តើអ្នកមានទ្រព្យាប៉ុន្មាននាក់ដែលមានចិត្តសប្បុរសផុសចេញពីបេះដូងដូច្នេះនៅស្រុកខ្មែរ ?

0
600

ដោយៈ បាយ៉ង់ថែមស៍

ភ្នំពេញៈ លោកបណ្ឌិត ភីតថឺ លី មានប្រសាសន៍ថា ការធ្វើបុណ្យដាក់ទានដោយសុទ្ធចិត្តចេញពីបេះដូង នាំឱ្យយើងសប្បាយចិត្ត និងទទួលបាន ផលបុណ្យទាំងក្នុងពេលបច្ចុប្បន្ន និង បរលោក ។

សប្បុរសជនប្រកបដោយចិត្តបរិសុទ្ធនៃចេតនា និងក្ដីមេត្តាធម៌ លោកបណ្ឌិត ភីតថឺ លី តែងតែជួយឧបត្ថម្ភជា សម្ភារ ថវិកា ដល់អ្នកក្រីក្រ និងចូលរួមសកម្មភាពអភិវឌ្ឍសង្គមជាតិ ក៍ដូចជា ការកៀងគរអ្នកវិនិយោគនានា មកជួយអភិវឌ្ឍប្រទេសជាតិជាច្រើនវិស័យ និងចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក ដើម្បីជួយកសាង វត្តអារាម សាលារៀន ជាដើម។ កាលពីពេលថ្មីៗកន្លងទៅនេះលោកបាន ជីកស្រះ ជាមួយនឹងការចូលរួមថវិកាកសាង ព្រះវិហារ និងឧបត្ថម្ភសាលាមត្តេយ្យ មួយខ្នងមានប្រាំមួយបន្ទប់នៅ ខែត្រព្រៃវែង។

លោកបណ្ឌិតចិត្តបុណ្យដោយចេតនាបានឧបត្ថម្ភ ថវិកាសាងសង់សំយ៉ាបមួយល្វែង ដើម្បីការពារកម្ដៅថ្ងៃ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អាណាព្យាបាលអង្គុយរង់ចាំនៅក្នុង វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ និងមានគម្រោងផ្ដល់អគារសិក្សានៅបណ្ដាខែត្រមួយចំនួនទៀត ដែលដាច់ស្រយាល ហើយ អត្តខាត់ជាទីបំផុតនោះ។ នាពេលកន្លងទៅថ្មីនេះលោកបណ្ឌិតបាន ទិញម៉ូតូពីរគ្រឿងជូន អ្នកទីទ័លក្រ ដោយមួយគ្រឿងផ្ដល់ជូនលោកគ្រូទីទ័លម្នាក់ដែលបានស្ម័គ្របង្រៀនក្មេងៗនៅក្នុង សហគមន៍ក្រក្រី ជួបការលំបាកមួយនៃ ខែត្របន្ទាយជ័យ ជាយដែនខ្មែរ.ថៃ។

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដោយលោកបណ្ឌិតមើលឃើញទិដ្ឋភាពអត្តខាត់លំបាក និងមានការស្នើ សុំពីលោក សំ វណ្ណគិន ជាគ្រូបង្ហាត់ ក្បាច់គុនបុរាណខែ្មរ ល្បុក្កតោនិងគុនដំបង ស្ថិតនៅ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខែត្រកំពង់ឆ្នាំង លោកបណ្ឌិត ភីតថឺ លី បានយល់ព្រមតាមការស្នើសុំរបស់ លោកគ្រូបង្វឹកដោយលោកបណ្ឌិតនឹងឧបត្ថម្ភជាថវិកាដើម្បីសាងសង់អគារមួយខ្នងទទឹង៧មែត្រ បណ្ដោយ ១៥ម៉ែត្រសម្រាប់ក្មេងៗមកទទួលយកវិជ្ជាក្បាច់គុនបុរាណខ្មែរដ៏ថ្លៃថ្លាដែលដូនតាយើងបានបន្សល់ទុកនៅ។

ដោយចិត្តសោមនស្សរីករាយ ក្នុងការអភិរក្សក្បាច់គុនបុរាណខ្មែរ លោក បណ្ឌិត ភីតថឺ លី មានប្រសាសន៍ថា បើយើងមិននាំគ្នាថែរក្សា អភិរក្សក្បាច់គុនបុរាណខ្មែរហ្នឹងទេវានឹងអាចរលាយបាត់បង់អស់។ ដូច្នេះយើងត្រូវតែនាំគ្នា អភិរក្ស ចងក្រងជាឯកសារ ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗតទៅទៀត។

 

លោកគ្រូបង្វឹក សំ វណ្ណគិន អាយុ៧២ឆ្នាំ ដែលមាន វិជ្ជាក្បាច់គុនបុរាណខ្មែរ ត្អូញត្អែរថា មានគេមក សន្យាជួយ ក្នុងទ្រង់ទ្រាយធំច្រើននាក់ណាស់តែលោកមិនបានទទួលអ្វីជាដុំកំភួនឡើយ។ ប៉ុន្តែថ្ងៃនេះលោកគ្រូរំភើបចិត្ត គ្មានអ្វីក្រៅពីម្រាមដៃដប់ថ្លែងអំណរគុណទាំងទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងនោះទេដែលបានលោកបណ្ឌិត ភីតថឺ លី ចុះមកពិនិត្យស្ថានភាពជាក់ស្ដែងដល់ក្លិបរបស់លោកគ្រូ ហើយសន្យាផ្ដល់ថវិកាសម្រាប់រៀបចំ កន្លែងបង្ហាត់ក្មេងៗ។

លោកគ្រូបង្វឹកបន្តទៀតថា លោកក៍សូមថ្លែងអំណរគុណ ដល់សប្បុរសជននានា ដែលបានជួយឧបត្ថម្ភកាលពី ពេលកន្លងទៅមានសប្បុរសជនជួយជារោង បាវសាក់ និង សម្ភារផ្សេងៗទៀត។

គួររំលឹកថា លោកបណ្ឌិត ភីតថឺ លី ដែលមានកាយវិការ និងចរិតសាមញ្ញទន់ភ្លន់មិនរើសអើងពោរពេញដោយ គុណធម៌នៃចេតនា និងមេត្តាធម៌នោះមានគម្រោងនឹងឧបត្ថម្ភអគារពីរខ្នងទៀតដល់សាលាដែលអត្តខាត់ មួយខ្នងនៅក្នុង ខេត្តកំពត ជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងនៅក្នុង ខេត្តឧត្តរមានជ័យ មួយខ្នងទៀតផង។ ក្នុងមួយខ្នងៗមានប្រាំបន្ទប់បូកនឹងទីចាត់ការ ដែលទាំងពីរខ្នងនេះនឹងត្រូវចំណាយថវិកាប្រមាណជាង២០ម៉ឺន ដុល្លារអាម៉េរិក។ ការចំណាយក្នុងន័យមនុស្សធម៌នេះ ក៍មានការចូលរួមចំណែកពីសំណាក់មិត្តភក្ដិរបស់លោក បណ្ដិតផងដែរ ។ នេះបើយោងតាមការឱ្យដឹងពីលោកបណ្ឌិត ភីតថឺ លី៕