តើសមត្ថកិច្ចនិងតុលាការខែត្រព្រះសីហនុហ៊ានចាត់ការលើជនទំនើងបើករថយន្ត៥៧០បុកយុវតីស្លាប់ម្នាក់ដែរឬទេ?

0
539

ដោយ បាយ៉ង់ថែមស៍  ​

ព្រះសីហនុៈ អ្នកមានទ្រព្យស្តុកដែលសាធារណជនចាត់ទុកថា ជាជនទំនើងបើករថយន្តក្នុងស្ថានភាពស្រវឹង ជោគជាំទៅបុកយុវតីទាំងកម្រោលបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នៅត្រង់ផ្លូវកីស៊ូ ប្របឆ្នេរសមុទ្ររាមស្ថិតក្នុង ឃុំរាម ស្រុកព្រៃនប់ ខែត្រព្រះសីហនុ។

     

លោក គុយ សំហួរ ជាអតីតបុគ្គលិកបម្រើការងារនៅធនាគារ (RHB) ប្រចាំសាខា ខេត្តព្រះសីហនុ បើកបររថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រ៥៧០ពណ៌សមានលំនៅដ្ឋានរស់នៅក្នុង ក្រុងព្រះសីហនុ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរភ្លាមៗខាងលើនេះត្រូវបានមិត្តភក្តិគូកនមកជម្លៀសចេញពីកន្លែង     កើតហេតុរួចគេចខ្លួនបាត់មិនទាន់ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួននោះឡើយ គិតត្រឹមថ្ងៃរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

ប្រភពព័ត៌មានបានអះអាងថា ជនបង្កគ្រោះថ្នាក់ចរាចរឈ្មោះ គុយ សំហួរ កំពុងត្រូវបានមន្ត្រីមានអំណាច ឬបុណ្យស័ក្តិធំៗមានងារជា ឯកឧត្តម និងក្រុមអ្នកមានទ្រព្យសម្បត្តិ មានងារជាឧកញ៉ាមួយចំនួនដែលត្រូវជា គូកនឬត្រូវជាបក្ខពួករស់នៅ ខេត្តព្រះសីហនុ បានជួយជ្រោមជ្រែងរត់ការកែសំណុំរឿងបទល្មើសនៃ គ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសធ្ងន់នេះអាចរួចផុតពីសំណាញ់ច្បាប់ចៀស ផុតពីការផ្តន្ទាទោសជាប់គុកច្រវាក់។

សាធារណជនកំពុងទទឹងរង់ចាំមើល ចំណាត់ការឬការបន្តនីតិវិធីច្បាប់ នៃសាលាដំបូង ខេត្តព្រះសីហនុ  នឹងអនុវត្តនីតិវិធី នៃគ្រោះថ្នាក់ចរាចរ បង្កដោយជនស្រវឹងជោគជាំរួចបើករថយន្តទំនើប៥៧០បុកយុវតី ពីរនាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ អាចត្រូវប្រព័ន្ធតុលាការផ្តន្ទាទោសត្រឹមកម្រិតណាដែរ..?  ព្រោះថា ពេលនេះជនទំនើងបង្កគ្រោះថ្នាក់ចរាចររូបនោះកំពុងតែត្រូវបានអ្នកមានអំណាចមានបុណ្យស័ក្តិ    ធំៗនិងក្រុមឧកញ៉ាមានទ្យព្យដ៏សម្បើមនោះបានជួយរត់ការដើម្បីឲ្យចៀសផុតពីសំណាញ់ច្បាប់។

លើសពីនេះពលរដ្ឋ ខែត្រព្រះសីហនុ សូមសំណូមពរដល់សម្តេច ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ    ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា សូមមេត្តាជួយតាមដានសំណុំរឿងគ្រោះថ្នាក់ ចរាចរបង្កឡើងដោយជនទំនើងឈ្មោះ គុយ សំហួរ បើកបុកយុវតីសិស្សសាលាចំនួន២នាក់ដើម្បីឈាន ទៅដល់ការនាំខ្លួនជនទំនើងយកមកផ្តន្ទាទោសតាមច្បាប់។

ត្បិតពេលនេះមានប្រភពព័ត៌មានមកថា ជនទំនើងបង្កគ្រោះថ្នាក់ចរាចរខាងលើនេះកំពុងត្រូវ បានមន្ត្រីមានអំណាចមានងារជា ឯកឧត្តម និងក្រុមឧកញ៉ាជាគូកនរត់ការឬស្វែងរកគន្លឹះជួយឲ្យ   ជនបង្ករូបនេះអាចគេចផុតពីការផ្តន្ទាទោសនៅប្រព័ន្ធតុលាការជាថ្នូរចេញថ្លៃសំណងជូនក្រុមគ្រួសារ យុវតីរងគ្រោះទាំងពីរដើម្បីបញ្ចប់រឿងចៀសផុតពីការជាប់គុកច្រវាក់៕