្រំដី និង មើលការខុសត្រូវអោយក្រុមហ៊ុនឧបនាយករដ្ឋមន្រ្តី យឹម ឆាយលី និង ទី៤ លោក រស់ ណយ ។ ពួកអ្នកទាំងបួននាក់សហការគ្នាប្រើរូបភាពផ្សេងៗ ដើម្បីយកដីប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផលទៅចែកអោយក្រុមហ៊ុនរបស់ឧបនាយករដ្ឋមន្រ្តី យឹម ឆាយលី និង អោយទៅក្រុមហ៊ុន អេវឺហ្វ័រជូន ។

 

លោក ចាន់ រជ្ជតា នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកព្រះសីស្រុកព្រៃនប់ ដែលរងការចោទពីប្រជាពលរដ្ឋថាយកដីប្រជាពលរដ្ឋទៅលក់អោយអ្នកឯទៀតផ្សេងៗ បានឆ្លើយបដិសេធតាមប្រព័ន្ធតេឡេក្រាមថា ការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ គឺមិនពិតនោះទេ។ លោកថាលោកមិនដែលទៅជាន់ទីនោះទេ និង មិនពាក់ព័ន្ធរឿងដីធ្លីនៅតំបន់នោះឡើយ ។ លោកគ្រាន់តែធ្លាប់បម្រើការជូនឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះ គឺមិនមានផលប្រយោជន៍អ្វីទេ ។

 

តែលោក ចាន់ រជ្ជតា ទទួលស្គាល់ថា ដីដែលប្រជាពលរដ្ឋកំពុងរស់នៅអាស្រ័យផល«ជាដីលោក សុខ ចាន់ណារិទ្ធ មែន តែជាន់លើដីក្រុមហ៊ុន អេវឺហ្វ័រជូន អីចឹងដីហ្នឹង យើងអត់បានពាក់ព័ន្ធនឹងគេទេ ហើយគេហៅខ្ញុំបំភ្លឺអស់ហើយ គឺខ្ញុំអត់ពាក់ព័ន្ធអ្វីទាំងអស់ អីចឹងប្រជាពលរដ្ឋ ពួកគាត់លក់ទិញ ជារឿងរបស់ពួកគាត់ យល់ទេ ?»

ផ្ទុយពីការដោះសាររបស់លោក ចាន់ រជ្ជតា ថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងដីនៅទីនោះ ប្រជាពលរដ្ឋដែលស្និទ្ធនឹងលោក ចាន់ រជ្ជតា បានឲ្យអ្នកសារព័ត៌មានដឹងថា ការពិតលោក ចាន់ រជ្ជតា ទទួលបានដី ៥ហិកតា ពីលោក សុខ ចាន់ណារិទ្ធ និង លោក អែល គឹមអាន ហៅប៉ាក ទទួលបានដីមួយចំនួន យកទៅចែកអោយកម្លាំងប៉េអឹម និង លោក សម ចរិយា ហៅចាក ក៏ទទួលបាន៥ហិកតា ពីលោក សុខ ចាន់ណារិទ្ធ ដែរ។

ប្រភពសង្កត់ធ្ងន់ថា បន្ទាប់ពីលោក ចាន់ រជ្ជតា ទទួលដីបាន ៥ហិកតា ពីលោក សុខ ចាន់ណារិទ្ធ ហើយ លោក រជ្ជតា បានយកនោះទៅលក់ឱ្យប្រធានក្រុមហ៊ុនស្រាក្រហមក្បាល ៤០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ក្នុងតម្លៃ ៩.៥០០(ប្រាំបួនពាន់ប្រាំរយ) ដុល្លារ ។ នៅសល់ពីនោះលោក រដ្ជតា បានវាស់ចែកអោយប្រជាពលរដ្ឋ ដែលធ្វើការដាំកូនឈើអោយក្រុមហ៊ុនឧបនាយករដ្ឋមន្រ្តី យឹម ឆាយលី តែមិនទទួលកំរ៉ៃ ឬប្រាក់ខែ ។ មួយផ្នែកទៀត លោក រជ្ជតា បានលក់ ក្បាល២០ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ អោយទៅពីរនាក់ប្ដីប្រពន្ធ រស់នៅអូរអារេវ សង្កាត់លេខ១ ក្រុងព្រះសីហនុ តម្លៃ៧,០០០ដុល្លារ ។

 

ប្រភពបន្តទៀតថា ពេលលក់ដី លោក ចាន់ រជ្ជតា បានប្រើល្បិចបង្ខំឲ្យម្នាក់ ឈ្មោះយ៉ុង ផ្តិតមេដៃទទួលលុយជំនួសរូបគាត់ ។ ទីបំផុត អ្នកដែលទិញដីពីលោក រជ្ជតា និង អ្នកទទួលបានដី ពីបក្ខពួកក្រុមកាងទាំងនោះ ត្រូវគេកាត់ផ្ទះចោល ដកយកដីវិញទាំងអស់ ។ ហើយអ្នកដែលប្រឈមនឹងការគេប្ដឹងទាមទារយកលុយវិញ គឺម្នាក់ឈ្មោះ យ៉ុង ។

កាលពីព្រឹកថ្ងៃទី៨ កុម្ភៈ ២០២៣ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខែត្រព្រះសីហនុ មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមយ៉ាងខ្លីថា «ខ្ញុំសូមជម្រាបជូនខ្លីថា មន្រ្តីក្រោមឱវាទខ្ញុំ ខ្ញុំមិនបានផ្ដល់សិទ្ធិអោយមន្ត្រីណាម្នាក់ដើរទៅធ្វើអីចឹងទេ ។ ហើយដីនៅភូមិសាស្រ្តតំបន់ហ្នឹង យើងមិនអាចស្ដាប់តែមួយខាងៗបានទេ» ។

 

ទាក់ទិននឹងបញ្ហាដ៏ចម្រូងចម្រាសខាងលើ កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់ តាដួងតាអាំ ជាច្រើនគ្រួសារខាងលើ បាននាំគ្នាមកតវ៉ានៅសាលាខេត្តព្រះសីហនុ ដើម្បីស្នើមានដំណោះស្រាយជូនពួកគាត់ ។ ពេលនោះ នាយកទីចាត់ការអន្តរវិស័យ លោក ប៊ូ វឌ្ឍនា បានចេញមស្នើសុំឯកសារគតិយុត្តិ ពីប្រជាពលរដ្ឋ ដើម្បីផ្ទៀងផ្ទាត់ និងស្វែងរកដំណោះស្រាយ ។

និងនៅល្ងាចថ្ងៃខែឆ្នាំដដែល លោក ប៊ូ វឌ្ឍនា មិនអាចសុំការបញ្ជាក់បន្ថែមបានទេ តាមប្រព័ន្ធទូរស័ព្ទ ។ លោកអោយទៅសួរអ្នកនាំពាក្យសាលាខែត្រព្រះសីហនុ ។ ហើយអ្នកនាំពាក្យសាលាខែត្រព្រះសីហនុ លោក ឃាង ភារម្យ មិនឆ្លើយតបអ្វីទាំងអស់ តាមប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី៦ កុម្ភៈ ២០២៣ ។

ចំណែកឯលោក ណៃ វណ្ណៈ តំណាងក្រុមហ៊ុន អេវឺហ្វ័រជូន ក៏ពុំអាចសុំសេចក្ដីអធិប្បាយបញ្ជាក់ជុំវិញបញ្ហាខាងលើបានផងដែរ តាមប្រព័ន្ធទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៣ ។

គួររំឭកថា ចាប់តាំងពីមានទំនាស់ដីធ្លីនៅតំបន់ តាដួងតាអាំ ខាងលើ ប្រជាពលរដ្ឋរងគ្រោះដីធ្លី ត្រូវបានគេចាប់ខ្លួនចំនួន៥នាក់ និង ត្រូវបានដោះលែងតែស្រ្តីម្នាក់ប៉ុណ្ណោះ ។ អ្នកដែលត្រូវបានគេចាប់ខ្លួនទាំងនោះមាន ១ លោក សុខ ចាន់ណារិទ្ធ ម្ចាស់ដីដើមទំហំ៣០៥ហិកតា ២ លោក ភិន សុផល តំណាងប្រជាពលរដ្ឋ ៣ លោក មាស វុទ្ធី ហៅបារាំង ជាប្រជាពលរដ្ឋ មើលការអោយក្រុមហ៊ុន អេវឺហ្វ័រជូន ៤ តាហៃ ប្រជាពលរដ្ឋ រស់នៅរកស៊ីលក់ដូរ នៅតំបន់នោះ និង ៥ ស្រ្តីឈ្មោះ ច្រឹប មកពីភ្នំពេញ ត្រូវបានគេដោះលែងវិញ បន្ទាប់ពីការបិទកំណាត់ផ្លូវជាតិលេខ៤ កាលពីថ្ងៃទី០១ កុម្ភៈ ២០២៣ កន្លងទៅ ៕