បើសិនជាតុលាការរកឃើញទោសកំហុសលោក នី ណាក់ ម្ចាស់ផេក IMan-KH នឹងត្រូវជាប់គុកពី១ឆ្នាំទៅ៣ឆ្នាំ

0
415

ដោយៈ បាយ៉ង់ថែមស៍
ភ្នំពេញៈ លោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនលោក នី ណាក់ ដែលប្រើហ្វេសប៊ុកផេក IMan-KH ដែលតែងតែរិះគន់ ឥតសំចៃមាត់ទៅលើមនុស្សនានា ដាក់ពន្ធ នាគារព្រៃសបណ្តោះអាសន្នតាមអំណាចដីកាបង្គាប់ឱ្យឃុំខ្លួន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

លោក នី ណាក់ ត្រូវតុលាការចោទប្រកាន់ចំនួនពីរបទល្មើសផ្សេងគ្នាគឺ «ជេរប្រមាថជាសាធារណៈ និងញុះ ញង់ឱ្យមានការរើសអើង» តាមមាត្រា៣០៧ មាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តទៅកាល ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ បើសិនជាតុលាការរកឃើញថា មានទោសកំហុសគាត់នឹងត្រូវ ជាប់គុកពី១ឆ្នាំទៅ៣ឆ្នាំ។

លោក នី ណាក់ តែងតែនិយាយដៀមដាមទៅលើបុគ្គលនានា និងស្ថាប័នរដ្ឋ ហើយចុងក្រោយគឺឌឺដងទៅនឹង ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការប្រៀបធៀបពាក់ម៉ាស់ឱ្យសត្វមាន់ កើតមានជំងឺផ្ដាសាយរលាកផ្លូវដង្ហើម។ លោកជាអ្នកសេដ្ឋកិច្ចបែបខ្នាតតូចប្រកបរបរលក់ ទឹកឃ្មុំ សាច់ក្រក ជ្រូក និងថ្នាំសម្រាប់កសិកម្ម មកពីថៃនៅតាមអនឡាយផេក IMan-KH ។

លោក នី ណាក់ អាយុ៤១ឆ្នាំមានទីកន្លែងកំណើតនៅ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯទីកន្លែងស្នាក់ នៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ ផ្លូវ៨BT ក្រុមទី២ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ និងមានកូនអនីតិជនពីរនាក់។ លោកធ្លាប់និយាយថា ចង់ចិញ្ចឹមឪម៉ាល់ ទុកទិចមន្ត្រីអសកម្មនៅក្នុង ក្រសួង កសិកម្មនិងរិះគន់រឿងពលរដ្ឋជំពាក់លុយធនាគារបញ្ហា កូវីដ១៩ កន្លងមកហើយក៍បានសុំទោសជាសាធារណៈ វិញម្តងរួចទៅហើយដែរ។

នៅក្នុងផេករបស់លោក នី ណាក់ មានអ្នកគាំទ្រចំនួន២៨៤.៨៩១នាក់ បានសរសេរដៀមដាមទៅលើ រាជរដ្ឋា ភិបាល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នោះថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុមានមេរោគផ្តាសាយរលាកផ្លូវដង្ហើមកំពុង តែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឱ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាង ធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នា ហើយដេកនៅក្នុងទ្រុងកុំចេញក្រៅឱ្យសោះបើគ្មាន ការចាំបាច់»។

ទាក់ទងករណីការចាប់ខ្លួនម្ចាស់ផេកហ្វេសប៊ុននេះលោក អំ សំអាត អនុប្រធានអង្គការលីកាដូ បានលើកឡើង នៅរសៀលថ្ងៃទី១២ ខែធ្នូ នេះថា ប្រទេសកម្ពុជាយើងកាន់លទ្ធិប្រជាធិបតេយ្យ ហើយក្នុង រដ្ឋធម្មនុញ្ញ មានចែង អំពីពលរដ្ឋមានសិទ្ធិបញ្ចេញមតិតាមការយល់ឃើញរបស់ពួកគាត់។ ចំពោះការចាប់ខ្លួនលោក នី ណាក់ លោក យល់ឃើញថា ការបញ្ចេញមតិនេះត្រូវបានរឹតត្បិតដែលរំលោភបំពានសិទ្ធិសេរីភាព។ សមត្ថកិច្ចមុននឹងចាប់ខ្លួន ជនណាមួយត្រូវពិនិត្យធាតុផ្សំឱ្យបានច្បាស់លាស់ ឬបានល្អិតល្អន់ជាមុនសិនដើម្បីកុំឱ្យប៉ះពាល់ នៃការបញ្ចេញ មតិរបស់គាត់។

គួរបញ្ជាក់ថា មានមនុស្សជាច្រើនតែងតែមិនសប្បាយចិត្តនឹងការនិយាយរិះគន់របស់លោក នី ណាក់ ថាជា មនុស្សអសីលធម៌ប៉ុន្តែទោះជាយ៉ាងណាក្នុងផេករបស់គាត់ក៍មានការបង្ហាត់បង្រៀនកសិករខ្មែរជាច្រើននាក់ឱ្យចេះ ធ្វើរបរកសិកម្មតាមបែបវិទ្យាសាស្ត្រពិតប្រាកដផងដែរ។ បើសិនជាតុលាការរកឃើញថាមានទោសកំហុស តាមមាត្រាខាងលើមែននោះ គាត់នឹងត្រូវជាប់ពន្ធនាគារពី មួយឆ្នាំ ទៅបីឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពីពីរលាន រៀលទៅប្រាំមួយលានរៀល៕