ដាក់ឱ្យចូលនិវត្តន៍នាយឧត្តមសេនីយ៍ កែវ វណ្ណថន និងនាយឧត្តមសេនីយ៍ សម តារា អតីតតួសម្ដែងតារាភាពយន្ត

0
270

ភ្នំពេញៈ ព្រះរាជក្រឹត្យ ព្រះមហាក្សត្រ នៃព្រះជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានត្រាស់បង្គាប់ ដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៧រូប។ ក្នុងនោះមាន នាយឧត្តមសេនីយ៍ ពីររូប ឧត្តមសេនីយ៍ឯក ពីររូប ឧត្តមសេនីយ៍ទោ មួយរូប និងឧត្តមសេនីយ៍ត្រី ពីររូបទៀត។

នៅក្នុងនោះដែរគេសង្គេតឃើញ នាយឧត្តមសេនីយ៍ កែវ វណ្ណថន ស្វាមីតារាសម្ដែងភាពយន្ត ពេជ្រ ចន្ទបរិម៉ី និងជាអតីតប្ដីអ្នកនាង ចន្ទ តារាទី ដែលមានអត្តលេខ ០៣៦០។ ចំណែក អតីតតារាសម្ដែងភាពយន្តដើមកំណើតខ្មែរក្រោមដ៏ល្បីល្បាញគឺ នាយឧត្តមសេនីយ៍ សម តារា ដែលមានអត្តលេខ ០៣៦៧។

បុគ្គលដែលធ្លាប់មានរឿងអាស្រូវពុករលួយកន្លងមកគឺ ឧត្តមសេនីយ៍ឯក កឹម ជាតិ មានអត្តលេខ ៨៤៣៣៩ ត្រូវបានដាក់ឱ្យចូលនិវត្តន៍ដែរ។ ក្រសួងមហាផ្ទៃ ធ្លាប់ចុះធ្វើអធិការកិច្ចខណៈនោះធ្វើឱ្យលោក កឹម ជាតិ ដួលសន្លប់ចូលពេទ្យ ហើយគាត់ត្រូវបានដកចេញពីតំណែងជា ប្រធាននាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ។ រីឯមន្ត្រីមួយចំនួនទៀតត្រូវបន្ថយស័ក្ដិទាបបំផុត ហើយអ្នកខ្លះទៀតត្រូវបានលុបឈ្មោះចេញពី ក្របខណ្ឌមន្ត្រីនគរបាលជាតិ តែម្ដង៕