ដាក់ពិន័យមន្ត្រីពីររូបពី៤ទៅ៦សប្ដាហ៍និងព្រមានកីឡាករ ម៉ឺន មេឃា ជាលើកដំបូងរឿងចាប់បោកកីឡារ ឃីម បូរ៉ា នៅស៊ីអ៊ិនស៊ី

0
186

ដោយៈ បាយ៉ង់ថាមស៍
ភ្នំពេញៈ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញលិខិតបីច្បាប់ដូចៗគ្នាក្នុងពេលតែ មួយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានដាក់ពិន័យផ្អាកការងារ សមាជិកគណៈកម្មាធិការសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍ CNC រយៈពេល៦សប្ដាហ៍ ដែលមានកំហុសឆ្គង ក្នុងការផ្ដល់យោបល់លើការកាត់សេចក្ដីប្រកួតរវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា មិនត្រឹមត្រូវតាម បទបញ្ជាបច្ចេកទេស នៃការប្រកួតរបស់សហព័ន្ធ។

មិនត្រឹមតែប៉ុណ្ណោះការដាក់ទណ្ឌកម្មនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដាក់ពិន័យផ្អាកការងារទៅលើ អាជ្ញាកណ្ដាលដែលបានដឹកនាំការប្រកួតរយៈពេល៤សប្ដាហ៍ ដែលមានកំហុសឆ្គងធ្វេសប្រហែស និងយឺតយ៉ាវ និងធ្វើការព្រមានដល់កីឡាករ ម៉ឺន មេឃា ជាលើកដំបូង ដែលប្រកួតខុសបច្ចេកទេស នៃការប្រកួតយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅស្ថានីយ៍ទូរទស្សន៍ CNC ប្រកួតជាមួយកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មី ភូមិគាប ខេត្តបន្ទាយមានជ័យ។

យោងតាមប្រភពមន្ត្រីម្នាក់បម្រើការនៅក្នុង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហើបប្រាប់វេបសាយ «បាយ៉ង់ ថាមស៍» នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយយោងតាម លក្ខន្ដិកៈបទបញ្ហាផ្ទៃក្នុង និងបទបញ្ជាប្រកួត និងតាមស្មារតីនៃអង្គប្រជុំរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់ គុនខ្មែរ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចដាក់ ពិន័យផ្អាកការងារលោក មាស សុខគ្រី សមា ជិកគណៈកម្មាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍ CNC រយៈ ពេល៦សប្ដាហ៍ ដែលមានកំហុសឆ្គងក្នុងការផ្ដល់យោបល់លើការកាត់សេចក្ដីប្រកួតរវាងកីឡាករ ឃីម បូរ៉ា និង កីឡាករ ម៉ឺន មេឃា មិនត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ប្រភពបន្តទៀតថា ចំណែកសេចក្ដីសម្រេចទីពីរ បានដាក់ពិន័យផ្អាកការងារលោក រាម កុសល អាជ្ញាកណ្ដាល ដែលបានដឹកនាំការប្រកួតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅស្ថានីយ៍ទូរទស្សន៍ CNC រវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា ដែលមានកំហុសឆ្គងធ្វេសប្រហែស និងយឺតយ៉ាវ។ លោក រាម កុសល ត្រូវជាប់ ពិន័យមិនឱ្យធ្វើ អាជ្ញាកណ្ដាល និងចៅក្រម រយៈពេល៤សប្ដាហ៍ដើម្បីសិក្សា និងស្វែងយល់អំពីតួនាទី និងភារ កិច្ចរបស់ខ្លួន។

ដោយដើមហេតុកើតចេញពីកីឡាករ ម៉ឺន មេឃា ប្រភពដដែលបន្តទៀតថា ព្រមានចំពោះ កីឡាករ ម៉ឺន មេឃា នៅក្លិបអេភូថងកីឡា ដែលប្រកួតខុសបច្ចេកទេសនៃការប្រកួតយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅស្ថានីយ៍ទូរទស្សន៍ CNC។ មេឃា ប្រកួតជាមួយកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមាន ជ័យ។ សហព័ន្ធ បានធ្វើការព្រមានជាលើកទី១ ដល់កីឡាករ ម៉ឺន មេឃា រាល់ការប្រកួតត្រូវតែគោរពតាមបទ បញ្ជានៃការប្រកួត និងត្រូវមានក្រមសីលធម៌ខ្ពស់នៅពេលប្រកួត។

ទាក់ទិនករណីខាងលើនេះលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ បាយ៉ង់ថាមស៍ នៅរសៀលថ្ងៃទី១៥ ខែកក្កដា នេះថា យើងត្រូវតែអនុវត្តក្របខណ្ឌបច្ចេកទេសទាំងអស់ដោយគ្មានការយោគ យល់ឡើយគឺគ្មានការ«សុំ»ទៀតនោះទេ។ បើសិនជាលោកនៅទីនោះផ្ទាល់គឺត្រូវតែកាត់សេចក្ដីឱ្យមានការ ឈ្នះចាញ់ភ្លាមៗតែម្តង…។ ដោយខណៈនោះលោកជាប់រវល់យកសំណាក ជំងឺកូវីដ១៩ ដូច្នេះរឿងនេះអាជ្ញា កណ្ដាលយើងយឺតយ៉ាវ។

ដោយសំដែងការមិនសប្បាយចិត្តនៅក្នុងរឿងទាំងនេះលោកបញ្ជាក់ទៀតថា យើងពិតជាបានដាក់ពិន័យមន្ត្រី ពីររូបខាងលើនោះពិតប្រាកដមែន។ យើងធ្វើអ្វីៗទៅតាមច្បាប់ នៃបទបញ្ជាការប្រកួតរបស់សហព័ន្ធ។

ចំណែកលោក មាស សុខគ្រី ដែលបានធ្វើការក្នុងវិស័យកីឡាប្រដាល់យូរឆ្នាំបានឆ្លើយតបនៅរសៀលថ្ងៃទី១៥ ខែកក្កដា នេះថា លោកមិនអាចទទួលយកបាទទេ។ ពីព្រោះវាមិនមែនមានកំហុតឆ្គង់តែលោកម្នាក់ឯងគឺមាន អ្នកទទួលខុសត្រូវច្រើននាក់ទៀត។ បើសិនការ ដាក់ពិន័យជាមួយគ្នា ទើបលោកទទួលយកបាន។ នៅក្នុង រឿងនេះគ្រាន់តែសម្ដេចតេជោ ប្រតិកម្មតែបន្តិចម្នាក់ៗសុទ្ធតែ «បេះដូងកញ្ចាញ់ចេក» រត់ចូលយករួចខ្លួន​ ហើយមកដាក់កំហុសតែមនុស្សម្នាក់ពីរវាមិនសម។ លោកមានការសោកស្ដាយ ពីព្រោះពិធីដោះស្រាយវាមាន ច្រើនណាស់ហេតុអ្វីមិនធ្វើ ?

គួរបញ្ជាក់ថា ការប្រកួតរវាងកីឡាករទាំងពីរនាក់ឈានចូលដល់ទឹកទីបីគឺកីឡាករ ម៉ឺន មេឃា បានចាប់ជើង កីឡាករ ឃីម បូរ៉ា ត្រកងបោកឡើងលើសន្លប់តែម្ដង។ ខណៈនោះពិធីករ នៃទូរទស្សន៍ស៊ីអ៊ិនស៊ី ក៍បានប្រកា សថា មិនប្រកាសលទ្ធផល គឺទុកពេលពីរសប្ដាហ៍ទៀតជួបគ្នាឡើងវិញ។ ប៉ុន្តែដោយមើលឃើញពីកំហុសឆ្គង ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រតិកម្ម កាលពីយល់ថ្ងៃទី១១ ខែកក្កដា អំពីការប្រកួតខុសក្បួនគុនខ្មែរ។ លុះព្រឹកថ្ងៃទី១២ ខែកក្កដា ទូរទស្សន៍ស៊ីអ៊ិនស៊ី រួមសហការនឹង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសជាផ្លូវការឱ្យកីឡាករ ឃីម បូរ៉ា ឈ្នះជា ជើងឯកគោជល់ និងកីឡា ករ ម៉ឺន មេឃា ជើងឯករងលេខពីរ៕